សង្គមស៊ីវិលស្នើរដ្ឋាភិបាលយកចិត្តទុកដាក់ដល់ជនចំណាកស្រុក អំឡុងវិបត្តិជំងឺកូវីដ-១៩
https://www.rfa.org/khmer/ ដោយ មួង ណារ៉េត 2020-12-17
អង្គការបណ្ដាញជនចំណាកស្រុកក្នុងមហាអនុតំបន់ទន្លេមេគង្គ(MNN) ស្នើឲ្យរដ្ឋាភិបាលយកចិត្តទុកដាក់ដល់ពលករចំណាកស្រុក ក្នុងស្ថានភាពមានវិបត្តិដោយសារជំងឺកូវីដ-១៩។ នៅក្នុងសេចក្តីថ្លែងការណ៍ កាលពីថ្ងៃទី១៦ ខែធ្នូ ដែលធ្វើក្រោយកិច្ចពិភាក្សានៅក្លឹបអ្នកកាសែត ក្នុងទីក្រុងបាងកកប្រទេសថៃ បណ្ដាញអង្គការសង្គមស៊ីវិលទាំងនេះ បានថ្លែងសាររួមគ្នា ទាមទារសិទ្ធិជូនពលករចំណាកស្រុក នៅក្នុងមហាអនុតំបន់ទន្លេមេគង្គ រួមទាំងកម្ពុជាផង។
ពីខាងកម្ពុជា មាននាយកប្រតិបត្តិនៃអង្គការជំនួយផ្លូវច្បាប់ដល់កុមារ និងស្ត្រី (LSCW) លោក មុំ សុខចារ ដែលរួមចំណែកក្នុងការស្រាវជ្រាវរួមគ្នា ជាមួយអង្គការបណ្ដាញជនចំណាកស្រុកក្នុងមហាអនុតំបន់ទន្លេមេគង្គ បានកត់សម្គាល់ចំណុចខ្វះខាត នៃការឆ្លើយតបរបស់រដ្ឋាភិបាលកម្ពុជា លើពលករចំណាកស្រុកខ្មែរ នៅប្រទេសថៃ។ លោក មុំ សុខចារ ទទួលស្គាល់ថា ស្ថានទូតកម្ពុជា បានជួយដល់ពលករចំណាកស្រុកខ្លះដែរ ដូចជាជួយក្នុងការផ្សព្វផ្សាយព័ត៌មាន ជួយខាងរត់ការឯកសារ និងជំនួយសង្គ្រោះបន្ទាន់ សម្រាប់អ្នកដែលទាល់ច្រក ឬកំពុងខ្វះស្បៀងអាហារ ប៉ុន្តែលោកថា ការឆ្លើយតបនោះ នៅតិចតួចស្តួចស្តើងណាស់ ហើយពលរដ្ឋខ្មែរចំណាកស្រុកជាច្រើន នៅប្រទេសថៃ កំពុងផុងក្នុងគ្រោះថ្នាក់នៃភាពក្រីក្រ និងខ្វះខាត។ ជុំវិញគោលនយោបាយរដ្ឋាភិបាលកម្ពុជា ក្នុងការជួយពលរដ្ឋខ្មែរចំណាកស្រុកនេះ លោក មុំ សុខចារ បន្ថែមថា បើតាមបទពិសោធន៍ តាំងពីមានផ្ទុះការរីករាលដាលនៃជំងឺកូវីដ-១៩ រដ្ឋាភិបាលកម្ពុជា មិនមានផែនការច្បាស់លាស់ ក្នុងការជួយពលរដ្ឋខ្មែរចំណាកស្រុកនោះទេ។ លោកស្នើឲ្យរដ្ឋាភិបាល រៀបចំឲ្យមានផែនការច្បាស់លាស់ជាងនេះ ដើម្បីជួយដល់ពលរដ្ឋទាំងនោះ ដើម្បីកុំឲ្យពួកគាត់ជួបប្រទះបញ្ហាដដែលនេះ ទៅថ្ងៃអនាគត។
កាលពីចុងឆ្នាំ២០១៩ ប្រទេសថៃ មានពលករចំណាកស្រុកជាបរទេស ចុះឈ្មោះស្របច្បាប់ ជាង ២លាន ៨សែននាក់ មកពីប្រទេសកម្ពុជា ភូមា និងឡាវ ដែលបម្រើការងារផ្នែកសំណង់ កសិកម្ម និងនេសាទ។
របាយការណ៍របស់ក្រសួងការងារបង្ហាញថា គិតត្រឹមឆ្នាំ២០១៩ មានពលករខ្មែរធ្វើការនៅប្រទេសថៃ ប្រមាណមួយលាននាក់។ ប៉ុន្តែ មន្ត្រីកម្មវិធីផ្នែកទេសន្តរប្រវេសក៍ នៃមជ្ឈមណ្ឌលសម្ពន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា អង្គការសង់ត្រាល់ (Central) លោក ឌី ថេហូយ៉ា ថា ស្ថានភាពជាក់ស្ដែង ពលករខ្មែរធ្វើការទាំងមានច្បាប់ និងខុសច្បាប់ នៅប្រទេសថៃ មានខ្ទង់ពីរលាននាក់៕