website_news:2020221207

ពលករខ្មែរដែលត្រឡប់មកកម្ពុជាវិញ តាមច្រកប៉ោយប៉ែតជាង៣០០នាក់ តម្រូវឲ្យធ្វើចត្តាឡីស័ក ១៤ថ្ងៃ

http://btv.com.kh/ 21/12/2020

ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី បានថ្លែងអះអាងថា រហូតដល់ម៉ោង១២ ថ្ងៃត្រង់ ទី២១ ខែធ្នូនេះ មានបងប្អូនពលករខ្មែរ ដែលធ្វើការនៅប្រទេសថៃ បានវិលត្រឡប់មកប្រទេសកម្ពុជាវិញ តាមច្រកប៉ោយប៉ែត បន្ទាប់ពីមានករណីផ្ទុះមេរោគកូវីដ១៩ ចូលសហគមន៍នៅប្រទេសថៃនោះ គឺមានចំនួន៣១៥នាក់ ហើយ ដោយពួកគាត់ទាំងនោះ ត្រូវបានតម្រូវឲ្យធ្វើចត្តាឡីស័ក ដាច់ដោយឡែកពីគ្នាស្របទៅតាមការណែនាំរបស់រាជរដ្ឋាភិបាលនោះ។ ថ្លែងក្នុងកិច្ចសម្ភាសន៍ពិសេសជាមួយប៊ីធីវី នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០នេះ លោក អ៊ុំ រាត្រី បានបញ្ជាក់ឲ្យដឹងថា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងភាគីពាក់ព័ន្ធទាំងអស់បានត្រៀមខ្លួនគ្រប់លក្ខណៈរួចជាស្រេច ក្នុងការទប់ស្កាត់បងប្អូនពលករខ្មែរ ដែលទើបតែវិលត្រឡប់មកកម្ពុជាវិញ បន្ទាប់ពីមានការរីករាលដាលនូវមេរោគកូវីដ១៩នៅប្រទេសថៃ ហើយក្នុងអំឡុងពេលធ្វើចត្តាឡីស័កដល់ពួកគាត់រយៈពេល ១៤ថ្ងៃនោះ នឹងមិនធ្វើឲ្យពួកគាត់ជួបនូវការលំបាកអ្វីទាំងអស់ទាំងការរស់នៅ និងការហូបចុកជូនដល់ពួកគាត់នោះ។

សូមបញ្ជាក់ថា បន្ទាប់មានករណីផ្ទុះមេរោគកូវីដ១៩ចូលសហគមន៍ប្រទេសថៃ កាលពីយប់ថ្ងៃទី១៩ និងថ្ងៃទី២០ ខែធ្នូនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជា ឲ្យអាជ្ញាធរខេត្ត ដែលជាប់នឹងប្រទេសថៃទាំងអស់ ជាពិសេសនៅច្រកដូង អូរស្មាច់ និងប៉ោយប៉ែត ត្រៀមលក្ខណៈឲ្យបានគ្រប់គ្រាន់ នឹងត្រូវបង្កើនការត្រួតពិនិត្យប្រជាពលរដ្ឋឆ្លងចូលមកកម្ពុជាវិញឲ្យបានល្អ ហើយនិងត្រូវធ្វើចត្តាឡីស័កឲ្យបានគ្រប់ថ្ងៃស្របតាមការកំណត់របស់ក្រសួងសុខាភិបាលជាដើមនោះ។ ទាក់ទងនឹងករណីឆ្លងនូវមេរោគកូវីដ១៩ ចូលក្នុងសហគមន៍ប្រទេសថៃនេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាឲ្យកងទ័ពបញ្ចេញរថយន្តធន់ធំជិតមួយរយគ្រឿងផងដែរ ដើម្បីត្រៀមដឹកបងប្អូនពលករទាំងនោះ នៅច្រកចំនួនបី គឺច្រកប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ច្រកដូង ខេត្តបាត់ដំបង និងច្រកអូរស្មាច់ខេត្តឧត្តរមានជ័យ៕ អត្ថបទ៖ បាន ចក់

website_news/2020221207.txt · Last modified: 2020/12/22 12:34 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki