website_news:2020230404

ក្រសួងមហាផ្ទៃ ហាមឃាត់ពលករខ្មែរប្រមាណជាង៨ម៉ឺននាក់ មិនឲ្យត្រឡប់ទៅក្រៅប្រទេសវិញ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩

https://www.cen.com.kh/ April 22, 2020

ភ្នំពេញ៖ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស (គ.ជ.ប.ជ) បានថ្លែងថា ពលករខ្មែរចំណាកស្រុក ដែលត្រឡប់មកស្រុកខ្មែរវិញ នាពេលកន្លងទៅនេះ មានប្រមាណជាង៨ម៉ឺននាក់ គឺមិនទាន់រកឃើញមានឆ្លងជំងឺ កូវីដ-១៩ នៅឡើយទេ ហើយក្នុងស្ថានភាពនេះដែរ ក្រសួងមហាផ្ទៃ ក៏បានហាមឃាត់ពលករទាំងនោះ មិនឲ្យវិលត្រឡប់ទៅក្រៅប្រទេសវិញ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។ លោកជំទាវ មានប្រសាសន៍ថា សូមមេត្តាកុំអាលវិលត្រឡប់ ទៅរកប្រទេសគោលដៅវិញ ដោយសារប្រទេសគោលដៅហ្នឹង បច្ចុប្បន្ននេះគឺមានអត្រាឆ្លងខ្ពស់ជាងយើងទៀត។ អីចឹងប្រសិនបើពួកគាត់វិលត្រឡប់ទៅពេលនេះ គឺជួបនឹងហានិភ័យខ្ពស់ណាស់ ហើយខាងប្រទេសគេវិញក៏រឹតបន្ដឹងដែរ អំពីការបិទព្រំដែនដែរ។

ក្រោយបញ្ចប់កិច្ចប្រជុំពិគ្រោះយោបល់ ដើម្បីពិនិត្យលទ្ធភាពក្នុងការឆ្លើយតប ទៅនឹងតម្រូវការរយៈពេលខ្លី មធ្យមនិងវែងរបស់ពលករចំណាកស្រុក ក្នុងស្ថានភាពរីករាលដាលនៃជំងឺកូវីដ-១៩ នាថ្ងៃទី២២ មេសា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងមហាផ្ទៃ លោកជំទាវ ជូ ប៊ុនអេង បានមានប្រសាសន៍ថា នៅពេលពលករខ្មែរចូលដល់ព្រំដែនភ្លាមៗ ភាគីពាក់ព័ន្ធទាំងអស់បានចុះពិនិត្យ និងសួរប្រវត្តិពួកគាត់ ព្រមទាំងបញ្ជូនទៅធ្វើចត្តាឡីស័កផងដែរ។ លោកជំទាវមានប្រសាសន៍ថា បើសិនយើងរកឃើញថា មានពលករយើងណាម្នាក់ មានកម្តៅ ខុសពីធម្មតា។ គឺពួកគាត់ស្ថិតនៅការតាមដានបន្ដអត់ទាន់បញ្ជូនគាត់ចេញមកទេ។ អីចឹងនៅពេលនោះ មានជាបន្ដបន្ទាប់ ដែលយើងស្នើសុំមន្ទីរពេទ្យបង្អែកព្រំដែន ត្រូវពិនិត្យបន្ថែម ដើម្បីយកសំណាកក្នុងការពិនិត្យអីចឹង យើងរកអត់ទាន់ឃើញ យើងគិតថាពួកគាត់មានក្ដៅដោយមូលហេតុផ្សេងៗ។ លោកជំទាវបន្ដថា នៅក្នុងការផ្សព្វផ្សាយ របស់ក្រសួងសុខាភិបាល គឺមានជាង៤០០នាក់ (ពលករ) ដែលបានសង្ស័យ ហើយយកសំណាកទៅពិនិត្យ ប៉ុន្ដែមកដល់ពេលនេះការចេញលទ្ធផលជាបន្ដបន្ទាប់ ដូចជា មិនទាន់រកឃើញថា អ្នកដែលមានឆ្លងមេរោគ កូវីដ-១៩ នៅឡើយទេ។

ឆ្លៀតឱកាសនោះដែរ លោកជំទាវ ជូ ប៊ុនអេង ក៏បានអំពាវនាវ និងលើកទឹកចិត្តទៅដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវមានការដាំដុះបន្លែបន្ថែម នៅតាមទីលំនៅរៀងៗខ្លួនជាដើម ដើម្បីរកប្រាក់ចំណូលក្នុងគ្រួសារបន្ថែមទៀត ជាពិសេសត្រូវមានការអត់ធ្មត់ចំពោះដំណាក់កាល ដែលកម្ពុជាកំពុងជួបប្រទះ បញ្ហាការរីករាលដាលនៃជំងឺកូវីដ-១៩នេះ។ លោកជំទាវបានរំលឹកថា រហូតដល់ពេលនេះ មិនទាន់មានសភាពធ្ងន់ធ្ងរណាមួយចំពោះការឆ្លងជំងឺកូវីដ-១៩ ទៅពលរដ្ឋខ្មែរនៅក្រៅប្រទេស នៅឡើយនោះទេ ប៉ុន្តែបើទោះជាយ៉ាងនេះក្តី ក៏រាជរដ្ឋាភិបាលកំពុងតាមដាន យ៉ាងយកចិត្តទុកដាក់ចំពោះ ពលករ ពលរដ្ឋ សិស្សនិស្សិតនៅក្រៅប្រទេសផងដែរ៕ដោយ៖បញ្ញាស័ក្តិ

website_news/2020230404.txt · Last modified: 2020/04/24 11:27 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki