website_news:2020230101

អ្នករត់រ៉ឺម៉កម៉ូតូកង់បីនៅកម្ពុជាទទួលការបណ្តុះបណ្តាលប្រឆាំងការជួញដូរមនុស្ស

https://khmer.voanews.com/ 22 មករា 2020

ប្រជាជនជាង២៦ម៉ឺននាក់ ក្នុងចំណោមប្រជាជន១៦លាននាក់ នៅកម្ពុជាបានជាប់ក្នុងទាសភាពសម័យ ទំនើប។ នេះបើយោងតាមសន្ទស្សន៍ទាសភាពពិភពលោក Global Slavery Index របស់មូលនិធិ Walk Free Foundation។

ឡុងដ៍៖ អ្នករត់រ៉ឺម៉កម៉ូតូកង់បីរាប់ពាន់នាក់នៅកម្ពុជានឹងបានចូលរួមប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សក្រោមផែនការមួយ ដោយប្រើកម្មវិធីរបស់ក្រុមហ៊ុន Grab ដែលតាមដានការជួញដូរមនុស្ស ដោយបណ្តុះបណ្តាលអ្នកបើកបររ៉ឺម៉កម៉ូតូកង់បីឱ្យមើល និងរាយការណ៍អំពីសញ្ញានៃការកេងប្រវ័ញ្ច។ ក្រុមហ៊ុន Grab បាននិយាយកាលពីថ្ងៃសុក្រថា ខ្លួននឹងផ្តល់ការបណ្តុះបណ្តាលដល់អ្នកបើកបររ៉ឺម៉កម៉ូតូកង់បីចំនួន១ម៉ឺននាក់នៅក្នុងរាជធានីភ្នំពេញក្នុងខែនេះនៅពេលដែលក្រុមហ៊ុនចាប់ផ្តើមកម្មវិធីដែលត្រូវបានគ្រោងថា នឹងពង្រីកដល់អ្នកបើកបររ៉ឺម៉កម៉ូតូកង់បីរាប់លាននាក់នៅអាស៊ី។ លោក Hashim Alkaff ប្រធានក្រុមហ៊ុន Grab Cambodia បាននិយាយថា“យើងទទួលស្គាល់ថាឡានតាក់ស៊ី និងរ៉ឺម៉កកង់បីអាចជាចំណុចទីមួយនៃទំនាក់ទំនងរវាងអ្នកជួញដូរ និងជនរងគ្រោះ ជាពិសេសនៅអាកាសយានដ្ឋាន ស្ថានីយឡានក្រុង ឬស្ថានីយរថភ្លើង»។

លោកបានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា៖ «តាមរយៈបណ្តាញអ្នកបើកបរដែលជាដៃគូសហការយ៉ាងទូលំទូលាយរបស់ក្រុមហ៊ុន Grab ក្នុងរាជធានីភ្នំពេញ យើងចង់ឲ្យអ្នកបើកបររបស់យើងក្លាយជាភ្នែក និងត្រចៀកបន្ថែមទៀត»។ ប្រជាជនជាង២៦ម៉ឺននាក់ ក្នុងចំណោមប្រជាជន១៦លាននាក់ នៅកម្ពុជាបានជាប់ក្នុងទាសភាពសម័យទំនើប។ នេះបើយោងតាមសន្ទស្សន៍ទាសភាពពិភពលោក Global Slavery Index របស់មូលនិធិ Walk Free Foundation។ ជារឿយៗពួកគេក្លាយជាជនរងគ្រោះនៅក្នុងកសិដ្ឋាន ឧស្សាហកម្មនេសាទ និងសំណង់ ហើយពួកគេជាច្រើនគឺជាកុមារ។ មនុស្សរាប់ពាន់នាក់ទៀតត្រូវបានគេជួញដូរឆ្លងប្រទេសរួមទាំងស្ត្រីកម្ពុជាដែលត្រូវបានបង្ខំឱ្យរៀបការជាមួយបុរសនៅប្រទេសចិន។

កាលពីឆ្នាំមុនក្រសួងការបរទេសសហរដ្ឋអាមេរិកបានទម្លាក់ចំណាត់ថ្នាក់ប្រទេសនៅក្នុងរបាយការណ៍របស់ខ្លួនស្តីពីការជួញដូរមនុស្ស មានន័យថា ប្រទេសកម្ពុជាត្រូវតែធ្វើការកែលម្អ បើមុនដូច្នេះទេត្រូវប្រឈមនឹងការដាក់ទណ្ឌកម្មសេដ្ឋកិច្ច។

ទីភ្នាក់ងាររដ្ឋាភិបាលប្រឆាំងការជួញដូរមនុស្សរបស់ប្រទេសកម្ពុជា ដែលកំពុងធ្វើការជាមួយក្រុមហ៊ុន Grab ក្នុងគំនិតផ្តួចផ្តើមបណ្តុះបណ្តាលអ្នករត់ម៉ូតូកង់បីនេះ បាននិយាយថា ការជួញដូរមនុស្សកំពុងកើនឡើង បើទោះបីជាមានការខិតខំប្រឹងប្រែងរបស់ប៉ូលិស ហើយអ្នកបើករ៉ឺម៉កកង់បីគឺជាប្រភពព័ត៌មានក៏ដោយ។ អ្នកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិប្រឆាំងការជួញដូរមនុស្ស មានប្រសាសន៍ថា គ្រប់ផ្នែកទាំងអស់នៃសង្គមត្រូវធ្វើការរួមគ្នាដើម្បីកម្ចាត់ការជួញដូរមនុស្ស។

លោក ស៊ាន សុខផៃ នាយកប្រតិបត្តិនៃអង្គការ Child Helpline មានន័យថាបណ្តាញទូរស័ព្ទជំនួយកុមារ បាននិយាយថា អ្នកបើកបរត្រូវបានបំពាក់ឧបករណ៍ដើម្បីកំណត់សកម្មភាពគួរឱ្យសង្ស័យនៅក្នុងយានយន្តរបស់ពួកគេ ហើយឧបករណ៍នេះក៏ត្រូវបំពាក់នៅតាមផ្លូវក្នុងទីក្រុង នៅការដ្ឋានសំណង់ និងកន្លែងកម្សាន្តពេលរាត្រីផងដែរ។ លោកបានមានប្រសាសន៍ថា៖ «ការជួញដូរមាននៅគ្រប់ទីកន្លែង ដូចជាការរំលោភបំពានពលកម្ម ការកេងប្រវ័ញ្ចលើកុមារការរំលោភបំពានផ្លូវភេទ។ យើងចង់លុបបំបាត់របាំងដែលរារាំងមិនឱ្យពលរដ្ឋមានលទ្ធភាពរាយការណ៍អំពីរឿងនេះ»។

ក្រុមហ៊ុនផ្តល់សេវានៅទូទាំងពិភពលោកកំពុងរងសម្ពាធកាន់តែខ្លាំងឡើង ឲ្យចូលរួមចំណែកប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស និងទាសភាពសម័យទំនើបដែលបានធ្វើឲ្យប្រជាជន៤០ លាននាក់រងគ្រោះនៃការជួញដូរដែលរកប្រាក់បានប្រមាណ១៥០ពាន់លានដុល្លារ ជារៀងរាល់ឆ្នាំ។ ក្រុមហ៊ុន Uber ដែលបានលក់អាជីវកម្មរបស់ខ្លួននៅអាស៊ីអាគ្នេយ៍ឲ្យក្រុមហ៊ុន Grab នៅឆ្នាំ២០១៨ បានធ្វើគំនិតផ្តួចផ្តើមស្រដៀងគ្នានៅឆ្នាំនោះ៕

website_news/2020230101.txt · Last modified: 2020/01/23 13:15 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki