website_news:2020220602

អភិបាលស្រុកតាំងគោក ចុះផ្សព្វផ្សាយពីវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ ដល់ពលករដែលទើបមកពីបរទេស

http://kampucheathmey.com/ 19/6/2020 4:53 Pm

ភ្នំពេញ ៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក និងសហការី បានបន្តចុះសួរសុខទុក្ខ និងផ្សព្វផ្សាយពីវិធានការទប់ស្កាត់ ការរីករាល នៃជំងឺកូវីដ-១៩ ដល់បងប្អូនពលករដែលទើបត្រឡប់មកពីបរទេស ហើយកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះរៀងៗខ្លួន រយៈពេល១៤ថ្ងៃ ចំនួន០៥នាក់ ស្ថិតក្នុងឃុំច្រនាង ឃុំអណ្ដូងពោធិ៍ និងឃុំសូយោង ស្រុកតាំងគោក ខេត្តកំពង់ធំ។ ក្នុងនោះ ព្រមទាំងបាននាំយកនូវអំណោយរបស់សប្បុរសជនទៅចែកជូនដល់ជនទីទ័លក្រមួយចំនួនផងដែរ កាលពីព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០នេះ។

នៅក្នុងឱកាសនោះ លោកអភិបាលស្រុក ក៏បានក្រើនរំលឹកដល់អាជ្ញាធរភូមិ-ឃុំ ត្រូវចុះឲ្យបានជាប់ជាប្រចាំជាមួយបងប្អូនប្រជាពលរដ្ឋយើង ដើម្បីបានដឹងពីសុខទុក្ខ និងតម្រូវការជាក់ស្ដែងរបស់ពួកគាត់ ងាយស្រួលក្នុងការឆ្លើយតបបានទាន់ពេលវេលា។ ជាពិសេសត្រូវឧស្សាហ៍ក្រើនរំលឹកដល់ប្រជាពលរដ្ឋយើង កុំឲ្យភ្លេចខ្លួន និងធ្វេសប្រហែសចំពោះជំងឺcovid-19 នេះឲ្យសោះ ព្រោះថាពិភពលោកមិនទាន់រកឃើញនូវថ្នាំព្យាបាលណាមួយពិតប្រាកដនៅឡើយទេ។ ដូច្នេះ សូមបងប្អូន ត្រូវចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានជាប្រចាំ គឺ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត។

ជាមួយគ្នានោះដែរ លោកអភិបាលស្រុក ក៏បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋយើង ដោយមិនត្រូវរស់នៅប្រមូលផ្ដុំគ្នានោះទេ។ ម្យ៉ាងទៀត សូមបងប្អូនចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីសុខសុវត្ថិភាពខ្លួនឯង និងគ្រួសារ ក៏ដូចជាសង្គមជាតិទាំងមូលផងដែរ៕ អត្ថបទ ៖ ឧត្តរ៉ា

website_news/2020220602.txt · Last modified: 2020/06/22 14:29 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki