website_news:2020230401

រាជរដ្ឋាភិបាលកំពុងគិតគូរដល់ពលករចំណាកស្រុក

http://www.rasmeinews.com/ April 22, 2020, 7:31 PM

ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដឹកនាំកិច្ចប្រជុំ ពិគ្រោះយោបល់ដើម្បីពិនិត្យលទ្ធភាពក្នុងការឆ្លើយតបទៅនឹងតម្រូវការរយៈពេលខ្លី មធ្យម និងវែង របស់ពលករចំណាកស្រុកក្នុងស្ថានភាពរីករាលដាលនៃជំងឺកូវីដ១៩ (Covid-19) កាលពីព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងមហាផ្ទៃ។ សម្ដេចក្រឡាហោម ស ខេង បានថ្លែងថា កិច្ចប្រជុំថ្ងៃនេះ គឺធ្វើឡើងតាមការប្រគល់ភារកិច្ចពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សាស្វែងរកគន្លឹះសំខាន់ៗ ក្នុងការដោះស្រាយបញ្ហានានាក្នុង ស្ថានភាពនៃវិបត្ដិកូវីដ១៩ ដើម្បីរក្សាស្ថិរភាព សុវត្ថិភាពសង្គម ក្នុងរយៈពេលខ្លី មធ្យម និងវែងទៅមុខទៀត ។ តាមរយៈកិច្ចប្រជុំនេះ បញ្ហាទេសន្តប្រវេសន៍ពាក់ព័ន្ធនឹងពលករ ដែលបានវិលត្រឡប់មកបណ្ដាប្រទេសនានា ពិសេសពលករដែលបានវិលមកពីប្រទេសថៃ ចូលកម្ពុជាវិញមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលគិតមកដល់ ពេលនេះ មានចំនួនប្រមាណ ៨៥.០០០នាក់ ដែលភាគច្រើនអាចផ្គត់ផ្គង់ជីវភាពគ្រួសារបានក្នុងរយៈពេលខ្លីប៉ុណ្ណោះ ។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដឹកនាំកិច្ចប្រជុំ ពិគ្រោះយោបល់ដើម្បីពិនិត្យលទ្ធភាពក្នុងការឆ្លើយតបទៅនឹងតម្រូវការរយៈពេលខ្លី មធ្យម និងវែង របស់ពលករចំណាកស្រុកក្នុងស្ថានភាពរីករាលដាលនៃជំងឺកូវីដ១៩ (Covid-19) សម្ដេចក្រឡាហោម បានបញ្ជាក់ថា ជាទូទៅ ពួកគាត់រំពឹងថានឹងត្រឡប់ទៅប្រទេសថៃវិញដើម្បីធ្វើការងារបន្ទាប់ពីបញ្ចប់ពិធីបុណ្យចូលឆ្នាំ។ ប៉ុន្តែនៅក្នុងស្ថានភាពបច្ចុប្បន្ន ទាំងកម្ពុជា និងថៃបានរឹតបន្តឹងការឆ្លងកាត់ព្រំដែន ពិសេសគឺថៃកំពុងមានការរាតត្បាតជំងឺកូវីដ១៩ក្នុងស្ថានភាពធ្ងន់ធ្ងរនៅឡើយ រហូតបានដាក់ប្រទេសស្ថិតក្នុងគ្រាអាសន្នដោយមិនទាន់កំណត់ពេលត្រូវបើកឡើងវិញនៅឡើយទេ ។ សម្ដេចក្រឡាហោមបានបន្តថា ក្នុងបេសកកម្មប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតគណៈកម្មការជាតិដឹកនាំដោយសម្ដេចតេជោនាយករដ្ឋមន្ត្រី និងបង្កើតគណៈកម្មការអន្តរក្រសួងដឹកនាំដោយរដ្ឋមន្ត្រីក្រសួង សុខាភិបាល ដោយបានបង្កើតក្រុមការងារប្រតិបត្តិចំនួនពីរ គឺក្រុមការងារប្រតិបត្តិការបច្ចេកទេស និងផ្គត់ផ្គង់ និងក្រុមការងារប្រតិបត្តិអប់រំ បណ្ដុះបណ្ដាល និងទំនាក់ទំនងសាធារណៈ ៕សរន

website_news/2020230401.txt · Last modified: 2020/04/24 11:21 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki