website_news:2020220601

អាជ្ញាធរខេត្តបាត់ដំបង ឱ្យដឹងថា សកម្មភាពពលរដ្ឋលួចឆ្លងដែនទៅថៃ បានស្ងប់ស្ងាត់បន្តិចហើយ

http://btv.com.kh/nation-news/ 19/06/2020

បាត់ដំបង ៖ ការលួចឆ្លងដែនដោយខុសច្បាប់ របស់ពលរដ្ឋខ្មែរ ទៅប្រទេសថៃ តាមច្រករបៀងនានា ជាប់ នឹងខេត្តបាត់ដំបង បានស្ងប់ស្ងាត់ បន្ទាប់ពីមានការរឹតបន្តឹង ទាំងខាងភាគីកម្ពុជា និងថៃ ដើម្បីបង្ការទប់ស្កាត់ការ ឆ្លងរីករាលដាល នៃមេរោគកូវីដ១៩។

ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនគរបាលខេត្តបាត់ដំបង បានប្រាប់BTV តាមទូរស័ព្ទ នៅព្រឹកថ្ងៃទី១៩ ខែមិថុនានេះថា នារយៈកាលចុងក្រោយនេះ ការលួចឆ្លងដែនទៅថៃ ជាប់ព្រំដែនខេត្តបាត់ដំបង របស់ពលរដ្ឋខ្មែរ ពុំមាននោះទេ ព្រោះទាំងខាងកម្ពុជា ទាំងខាងថៃ បានទប់ស្កាត់យ៉ាងតឹងរឹងដូចគ្នា ប៉ុន្តែមានលួចឆ្លងដែន នៅខាងខេត្តបន្ទាយមានជ័យ ហើយអាជ្ញាធរថៃ បានចាប់បញ្ជូនមកកម្ពុជាវិញតាមច្រករបៀងជាប់នឹងខេត្តបាត់ដំបង ។

លោកស្នងការ បានបន្តថា ការឆ្លងដែនពីថៃ មកកម្ពុជា តាមច្រករបៀងនានា ពិសេសច្រកនៅជាប់នឹងស្រុកកំរៀង មានរាល់ថ្ងៃ ដែលថ្ងៃខ្លះ ជាង១០០នាក់ និងថ្ងៃខ្លះ ក្រោម១០០នាក់ ដោយពេលពួកគេចេញមក ត្រូវបានគ្រប់គ្រងយ៉ាងល្អ ទាំងការពិនិត្យសុខភាព និងសម្រួលការងារផ្សេងៗ។ លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន បានបញ្ជាក់ថា កន្លងមក សមត្ថកិច្ចការពារព្រំដែន ជាប់ខេត្តបាត់ដំបង ធ្លាប់បានឃាត់ខ្លួនមេខ្យល់ម្នាក់ ដែលបាននាំពលរដ្ឋខ្មែរ បម្រុងលួចឆ្លងដែនទៅប្រទេសថៃ តែត្រូវទប់ស្កាត់ទាន់ ហើយមេខ្យល់ម្នាក់នោះ ត្រូវបានបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

ដោយសារបញ្ហាជំងឺកូវីដ១៩ អាជ្ញាធរថៃ បានបិទច្រក ជាមួយកម្ពុជា មិនឲ្យពលរដ្ឋឆ្លងកាត់ ដូចមុននោះទេ ដោយអនុញ្ញាតឲ្យតែការដឹកទំនិញ ចេញចូលប៉ុណ្ណោះ ហើយសម្រាប់ខេត្តបាត់ដំបង ការដឹកទំនិញនោះ គឺបានតែច្រកដូង ស្ថិតក្នុងស្រុកកំរៀង និងច្រកភ្នំដី ស្ថិតក្នុងស្រុកសំពៅលូន ប៉ុន្តែទោះមានការដាក់បម្រាមឆ្លងដែនក៏ដោយ ក៏នៅតែមានពលរដ្ឋខ្មែរមួយចំនួន ព្យាយាមលួចឆ្លងដែនទៅថៃ តាមច្រករបៀងមួយចំនួន ដែលស្ថិតក្នុងស្រុកកំរៀង និងស្រុកសំពៅលូន និងត្រូវបានសមត្ថកិច្ចការពារព្រំដែនឃាត់ខ្លួនជាញឹកញាប់ និងបានបញ្ជូនមកស្រុកកំណើតវិញ៕ អត្ថបទ ៖ បាន សុខរិទ្ធ

website_news/2020220601.txt · Last modified: 2020/06/22 14:27 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki