website_news:2020221201

ក្មេងស្រីរងគ្រោះជនជាតិខ្មែរម្នាក់ អាយុ ១៤ ឆ្នាំ ដែលត្រូវបានមេខ្យល់ឆបោកទៅ ប្រទេសចិន ត្រូវបានជួយសង្គ្រោះដោយជោគជ័យ

http://cambodiapolice.com/policekh/ 5:16 pm 19 ធ្នូ 2020

នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានទទួលព័ត៌មានពីស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ពាក់ព័ន្ធនឹងគណនីហ្វេសប៊ុកឈ្មោះ អូនវីនស្រឡាញ់ ម៉ាក់ប៉ា ដែលត្រូវបានជនសង្ស័យជាមេខ្យល់ឆបោកនាំទៅប្រទេសចិនរយៈពេល ៤ ខែកន្លងមកហើយ កាលពី ព្រឹកថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០២០នេះ ។ បន្ទាប់ពីទទួលបានព័ត៌មាននេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានដាក់បទបញ្ជាឱ្យកម្លាំងការិយាល័យជំនាញធ្វើការស្រាវជ្រាវ និងបានរកឃើញសាច់ញាតិម្ចាស់គណនីហ្វេសប៊ុក ខាងលើមានឈ្មោះ ឯល ណារី ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរជាសន្តិសុខក្រុមហ៊ុនឯកជន កំពុងបម្រើការងារនៅកាស៊ីណូមួយ កន្លែង នៅទីក្រុងប៉ោយប៉ែត និងមានទីលំនៅភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែល ត្រូវជាឪពុកម្ចាស់គណនីហ្វេសប៊ុកខាងលើនោះ ។ តាមរយៈការទំនាក់ទំនងតាមទូរសព្ទ បុរសជាឪពុកបានបញ្ជាក់ថា កូនស្រីរបស់ គាត់មានឈ្មោះ យឿង សុដាវីន អាយុ១៤ឆ្នាំ បានចាញ់បោកមេខ្យល់មិនស្គាល់អត្តសញ្ញាណ នាំយកទៅប្រទេសចិន រយៈពេល៤ខែ កន្លងមកហើយ រូបគាត់បានទៅដាក់ពាក្យបណ្ដឹងនៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២០ ស្នើសុំឲ្យសមត្ថកិច្ចនគរបាលជួយអន្តរាគមន៍ដោះស្រាយ។

ឯកឧត្តម ឧត្តមសេនីយ៍ ជីវ ផល្លី បញ្ជាក់ថា នៅរសៀលថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២០ ក្រោមកិច្ចសហប្រតិបត្តិការល្អរវាងអាជ្ញាធរចិន និងសមត្ថកិច្ចពាក់ព័ន្ធរបស់កម្ពុជា បានស្រាវជ្រាវស្វែងរកឃើញកន្លែងស្នាក់នៅរបស់ក្មេងស្រីរងគ្រោះខាងលើ និងបានជួយសង្គ្រោះបញ្ជូនមកស្នាក់ការនគរបាលនៅខេត្តហឺណាន ប្រទេសចិន ដើម្បីចាត់ការបន្ត ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី បានបញ្ជាក់ឲ្យដឹងថា មន្ត្រីជំនាញរបស់នាយកដ្ឋាន បាននិងកំពុងធ្វើការទំនាក់ទំនងសម្របសម្រួលផ្តល់ព័ត៌មានខាងលើទៅឲ្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងក្រុមការងារលេខាធិការដ្ឋានមេគង្គឡានឆាង ដើម្បីធ្វើការបន្តជាមួយស្ថានអគ្គកុងស៊ុលព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសចិន ដើម្បីឈានដល់ការ សម្របសម្រួលជាមួយអាជ្ញាធរចិនរៀបចំបែបបទបញ្ជូនក្មេងស្រីរងគ្រោះខាងលើឲ្យវិលត្រឡប់មកកម្ពុជាវិញ។ ឯកឧត្តមឧត្តមសេនីយ៍ឯក ជីវ ផល្លី បានសង្កត់ធ្ងន់ថា ជាទិសដៅបន្ត នាយកដ្ឋាននឹងសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធរង់ ចាំទទួលជនរងគ្រោះ ហើយក្រោយពេលដែលជនរងគ្រោះបានអនុវត្តវិធានការចត្តាឡីស័ករបស់ក្រសួងសុខាភិបាលរួច មន្ត្រីជំនាញនឹងធ្វើការសម្ភាសន៍ស្វែងរកព័ត៌មានលម្អិត ដើម្បីកំណត់អត្តសញ្ញាណជនសង្ស័យជាមេខ្យល់ និងឈានដល់ការ នាំខ្លួនមកផ្ដន្ទាទោសតាមច្បាប់ជាធរមាន។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី បានថ្លែងថា ក្នុងនាមថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ និងក្នុងនាមនាយកដ្ឋានជំនាញ សូមថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរបស់អាជ្ញាធរចិន និងស្ថាប័នពាក់ព័ន្ធដែលបានរួមចំណែកលើការងារនេះ និងសូមអរគុណចំពោះសាធារណជន អ្នកសារព័ត៌មាន បណ្ដាញទំនាក់ទំនងសង្គមដែលតែងតែចូលរួមចំណែកក្នុងកិច្ចការងារ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម និងក៏ដូចជាការចូលរួមចំណែកស្វែងរកយុត្តិធម៌សង្គម៕

website_news/2020221201.txt · Last modified: 2020/12/22 12:17 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki