website_news:2020220605

ថៃចាប់ពលករខ្មែរ៣១នាក់ រួមទាំងមេខ្យល់៣នាក់ ដែលលួចឆ្លងដែនខុសច្បាប់តាមច្រករបៀង ក្នុងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ

http://www.matimohachunnews.com/ June 21, 2020

ខេត្តបន្ទាយមានជ័យ៖ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ សារព័ត៌មានថៃបានរាយការណ៍ថា កម្លាំងយោធាអង្គភាពចំពោះកិច្ចតា ព្រះយ៉ា សហការជាមួយអាជ្ញាធរស្រុកគោកឃ្យូង និងនគបាលអន្តោប្រវេសន៍ ខេត្តស្រះកែវ បានចាប់ខ្លួនពលករខ្មែរ និងមេខ្យល់ នៅបរិវេណចំណុចត្រួតពិនិត្យភូមិ ថៃសាមគ្គី ឃុំណងមួង ស្រុកគោកឃ្យូង ខេត្តស្រះកែវ ដែលក្នុងនោះមានប្រុស១៨នាក់ ស្រី១៣នាក់ សរុបទាំងអស់៣១នាក់ រួមទាំងវត្ថុតាងរថយន្តចំនួន៣គ្រឿង ម៉ាកនិសាន់ ណាវរ៉ា ព៌ណស ពាក់ស្លាកលេខกง-7144ស្រះកែវ,និសាន់ណាវរ៉ា ព៌ណខ្មៅ ពាក់ស្លាកលេខ2ฒม-1459 ក្រុងថេប ក្រៅពីនោះនៅមានរថយន្តតូយ៉ូតា រីវ៉ូ ព៌ណស ពាក់ស្លាកលេខกว-7714នុនបុរី។

សូមជំរាបថា អ្នកសារព័ត៌មានរាយការណ៍បន្តថា សមត្ថកិច្ចបានដាក់កម្លាំងឃ្លាំមើលឃើញរថយន្តទាំង៣គ្រឿងខាងលើ បើកឆ្លងកាត់ចំណុចត្រួតពិនិត្យរបស់កម្លាំងមូលដ្ឋានភូមិគោកសាមគ្គី និងមានអ្នកជិះពេញរថយន្ត ទើបឱ្យសញ្ញាឈប់ត្រួតពិនិត្យឃើញអ្នកបើករថយន្តទី១ឈ្មោះ យោថា ណាកខៀវ អាយុ៣៤ឆ្នាំ ជនជាតិថៃ, អ្នកបើករថយន្ត ទី២ឈ្មោះ ខះណាកន និយមថាស អាយុ៣៩ឆ្នាំ និងអ្នកបើករថយន្តទី៣ឈ្មោះ ស្មាស់ តាចៃ អាយុ៤២ឆ្នាំ ។ បន្ទាប់ពីពិនិត្យរថយន្តទាំង៣គ្រឿង រកឃើញពលករខ្មែរប្រុស-ស្រី អង្គុយណែនពេញរថយន្ត ដោយប្រើផ្ទាំងកៅស៊ូគ្របពីលើ ដើម្បីបន្លំភ្នែកសមត្ថកិច្ច។

យ៉ាងណាក៏ដោយ ក្រោយពីត្រួតពិនិត្យ សមត្ថកិច្ចបាននាំខ្លួនពលករខ្មែរទាំងអស់ទៅសួរចម្លើយនៅស្រុកគោកឃ្យូង ដោយជនអ្នកបើករថយន្តខាងលើបានសារភាពថា មានមេខ្យល់ឲ្យមកទទួលពលករខ្មែរ ដើម្បីដឹកយកទៅធ្វើការសំណង់នៅក្រុងបាងកក និងខេត្តក្បែរនោះ ដោយយកតម្លៃក្នុងម្នាក់៣,០០០បាត ដោយពលករខ្មែរទាំងអស់ ប្រើវិធីដើរថ្មើជើងឆ្លងព្រំដែនតាមច្រករបៀងក្នុងភូមិ ណង យ៉ាកែវ ប្រឈមជាមួយភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ របស់កម្ពុជា។ បន្ទាប់ពីធ្វើការឃាត់ខ្លួន សមត្ថកិច្ចក៏បានបញ្ជូនពលករខ្មែរទាំង៣១នាក់ រួមទាំងមេខ្យល់ខ្មែរ៣នាក់ និងតៃកុងរថយន្តថៃ៣នាក់ ទៅឱ្យសមត្ថកិច្ចជំនាញ ដើម្បីអនុវត្តតាមនិតិវិធីច្បាប់បន្ត៕

website_news/2020220605.txt · Last modified: 2020/06/22 14:35 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki