website_news:2020230405

កម្ពុជាហាមឃាត់មិនឱ្យពលករវិលត្រឡប់ទៅធ្វើការនៅក្រៅប្រទេសវិញ

http://www.rfi.fr/km/ ចុះផ្សាយនៅថ្ងៃ: 22/04/2020 - 13:08 ដោយ៖វណ្ណ សុគន្ធា

គិតមកដល់ពេលនេះ ពលករខ្មែរប្រមាណជាជាង៨ម៉ឺន៥ពាន់នាក់ បានវិលត្រឡប់ចូលក្នុងប្រទេសកំណើតវិញដោយសារបញ្ហារីករាលដាលនៃជំងឺកូវីដ-១៩។ ក្រសួងមហាផ្ទៃបានប្រកាសហាមឃាត់ពលករខ្មែរទាំងនេះមិនឱ្យវិលត្រឡប់ទៅកាន់ប្រទេសដែលខ្លួនធ្វើការវិញទេ ដើម្បីសុវត្ថិភាពពួកគេ។ ជាមួយនឹងការហាមឃាត់នេះ ក្រសួងមហាផ្ទៃក៏បានជំរុញឱ្យពួកគេធ្វើកិច្ចការផ្សេងៗនៅក្នុងស្រុក ដើម្បីផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃក្នុងស្ថានភាពនៃការរីករាលដាលជំងឺកូវីដ-១៩នេះ។

លោកស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃកម្ពុជា បានប្រកាសឱ្យដឹងថា កម្ពុជាមិនអាចអនុញ្ញាតឱ្យពលករខ្មែរដែលវិលត្រឡប់មកពីបរទេសដូចយ៉ាងប្រទេសថៃ វិលទៅធ្វើការនៅក្នុងប្រទេសគោលដៅរបស់ខ្លួនវិញនោះទេនាពេលនេះ។ នៅក្នុងកិច្ចប្រជុំពិគ្រោះយោបល់ដើម្បីពិនិត្យលទ្ធភាពក្នុងការឆ្លើយតបទៅនឹងតម្រូវការរយៈពេលខ្លី មធ្យម និងវែងរបស់ពលករចំណាកស្រុកក្នុងស្ថានភាពរីករាលដាលនៃជំងឺកូវីដ-១៩នៅព្រឹកថ្ងៃពុធនេះ លោកស ខេង បានពន្យល់ដោយលើកឡើងពីប្រទេសថៃថា ពលករខ្មែរមិនអាចវិលទៅថៃវិញបានទេ ដោយសារតែថៃបានបិទព្រំដែន ហើយកំពុងដាក់ប្រទេសក្នុងភាពអាសន្ន ព្រោះតែស្ថានភាពជំងឺកូវីដ-១៩ នៅបន្តមានភាពធ្ងន់ធ្ងរនៅឡើយ។ ប៉ុន្តែ ក៏មានបញ្ហាប្រឈមដែរនៅពេលដែលពលករខ្មែរបន្តស្នាក់នៅក្នុងប្រទេស ពិសេស គឺនៅស្រុកកំណើតរបស់ខ្លួន។ បញ្ហានោះ បើតាមលោកស ខេង គឺពលករខ្លះអាចមានលទ្ធភាពផ្គត់ផ្គង់ការរស់នៅរបស់ខ្លួន និងក្រុមគ្រូសារបានយូរអង្វែង តែពលករខ្លះទៀតអាចផ្តត់ផ្គង់ក្នុងរយៈពេលខ្លីតែប៉ុណ្ណោះ។ ចំពោះបញ្ហានេះ រដ្ឋាភិបាលកម្ពុជាបានរៀបចំបង្កើតនូវក្រុមការងារពីរក្រុមព្រមពេលគ្នា គឺក្រុមការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និង ក្រុមការងារសន្តិសុខស្បៀង។ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការ និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្សនៃក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ឱ្យដឹងថា ក្រុមការងារទាំងពីរនេះនឹងធ្វើការជាមួយគ្នា ដើម្បីរៀបចំចេញជាគោលនយោបាយ ឬផែនការជាតិ ដើម្បីទប់ទល់បញ្ហាប្រឈមដែលកើតចេញពីជំងឺកូវីដ-១៩ក្នុងរយៈពេលយូរអង្វែងទៅពេលខាងមុខ។ ប៉ុន្តែ នៅចំពោះមុខនេះ លោកស្រីជូ ប៊ុនអេង បានអំពាវនាវឱ្យពលករខ្មែរទាំងអស់អត់ធ្មត់ឱ្យខ្ពស់ ។ ជាមួយគ្នានេះ លោកស្រីបានជំរុញឱ្យពលករខ្មែរធ្វើការដាំដុះ ចិញ្ចឹមសត្វ ឬកែច្នៃមុខរបរផ្សេងៗ ដើម្បីកាត់បន្ថយការចំណាយ រកចំណូល និងមានស្បៀងគ្រប់គ្រាន់។

សូមបញ្ជាក់ថា គិតមកដល់ពេលនេះ ពលករខ្មែរប្រមាណជាង៨ម៉ឺន៥ពាន់នាក់បានចូលមកប្រទេសកម្ពុជា វិញ។ ពលករខ្មែរទាំងនេះ មិនទាន់រកឃើញមានអ្នកណាម្នាក់មានផ្ទុកជំងឺកូវីដ-១៩នោះទេ។ នេះបើតាមការបញ្ជាក់ របស់លោកស្រីជូ ប៊ុនអេង។ លោកស្រីជូ ប៊ុនអេង ក៏បានបន្ថែមឱ្យដឹងទៀតថា ចំពោះពលករខ្មែរនៅក្រៅប្រទេសវិញ ក៏មិនទាន់មានព័ត៌មានថា មានឆ្លងជំងឺកូវីដ-១៩នេះផងដែរ។ តែទោះយ៉ាងណាក៏ដោយ លោកស្រីថា រដ្ឋាភិបាលកម្ពុជាកំពុងតាមដានពីបញ្ហានេះ និង ត្រៀមខ្លួនក្នុងការជួយដោះស្រាយបញ្ហាប្រឈមរបស់ពួកគេ៕

website_news/2020230405.txt · Last modified: 2020/04/24 11:29 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki