website_news:2020220507

ពលករខ្មែរតម្រូវឲ្យមានលិខិតមួយនេះជាដាច់ខាត មុនត្រឡប់ទៅកូរ៉េមិនអញ្ចឹងឡើងយន្តហោះមិនបាន

https://kohsantepheapdaily.com.kh/ ថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០២០ ម៉ោង ១៤:៣០ ពៅ រក្សា

រាជធានីភ្នំពេញ៖ ក្នុងន័យគ្រប់គ្រងស្ថានភាពកូវីដ-១៩ រដ្ឋាភិបាលកូរ៉េបានដាក់ចេញនូវយន្តការរឹតបន្តឹងចំពោះពលករ-ពលការិនីកាន់ទិដ្ឋាការប្រភេទ E-9 ដែលបានធ្វើដំណើរទៅលេងស្រុកកំណើត ដោយមុននឹងធ្វើដំណើរចូលប្រទេសកូរ៉េវិញ តម្រូវឲ្យមាន «លិខិតយល់ព្រមក្នុងការស្នាក់នៅដាច់ដោយឡែក» ឬហៅថា Consent to Quarantine ដែលបញ្ជាក់ដោយការិយាល័យតំណាងអង្គភាពអភិវឌ្ឍន៍ធនធានមនុស្សកូរ៉េ (HRD-Korea) ប្រចាំនៅកម្ពុជា ។ ការរឹតបន្តឹងនេះគឺខាងភាគីកូរ៉េបានអនុវត្តចាប់ពីថ្ងៃទី ៦ ឧសភាមកម្លេះ ។ នេះបើតាមការឲ្យដឹងពីស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េ ។

ប្រភពដដែលបានឲ្យដឹងថា ដើម្បីទទួលបានលិខិតបញ្ជាក់នេះ ពលករ-ពលការិនីត្រូវ៖ ១- ទំនាក់ទំនងថៅកែ មិត្តភ័ក្ត្រ ឬស្ថានទូតកម្ពុជាជាមុន ដើម្បស្នើសុំជួយស្វែងរក ឬរៀបចំកន្លែងស្នាក់នៅដាច់ដោយឡែកចំនួន ១៤ ថ្ងៃ ។ ទី ២- បន្ទាប់ពីទទួលបានអាសយដ្ឋានកន្លែងស្នាក់នៅដាច់ដោយឡែកហើយ សូមទំនាក់ទំនងតំនាង HRD-Korea ប្រចាំនៅកម្ពុជាដើម្បីស្នើសុំលិខិតបញ្ជាក់យល់ព្រមក្នុងការស្នាក់នៅដាច់ដោយឡែកចំនួន ០២ សន្លឹក ដោយ ០១ សន្លឹកសម្រាប់ប្រគល់ជូនបុគ្គលិកក្រុមហ៊ុនអាកាសចរណ៍នៅព្រលានយន្តហោះខ្មែរ និង០១ សន្លឹកទៀតប្រគល់ជូនអាជ្ញាធរសុខាភិបាលកូរ៉េពេលមកដល់ព្រលានយន្តហោះកូរ៉េ ។

សេចក្តីជូនដំណឹងរបស់ស្ថានទូតខ្មែរក៏បានបញ្ជាក់ថា «ប្រសិនបើពុំមាន លិខិតយល់ព្រមក្នុងការស្នាក់នៅដាច់ដោយឡែក’ ដែលចេញដោយតំណាង HRD-Korea ប្រចាំនៅកម្ពុជាទេនោះ បុគ្គលិកក្រុមហ៊ុនអាកាសចរណ៍នឹងមិនចេញប័ណ្ណឡើងយន្តហោះ (Boarding Pass) ដល់ពលករ-ពលការិនី ឬមិនអនុញ្ញាតិឲ្យធ្វើដំណើរចូលក្នុងប្រទេសកូរ៉េវិញតែម្តង» ។

លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតខ្មែរប្រចាំនៅកូរ៉េបានមានប្រសាសន៍ថា ពលករខ្មែរ ដែលមកធ្វើការនៅប្រទេសកូរ៉េតាមប្រព័ន្ធមុខរបរ (employment permit system) ដែលកំពុងបម្រើការជាង ៤៨០០០ នាក់ គឺកាន់ទិដ្ឋាការប្រភេទ E-9 ភាគច្រើនលើសលប់ តែខ្លះក៏កាន់ប្រភេទ E7 ឬ E5 មានចំនួនតិចតួច ដោយសារតែការផ្លាស់ប្តូរវីសារ ។ លោកបានបន្តថា «កន្លងមកពលករខ្មែរដែលបានទៅលេងស្រុកខ្មែរអត់មានអ្នកណាមួយកើតមេរោគកូវីដ-១៩ទេ» ។ លោកបានបន្ថែមថាកន្លងមកទោះបីជាមានការរឹតបន្តឹងការធ្វើដំណើរទាំងរដ្ឋាភិបាលកម្ពុជា ក៏ដូចជរដ្ឋាភិបាលកូរ៉ែ តែក៏នៅមានពលករខ្មែរខ្លះ ប្រមាណ ១០% ឬ ១៥% បានធ្វើដំណើរជាប្រចាំពីកូរ៉េមកខ្មែរ ។ ហេតុដូច្នេះ ទើបពេលនេះខាងភាគីកូរ៉េក៏បង្កើននូវការរឹតបន្តឹងការធ្វើដំណើរបន្ថែមទៀត ៕

website_news/2020220507.txt · Last modified: 2020/05/25 13:52 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki