website_news:2020221003

អាមេរិកជួយបណ្តុះបណ្តាលមន្ត្រីកម្ពុជាលើ«ជំនាញឧក្រិដ្ឋកម្មប្រឆាំងកុមារ»

https://thmeythmey.com/ 21, Oct 2020 , 10:33 pm ដោយ: អ៊ីសា រ៉ហានី ( Isa Rohany )

សៀមរាប៖ ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានរៀបចំវគ្គបណ្តុះបណ្តាលផ្នែកច្បាប់ និងជំនាញឧក្រិដ្ឋកម្មប្រឆាំងកុមារ ដល់មន្ត្រីកម្ពុជាប្រហែល១០០នាក់ ដើម្បីបង្កើនសមត្ថភាព ក្នុងការតាមចាប់ និងផ្តល់ទោសដល់ឧក្រិដ្ឋជនចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២តុលា ឆ្នាំ២០២០។ វគ្គបណ្តុះបណ្តាលផ្នែកបច្ចេកទេសឧក្រិដ្ឋកម្មប្រឆាំងកុមារដែលធ្វើឡើងនៅសណ្ឋាគារសូហ្វីតែល ខេត្តសៀមរាបនេះមានគោលដៅចម្បងផ្តល់វិធីសាស្ត្រក្នុងការកំណត់ស្វែងរកព័ត៌មាននិងស៊ើបអង្កេតលើឧក្រិដ្ឋលើកុមារពឹងផ្អែកលើប្រព័ន្ធអ៊ីនធឺណិត (Internet) ឬប្រព័ន្ធឌីជីថល(Digital)។ នេះបើតាមឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាលោក W. Patrick Murphy។ អគ្គរដ្ឋទូតរូបនេះបន្តថា វគ្គបណ្តុះបណ្តាលនេះ ក៏មានបញ្ជូលរបៀបសួរសំណួរទៅកាន់ទាំងជនរងគ្រោះ និងទាំងឧក្រិដ្ឋជន ដើម្បីទទួលបានព័ត៌មានមួយពេញលេញមួយសម្រាប់ការសម្រេចចិត្តមួយ។ កន្លងមករដ្ឋាភិបាលអាមេរិក បានគាំទ្រ និងសហប្រតិបត្តិការជាមួយកម្ពុជា ក្នុងការទប់ស្កាត់ឬប្រយុទ្ធប្រឆាំងការជួញដូរលើកុមារ, ការរំលោភបំពានកុមារ ជាពិសេសពង្រឹងសមត្ថភាពក្នុងការតាមចាប់ឧក្រិដ្ឋជន។ លោក Murphy មានប្រសាសន៍ដូច្នេះ៖«យើងជួយក្នុងការស្រាវជ្រាវរកព័ត៌មាន ហើយនៅពេលដែលយើងមានព័ត៌មាន គឺយើងផ្តល់ឱ្យខាងកម្ពុជា ដោយកម្ពុជា ជាអ្នកសម្រេចថាត្រូវថ្កោលទោសបញ្ចូនគាត់[ឧក្រិដ្ឋជន]ត្រលប់ទៅប្រទេសវិញ ឬហាមអ្នកទោសមិនឱ្យមកប្រទេសកម្ពុជាវិញ ឬក៏យ៉ាងណា…»។

ឯកអគ្គរដ្ឋទូតរូបនេះបានបញ្ជាក់ថា ក្នុងករណីខ្លះឧក្រិដ្ឋជន គឺបានប្រពឹត្តបទល្មើសនៅសហរដ្ឋអាមេរិក ហើយក៏បានមកលាក់ខ្លួននៅកម្ពុជា។ ដូច្នេះអាមេរិកនឹងសហការជាមួយកម្ពុជាក្នុងការស្វែងរកឧក្រិដ្ឋជន ដើម្បីផ្តល់ទោស។ តាមពិតទៅ កិច្ចការងារតាមចាប់ឧក្រិដ្ឋជនដែលប្រព្រឹត្តបទល្មើសប្រឆំាងកុមារនេះ អាជ្ញាធរអាមេរិកមិនត្រឹមតែមានសហប្រតិបត្តិការជាមួយកម្ពុជានោះទេ គឺមាននៅគ្រប់បណ្តាប្រទេសនានាជុំវិញពិភពលោក។ កិច្ចសហប្រតិការទ្វេភាគីលើការប្រឆាំងឧក្រិដ្ឋកម្មប្រឆាំងកុមារនេះ គឺមានសារៈសំខាន់ណាស់ដែលទាមទារឱ្យភាគីទាំងពីរស្រាវជ្រាវ និងស៊ើបអង្កេតទៅលើឧក្រិដ្ឋជន ក្នុងការកំណត់នូវឧក្រិដ្ឋកម្មមួយយ៉ាងច្បាស់លាស់។ នេះបើតាមការលើកឡើងរបស់លោក Murphy។ «ដូច្នេះ យើងបានសហការជាមួយក្រសួងពាក់ព័ន្ធជាច្រើន។ ក្នុងនោះមានក្រសួងយុត្តិធម៌ ក្រសួងព័ត៌មាន ក៏ដូចជាអភិបាលខេត្តនៅតាមខេត្តនីមួយៗ ដើម្បីយកប្រមូលព័ត៌មាន។ អ៊ីចឹងនៅពេលដែលយើងសហការបែបនេះ យើងនឹងទទួលបានព័ត៌មានជាក់លាក់ ហើយយើងនឹងអាចសហការក្នុងការទប់ស្កាត់អំពើជួញដូរលើកុមារ នៅក្នុងតំបន់នីមួយៗ»។ អគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាថ្លែងដូច្នេះ។

លោក កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលដល់មន្ត្រីកម្ពុជាលើឧក្រិដ្ឋកម្មប្រឆាំងកុមារ កាលពីថ្ងៃទី២០តុលា។ ថ្មីៗនេះដែរ ក្រសួងយុត្តិធម៌ក៏បានបង្ហាញនូវជំហរក្នុងការបង្កើតកិច្ចសហប្រតិបត្តិការ ជាមួយសហរដ្ឋអាមេរិក ដើម្បីផ្តល់ស្ថិតិឬសំណុំរឿងជួញដូរមនុស្ស នៅតាមបណ្តាតុលាការក្រោមការងារជំនាញរបស់ក្រសួងយុត្តិធម៌។ លោក កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ដែលបានចូលរួមក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនេះដែរនោះបានបញ្ជាក់ថា ក្រសួងយុតិ្តធម៌កន្លងមកបានផ្តល់កិច្ចក្នុងការបង្ក្រាបបទល្មើសឆ្លងដែននេះដែរ។ យ៉ាងណាមិញលោកសង្កត់ធ្ងន់ថា ការប្រឆាំងបទឧក្រិដ្ឋត្រូវការកិច្ចសហការគ្នាជិតស្និទ្ធរវាងភាគីពាក់ព័ន្ធ។ លោក កេង សុម៉ារិទ្ធ បានបញ្ជាក់ដូច្នេះថា៖« ការបង្ការ និងការទប់ស្កាត់បទល្មើសប្រឆាំងកុមារនៅកម្ពុជា មិនមែនជាកិច្ចការ ឬការទទួលខុសត្រូវរបស់ស្ថាប័នណាមួយឡើយ។ ហេតុដូច្នេះ ក្រៅពីកិច្ចសហប្រតិបត្តិការដែលបានលើកឡើងនេះ ដើម្បីចូលរួមកិច្ចការពារកុមារ គឺទាមទារឱ្យមានការចូលរួមយ៉ាងផុសផុល និងកិច្ចសហប្រតិបត្តិការដ៏ល្អពីបណ្តាក្រសួង ពីស្ថាប័នរបស់រដ្ឋាភិបាល តុលាការ ដៃគូអភិវឌ្ឍ វិស័យឯកជន និងសង្គមស៊ីវិលជាដើម»៕

website_news/2020221003.txt · Last modified: 2020/10/22 11:46 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki