website_news:2020230106

សមត្ថកិច្ចនគរបាលខេត្តអានយ៉ាង សមត្ថកិច្ចនគរបាលខេត្តតាកែវ នៅតែប្ដេជ្ញារួមគ្នាបង្ការ និងបង្ក្រាបបទល្មើសឆ្លងដែនឲ្យមានប្រសិទ្ធភាពខ្ពស់

http://kampucheathmey.com/ 22/1/2020 8:43 Am

តាកែវ ៖ កាលពីរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ លោកឧត្ដមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ លោកឧត្ដមសេនីយ៍ វរសេនីយ៍ ជាស្នងការរង និងសហការីច្រើនរូប ចូលរួមប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលសហប្រតិបត្តិការ ធានាសន្តិសុខសណ្ដាប់ធ្នាប់ រវាងស្នងការដ្ឋាន នគរបាលខេត្តអានយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ជាមួយស្នងការដ្ឋាននគរបាលខេត្តតាកែវ រយៈពេល៦ខែ ចុងឆ្នាំ២០១៩ និងលើកទិសដៅ៦ខែ ដើមឆ្នាំ២០២០។ កិច្ចប្រជុំនេះ ធ្វើឡើងនៅស្នងការដ្ឋាននគរបាល ខេត្តអានយ៉ាង ប្រទេសវៀតណាម ក្រោមអធិបតីភាព លោកឧត្ដមសេនីយ៍ត្រី ប៊ុយ ប៊ែ ទី ស្នងការនគរបាល ខេត្តអានយ៉ាង ប្រធានអង្គប្រជុំ ,លោកឧត្ដមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ និងលោកឧត្ដមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល ដោយមានការចូលរួមពីលោកស្នងការរង និងសមាសភាពពាក់ព័ន្ធចំណុះឲ្យស្នងការដ្ឋាននគរបាលខេត្តទាំងបី។

ចុងបញ្ចប់នៃកិច្ចប្រជុំភាគីទាំង២ (កម្ពុជា-វៀតណាម) បានវាយតម្លៃខ្ពស់នូវលទ្ធផលសម្រេចបាន និងបញ្ហាដែលនៅសេសសល់មួយចំនួនក្នុងកិច្ចប្រតិបត្តិការ បង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសរវាងភាគីទាំងពីរក្នុង រយៈពេល៦ខែ និងបានឯកភាពគ្នាលើកទិសដៅសហប្រតិបត្តិការចំណុចសំខាន់ៗ អនុវត្តបន្តនៅក្នុងរយៈ៦ខែ ដើមឆ្នាំ២០២០ខាងមុខ ដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ដែលឆ្លងដែនចេញ-ចូល រវាងប្រទេសទាំង២ ខេត្តទាំង៣ ក្នុងគោលបំណងធានាបានសន្តិសុខសណ្ដាប់ធ្នាប់ នៅតាមបណ្ដោយខ្សែបន្ទាត់ព្រំដែន។ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ ភាគីទាំង២ បានជូនវត្ថុអនុស្សាវរីយ៍ឲ្យគ្នាទៅវិញទៅមក ដើម្បីអបអរសាទរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាមខាងមុខនេះ៕

website_news/2020230106.txt · Last modified: 2020/01/23 13:28 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki