website_news:2020221205

គិតត្រឹមរសៀលថ្ងៃទី២១ ធ្នូពលរដ្ឋវិលចូលប្រទេសវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិ អូរស្មាច់ ចំនួន១០២នាក់

https://kampucheathmey.com/ December 21, 2020 By Kang Tola

គិតត្រឹមម៉ោង៣រសៀលនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០នេះ ភាគីថៃនៅតែបន្តបិទច្រកទ្វារព្រំដែនអន្តរជាតិ ឆង ចម ខេត្តសុរិន្ទ ទល់មុខច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ ជាបណ្តោះអាសន្ន មិនអនុញ្ញាតឲ្យអ្នកដំណើរគ្រប់សញ្ជាតិចេញ ឬចូលឆ្លងកាត់នោះឡើយ ដើម្បីបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺឆ្លងកូវីដ-១៩ នេះបើតាមប្រភពព័ត៌មានពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលទើបទទួលបាននៅរសៀលនេះ។ ក្នុងការបិទច្រកនេះ ភាគីថៃបានលើកលែងទំនិញ ដែលទទួលបានការអនុញ្ញាត និងអ្នកបើកបររថយន្តដឹកទំនិញ ដែលទទួលបានការអនុញ្ញាត ព្រមទាំងបានការឆ្លងកាត់ត្រួតពិនិត្យ ដោយសមត្ថកិច្ចទាំងភាគីកម្ពុជា និងថៃ ត្រឹមត្រូវ និងពលរដ្ឋខ្មែរ ឬពលរដ្ឋថៃ ដែលត្រូវវិលត្រឡប់ចូលប្រទេសរៀងៗខ្លួន។ ចំណែកពលរដ្ឋខ្មែរ ដែលវិលចូលប្រទេសវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ មានចំនួន១០២នាក់ ស្រី៤១នាក់។ ដោយឡែករថយន្តកងពលតូចដឹកជញ្ជូនលេខ៩៩ចំនួន១៣គ្រឿង បានត្រៀមជាស្រេចនៅទីនោះ ដើម្បីដឹកជញ្ជូនពលករ ដែលវិលត្រឡប់ពីប្រទេសថៃវិញ យកទៅធ្វើចត្តាឡីស័ក ១៤ថ្ងៃនៅសាលាវិទ្យាល័យតេជោសែន ក្រុងសំរោង ខេត្តឧត្តរមានជ័យ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាវិធានការរបស់ក្រសួងសុខាភិបាល។

សូមបញ្ជាក់ថា ដោយយោងតាមសេចក្តីណែនាំជាបន្ទាន់របស់ក្រសួងសុខាភិបាល ចុះថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ ស្តីពីការការពារការចម្លងបន្តពីការផ្ទុះនូវការចម្លងវីរុសកូវីដ-១៩ នៅខេត្តសាមុតសាខន នៃប្រទេសថៃ កាលពីពេលថ្មីៗនេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដាក់ចេញវិធានការ ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺនេះ និងបានប្រាប់ឲ្យសមត្ថកិច្ចច្រកទ្វារទាំងអស់ យកចិត្តទុកដាក់ និងល្បាត ឃាត់អ្នកដំណើរ ដែលចូលពីប្រទេសថៃ ប្រគល់ឲ្យផ្នែកសុខាភិបាល ដើម្បីត្រួតពិនិត្យសុខភាព និងធ្វើចត្តាឡីស័ក ឲ្យបានត្រឹមត្រូវបំផុត។ បើតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍ វិធានការទាំងនោះមាន៣ចំណុចសំខាន់ៗរួមមាន ទី១- ត្រូវបន្តរួមសហការយ៉ាងជិតស្និទ្ធ ជាមួយមន្ត្រីក្រសួងសុខាភិបាលធ្វើការត្រួតពិនិត្យ ជាពិសេសដំណើរចូលរបស់ភ្ញៀវបរទេស និងពលរដ្ឋខ្មែរដែលចូលមកពីប្រទេសថៃ ឲ្យបានហ្មត់ចត់ ដោយតម្រូវឲ្យពួកគាត់ធ្វើការធ្វើចត្តាឡីស័កត្រឹមត្រូវតាមការកំណត់។

ទី២- យកចិត្តទុកដាក់គ្រប់គ្រង និងល្បាតត្រួតពិនិត្យស្លាបឆ្វេង ស្លាបស្តាំ ក្នុងដែនសមត្ថកិច្ចច្រកទ្វារឲ្យបានច្បាស់លាស់ និងត្រូវឃាត់អ្នកដំណើរចូល ជាពិសេសពលរដ្ឋខ្មែរដែលចូលពីប្រទេសថៃ ដើម្បីយកមកប្រគល់ឱ្យមន្ត្រីភ្នាក់ងារសុខាភិបាល ធ្វើការត្រួតពិនិត្យសុខភាព និងធ្វើចត្តាឡីស័ក ឱ្យបានហ្មត់ចត់។ ទី៣- ត្រូវយកចិត្តទុកដាក់ធ្វើការណែនាំ ក្រើនរំលឹកដល់មន្ត្រីនគរបាលអន្តោប្រវេសន៍ ដែលប្រចាំការនៅច្រកទ្វារឲ្យយកចិត្តទុកដាក់រក្សាគម្លាតបុគ្គល រក្សាអនាម័យលាងដៃនឹងសាប៊ូ អាកុល ឬជែល និង ប្រុងប្រយ័ត្នការឆ្លងពីអ្នកដំណើរដែលចូលមកព្រះរាជាណាចក្រកម្ពុជា៕ ដោយ ៖ កោះកែវ

website_news/2020221205.txt · Last modified: 2020/12/22 12:29 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki