website_news:2020220505

ត្រៀមកន្លែងពិនិត្យ និងព្យាបាលពលករចំណាកស្រុកខុសច្បាប់ ពេលថៃបញ្ជូនមកវិញ

https://kohsantepheapdaily.com.kh/ ថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០២០ ម៉ោង ១៤:៤៥ ប៊ុន ធឿន

ខេត្តបន្ទាយមានជ័យ ៖ អាជ្ញាធរខេត្តត្រៀមកន្លែងពិនិត្យ និងព្យាបាលពលករចំណាកស្រុកខុសច្បាប់ដែលថៃចាប់បញ្ជូនមកវិញតាមច្រករបៀង ។ នេះបើតាមការលើកឡើងរបស់លោកអភិបាលខេត្តក្នុងកិច្ចប្រជុំផ្សព្វផ្សាយទប់ស្កាត់ពលករខុសច្បាប់ ដែលបានធ្វើឡើងកាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ។

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា យោងតាមការប្រកាសរបស់ក្រសួងមហាផ្ទៃលេខ១៣៩៦ ស.ជ.ណ ស្តីពីការទប់ស្កាត់ប្រជាពលរដ្ឋខ្មែរ កុំអោយឆ្លងដែនដោយខុសច្បាប់ចូលទៅប្រទេសជិតខាង តាមច្រករបៀងនានា។ លោកអភិបាលខេត្តបានបញ្ជាក់ថា នាពេលថ្មីៗនេះ មានប្រជាពលរដ្ឋខ្មែរមួយចំនួនត្រូវបានមេខ្យល់នាំឆ្លងដែនចូលទៅប្រទេសជិតខាងដោយខុសច្បាប់ដើម្បីរកការងារធ្វើ ខណៈពេលដែលប្រទេសជិតខាងកំពុងដាក់ប្រទេសក្នុងគ្រាអាសន្ន ដើម្បីបង្ការនិងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។

លោកអភិបាលខេត្តបានបញ្ជាក់បន្តថា ដើម្បីពង្រឹងនូវការគ្រប់គ្រងការធ្វើដំណើរឆ្លងកាត់ព្រំដែនចេញចូលប្រទេសជិតខាង ក៏ដូចជាការរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សារធារណៈការពារនូវផលប្រយោជន៍របស់បងប្អូនប្រជាពលរដ្ឋខ្មែរ និងចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩នៅកម្ពុជាផងនោះ អាជ្ញាធរខេត្តនៅបន្តត្រៀមកន្លែងសម្រាប់ពិនិត្យ និងព្យាបាលបងប្អូនពលករដែលចំណាកស្រុកខុសច្បាប់ ទៅរកការងារធ្វើនៅប្រទេសថៃ ហើយត្រូវបានភាគីថៃចាប់បញ្ជូមតាមច្រករបៀងនៅតាមបណ្តាស្រុកជាប់ជាយដែន៕ (កែសម្រួលដោយ ៖ ធីតា)

website_news/2020220505.txt · Last modified: 2020/05/25 13:48 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki