website_news:2020230306

ថ្ងៃនេះច្រកទ្វារអន្តរជាតិប៉ោយប៉ែតកកស្ទះខុសប្លែកពីរាល់ដង

https://kohsantepheapdaily.com.kh/ ថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០២០ ម៉ោង ១៤:៣២ ម៉ុត សារុន

ខេត្តបន្ទាយមានជ័យ ៖ បន្ទាប់ពីវីរុសកូវីដ-១៩កំពុងរាតត្បាតលើពិភពលោកគួរឲ្យព្រួយបារម្ភ ម្យ៉ាងស្របពេលដែលភាគីថៃប្រកាសបិទច្រកទ្វារអន្តរជាតិ និងច្រករបៀងនានាជាច្រើនកន្លែងតាមខេត្តជាប់ព្រំដែនកម្ពុជា ដើម្បីទប់ស្កាត់ជំងឺប្រភេទនេះ គេសង្កេតឃើញអ្នកស្រុក និងពលករសម្រុកឆ្លងកាត់ព្រំដែនអន្តរជាតិប៉ោយប៉ែតខ្លងលឹកខុសពីសព្វមួយដងនាថ្ងៃទី២២ មីនា ឆ្នាំ២០២០ នេះ។ ចំណុចរង្វង់មូលនិងមាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែតថ្ងៃទី២២ មីនា ឆ្នាំ ២០២០ មានការកកស្ទះស្ទើរពេញមួយថ្ងៃ ដោយសារយានយន្ត និងអ្នកស្រុកឆ្លងកាត់ព្រំដែនចូលទៅទិញរបស់របនិងទំនិញផ្សេងៗទុកហូបបន្ទាប់ពីមានព័ត៌មានថា ភាគីថៃនឹងបិទច្រកទ្វារអន្តរជាតិប៉ោយប៉ែតរយៈពេល១៤ថ្ងៃចាប់ពីថ្ងៃទី២៣ មិនា។ ដោយឡែកក៏មានពលករវិលត្រឡប់ពីថៃជាហូរហែនៅច្រកទ្វារអន្តរជាតិខាងលើនេះខុសសព្វមួយដងដូចគ្នា។

ពេលសាកសួរ ក្រុមពលករខ្លះអះអាងថា ដំបូងពួកគាត់ប្រុងឆ្លងកាត់ច្រកទ្វារអន្តរជាតិដូងក្នុងស្រុកកំរៀងខេត្តបាត់ដំបង ប៉ុន្តែដោយសារភាគីថៃបិទច្រកទ្វារអន្តរជាតឡែមឈមច្រកអន្តរជាតិដូងកម្ពុជា ទើបពួកគាត់នាំគ្នាបន្តដំណើរមកឆ្លងកាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែតវិញ ។ ចំណែកពលករខ្លះក៏ធ្វើដំណើរពីខេត្តនានាលើដីថៃមកឆ្លងព្រំដែនអន្តរជាតិប៉ោយប៉ែតតែម្តង។ រីឯពលករមួយចំនួនធំនិយាយថា ការវិលត្រឡប់មកចូលរួមពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនាពេលខាងមុខ។

ដោយឡែកពលករមួយចំនួនតូចនិយាយថា ពួកគាត់វិលត្រឡប់មកស្រុកដោយមិនឲ្យថៅកែដឹងទេ ព្រោះខ្លាចភាគីថៃបិទព្រំដែនយូរ និងម្យ៉ាងព្រួយបារម្ភអំពីការឆ្លងវីរុសកូវីដ-១៩តែម្តង។ ការកកស្ទះច្រកទ្វារអន្តរជាតិប៉ោយប៉ែតនៅថ្ងៃទី២២ មីនានេះ សមត្ថកិច្ចប្រចាំការនៅចំនុចរង្វង់មូលច្រកទ្វារអន្តរជាតិប៉ោយប៉ែតម្នាក់បង្ហើបឱ្យដឹងថា ដោយសាអ្នកស្រុកនាំគ្នាបើកបរយានយន្តចូលទៅផ្សាររុងក្លឿងទិញទំនិញនិងម្ហូបអាហារទុកបរិភោគនៅពេលភាគីថៃបិទច្រកអន្តរជាតិបណ្តោះអាសន្ន១៤ថ្ងៃ។ ពាក់ព័ន្ធនឹងជំនួបប្រជុំរវាងអាជ្ញាធរខេត្តបន្ទាយមានជ័យជាមួយអាជ្ញាធរខេត្តស្រះកែវលើទឹកដីថៃក្នុងស្រុកអារញ្ញ ខេត្តស្រះកែវ កាលពីព្រឹកថ្ងៃទី២២ មីនា ឆ្នាំ២០២០នេះ បើតាមប្រភពពីសមត្ថកិច្ចដែលបានទៅចូលរួមបង្ហើបឱ្យដឹងថា ជាលទ្ធផលភាគីថៃបានជូនដំណឹងដូចខាងក្រោម ៖

១-បិទការធ្វើដំណើរចេញ-ចូលរបស់ភ្ញៀវទេសចរជាតិនិងអន្តរជាតិរយៈពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃទី២៣ មីនា ឆ្នាំ២០២០ ដល់ថ្ងៃទី៥ មេសា, ២-ចំពោះមធ្យោបាយដឹកទំនិញធុនធំនៅដំណើរការជាធម្មតា ប៉ុន្តែតម្រូវឲ្យមានអ្នកបើកបរតែម្នាក់គត់, ៣-អ្នកជំងឺសង្គ្រោះបន្ទាន់អនុញ្ញាតឲ្យចូលជាធមតា និង៤-មធ្យោបាយផ្សេងៗដូចជារថយន្តលក្ខណៈគ្រួសារ ម៉ូតូ រទេះរុញ កម្មករ អាជីវករលក់ដូរក្នុងផ្សាររុងក្លឿមិនអនុញ្ញាតឲ្យចេញចូលឡើយ៕ (កែសម្រួលដោយ ៖ ធីតា)

website_news/2020230306.txt · Last modified: 2020/03/23 15:24 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki