website_news:2020220606

តុលាការអាមេរិកកាត់ទោសបុរសនៅរដ្ឋ Kentucky ម្នាក់ឲ្យជាប់គុក២១ឆ្នាំពីបទបំពានផ្លូវភេទក្មេងស្រីនៅកម្ពុជា

https://khmer.voanews.com/ 19 មិថុនា 2020 សាយ មុន្នី

លោក Micky Rife បុរសអាមេរិកាំងម្នាក់ក្នុងរដ្ឋ Kentucky ត្រូវបានចាប់ខ្លួនកាលពីខែមករា ឆ្នាំ២០១៩ ពីបទប្រព្រឹត្ត និងប៉ុនប៉ងប្រព្រឹត្តការបំពានផ្លូវភេទក្មេងស្រីពីរនាក់នៅប្រទេសកម្ពុជា។ (រូបថតដោយ Franklin County Regional Jail) វ៉ាស៊ីនតោន៖ តុលាការមួយក្នុងសហរដ្ឋអាមេរិក កាលពីថ្ងៃព្រសហ្បតិ៍ បានកាត់ទោសបុរសអាមេរិកាំងម្នាក់ ក្នុងរដ្ឋKentucky ឲ្យជាប់ពន្ធនាគារ ២១ ឆ្នាំ ពីបទប្រព្រឹត្តនិងប៉ុនប៉ងប្រព្រឹត្តការបំពានផ្លូវភេទក្មេងស្រីពីរនាក់ ក្នុងពេលដែលបុរសរូបនេះបានធ្វើដំណើរ និងស្នាក់នៅក្នុងប្រទេសកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងយុត្តិធម៌អាមេរិក ដែលវីអូអេទទួលបាននៅថ្ងៃនេះ។ លោក Gregory F. Van Tatenhove ចៅក្រមនៃតុលាការតំបន់សហរដ្ឋអាមេរិកទទួលខុសត្រូវលើរដ្ឋ Kentucky បានសម្រេចកាត់ទោសលោក Micky Rife វ័យ៣៦ឆ្នាំ ជាប់ពន្ធនាគារ ២១ឆ្នាំ និងឲ្យស្ថិតក្រោមការពិនិត្យរបស់តុលាការ រយៈពេល២០ឆ្នាំថែមទៀត។

លោក Rife បានសារភាពថា នៅចន្លោះឆ្នាំ ២០១២ និង ២០១៨ ក្នុងអំឡុងពេលលោកធ្វើដំណើរ និងស្នាក់នៅក្នុងប្រទេសកម្ពុជា លោកពិតជាបានលូកលាន់ ឬប៉ះពាល់ប្រដាប់ភេទក្មេងស្រីពីរនាក់ អាយុក្រោម១២ឆ្នាំ ហើយការប្រព្រឹត្តបែបនេះ កើតឡើងច្រើនជាងម្តង។ បើតាមព័ត៌មានក្នុងស្រុក លោក Micky Rife គឺជាអតីតគ្រូបង្រៀនម្នាក់ក្នុងប្រទេសកម្ពុជា ដែលត្រូវបានបណ្តេញចេញពីការងារ ក្រោយពីមានការរាយការណ៍ និងការស៊ើបអង្កេតទៅលើការប្រព្រឹត្តរបស់លោក។ លោក Micky Rife ត្រូវបានចាប់ខ្លួន កាលពីខែមករា ឆ្នាំ២០១៩។ នេះបើតាមបណ្តាញព័ត៌មាន Khmer Times។

សំណុំរឿងនេះ គឺជាលទ្ធផលការងាររបស់គម្រោងសុវត្ថិភាពកុមារភាព (Project Safe Childhood) របស់ក្រសួងយុត្តិធម៌ ដើម្បីប្រយុទ្ធប្រឆាំងនឹងការរំលោភបំពាននិងការកេងប្រវ័ញ្ចផ្លូវភេទកុមារ៕

website_news/2020220606.txt · Last modified: 2020/06/22 14:37 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki