website_news:2020230302

ពលករខ្មែរជាច្រើននាក់ កំពុងសម្រុកចេញពីប្រទេសថៃ ក្រោយពីក្រុមហ៊ុនជាច្រើនត្រូវបិទទ្វារ

http://kampucheathmey.com/ 23/3/2020 6:43 Am

ប្រទេសថៃ ៖ ពលកររាប់ពាន់នាក់ ដែលបម្រើការងារនៅក្នុងប្រទេសថៃ ដែលក្នុងនោះភាគច្រើនគឺមាន ៖ ពលករខ្មែរ ឡាវ និង ភូមា កំពុងសម្រុកធ្វើដំណើរទៅកាន់ក្រុមហ៊ុនដឹកជញ្ជូនដើម្បីវិលត្រឡប់ទៅកាន់ប្រទេសរៀងៗខ្លួនវិញ ដោយម្នាក់ៗមានសម្ភារជាប់ខ្លួនយ៉ាងសំពីងសំពោងផងដែរ ក្រោយពីមានក្រុមហ៊ុនជាច្រើន នៅក្នុងទីក្រុងបាងកក ត្រូវបានបិទទ្វារជាបណ្តោះអាសន្ន ខណៈដែលមេរោគ COVIC-19 កំពុងរាតត្បាតយ៉ាងខ្លាំងនៅក្នុងប្រទេសថៃ និងបណ្តាប្រទេសនានា នៅលើសកលលោក។ ប៉ុន្មានថ្ងៃចុងក្រោយនេះ គេសង្កេតឃើញថា មានពលករជាច្រើន ចម្រុះជាតិសាសន៍ បានប្រមូលផ្តុំគ្នានៅក្នុងក្រុមហ៊ុនដឹកជញ្ជូន « ម៉ឈីត » ដែលស្ថិតនៅកណ្តាល ទីក្រុងបាងកក ដើម្បីវិលត្រឡប់ទៅកាន់ប្រទេសដែលជាស្រុកកំណើតរបស់ពួកគេវិញ ដោយសារតែថ្មីៗនេះ មានការជូនដំណឹងពីក្រសួងសុខាភិបាលស្តីអំពីការរាតត្បាតរបស់មេរោគ COVIC-19 នៅក្នុងប្រទេសថៃ ស្របពេលដែលច្រកព្រំដែនជាច្រើនត្រូវបានបិទជាបណ្តោះ អាសន្ន រយៈពេល ១៤ ថ្ងៃ។

ទន្ទឹមនឹងនេះ ក៏គេសង្កេតឃើញថា ក្រុមហ៊ុនជាច្រើននៅក្នុងទីក្រុងបាងកក ក៏បានប្រកាសបិទទ្វារជាបណ្តោះអាសន្នផងដែរ គឺមានរយៈពេល ២១ ថ្ងៃ ដែលបញ្ហានេះហើយទើបតម្រូវឲ្យពលករជាច្រើននាក់ចាំបាច់ត្រូវធ្វើដំណើរវិលត្រឡប់ទៅកាន់ស្រុកកំណើតវិញផងដែរ ដើម្បីរង់ចាំស្ថានការណ៍មានភាពធូរស្រាលឡើងវិញ។

ដោយឡែកនៅក្នុងក្រុមហ៊ុនដឹកជញ្ជូនដោយរថយន្តក្រុង របស់ក្រុមហ៊ុន ម៉ឈីត គឺក្រសួងសាធារណការរបស់ប្រទេសថៃ ក៏មានការរឹតបន្តឹងទៅលើការពិនិត្យសុខភាពរបស់អ្នកធ្វើដំណើរផងដែរ ដូចជាការពិនិត្យកម្តៅ និង ការពិនិត្យទៅលើការឈឺថ្កាត់របស់ពលករជាដើម ដើម្បីជួយការពារដល់ចម្លងមេរោគដល់អ្នកដទៃ ដែលកំពុងធ្វើដំណើររួមគ្នា ដោយឡែកពលករ និងអ្នកដំណើរភាគច្រើន សុទ្ធសឹងតែបានពាក់ម៉ាស់ទាំងអស់ក្នុងការធ្វើដំណើរ ដើម្បីការពារទៅលើសុខភពរបស់ខ្លួនគេផ្ទាល់៕ សោ និយមរ័ត្ន

website_news/2020230302.txt · Last modified: 2020/03/23 15:14 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki