website_news:2020221002

មន្ត្រីក្រសួងមហាផ្ទៃ ក្រើនរំលឹកដល់ស្ត្រីខ្មែរគ្រប់រូប ដែលចង់ស្វែងរកគូស្រករនៅក្រៅប្រទេសត្រូវគិតគូរឲ្យបានច្បាស់លាស់

http://btv.com.kh/ 21/10/2020

ភ្នំពេញ ៖ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស បានក្រើនរំលឹកដល់ស្ត្រីខ្មែរគ្រប់រូប ត្រូវគិតគូរឲ្យបានច្បាស់លាស់ មុននឹងសម្រេចចិត្តជ្រើសរើសគូស្រករ ដែលជាជនជាតិបរទេស ខណៈមានស្ត្រីខ្មែរមួយចំនួនត្រូវបានចាញ់បោកគេ (មេខ្យល់)ថា បានប្តីបរទេសមានជីវភាពប្រសើរអាចជួយខ្លួនឯង និងគ្រួសារបានជាដើមនោះ។ ថ្លែងប្រាប់អ្នកយកព័ត៌មានក្រោយពី អញ្ជើញបើកសិក្ខាសាលា ស្តីពី សេវាគាំទ្រជនរងគ្រោះដោយអំពើជួញដូរមនុស្ស នៅភោជនីយដ្ឋានទន្លេបាសាក់២ នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០នេះ លោកជំទាវ ជូ ប៊ុនអេង បានលើកឡើងថា យើងបានឃើញស្រាប់ហើយថា កាលពីកន្លងទៅថ្មីៗនេះមានស្ត្រីខ្មែរម្នាក់ បានចាញ់បោកមេខ្យល់ឲ្យទៅរៀបការជាមួយជនជាតិចិន ដោយគេបោកថា នឹងទទួលបានប្រាក់ និងការងារស្រួលដើម្បីយកមកផ្គត់ផ្គង់ក្រុមគ្រួសារបានដោយងាយនោះ។

ប៉ុន្តែផ្ទុយទៅវិញការរៀបការនោះមិនងាយស្រួលដូចការចង់បានរបស់គាត់ ឬងាយស្រួលដូចអ្វីដែលមេខ្យល់បានប្រាប់គាត់នោះឡើយ ដូច្នេះ មុននឹងសម្រេចចិត្តយកបរទេសមកធ្វើជាគូស្រករ ត្រូវធ្វើការពិចារណាឲ្យបានដិតដល់ជៀសវាង មានវិប្បដិសារី ទៅថ្ងៃក្រោយ។ ជាមួយគ្នានោះដែរ លោកជំទាវ ជូ ប៊ុនអេង ក៏បានលើកឡើងផងដែរថា នាពេលបច្ចុប្បន្ននេះ អាជ្ញាធរពាក់ព័ន្ធទាំងអស់កំពុងតែបន្តសហការគ្នាយ៉ាងសកម្មក្នុងការស្វែងរក និងទប់ស្កាត់នូវមេខ្យល់ទាំងនោះ ដែលបានដើរបោកបងប្អូនប្រជាពលរដ្ឋតាមរយៈរូបភាពនេះ និងរូបភាពផ្សេងៗទៀតយកមកផ្ដន្ទាទោសទៅតាមច្បាប់ តែទោះជាយ៉ាងណាក្តីក៏ត្រូវមានការសហការជាមួយជនរងគ្រោះ និងបងប្អូនប្រជាពលរដ្ឋផងដែរទើបអាចទៅរួច។

កាលពីកន្លងទៅថ្មីៗនេះ ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងសៀងហៃ ប្រទេសចិន បានសហការជាមួយអាជ្ញាធរចិន អន្តរាគមន៍ជួយនារីខ្មែរម្នាក់ឈ្មោះ សែម ស្រីពេជ្រ ស្នាក់នៅខេត្តជឺជាំង ប្រទេសចិនដែលមានបំណងត្រឡប់មកកម្ពុជាវិញ បន្ទាប់ពីនាងអះអាងតាមរយៈហ្វេសបុកថា មិនអាចរស់នៅចុះសម្រុងជាមួយស្វាមីបាន។ បច្ចុប្បន្នស្ត្រីរូបនេះ កំពុងស្នាក់នៅទីក្រុងសៀងហៃប្រទេសចិន ហើយស្ថានអគ្គកុងស៊ុលប្រចាំនៅទីក្រុងសៀងហៃ បានចេញលិខិតបើកផ្លូវដល់រូបនាង ហើយប៉ូលិសចិនក៏បានយល់ព្រមនិងប្រគល់ទិដ្ឋាការជូនដល់នាងនៅថ្ងៃពុធនេះផងដែរ ដើម្បីឲ្យវិលត្រឡប់មកកម្ពុជាវិញនោះ៕ អត្ថបទ ៖ បានចក់

website_news/2020221002.txt · Last modified: 2020/10/22 11:43 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki