website_news:2020230601

លោកឧត្តមសនីយ៍ទោស្នងការ “ឆមាសទី១ ឆ្នាំ២០២០នេះ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ទទួលបានលទ្ធផលបង្រ្កាបជាក់ស្តែងមានការកើនឡើង ៨៩ភាគរយ”

http://cambodiapolice.com/policekh/ 2:07 pm 22 មិថុនា 2020

ព្រះសីហនុ៖ នាព្រឹកថ្ងៃចន្ទ ២កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០នេះ នៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផល កិច្ចប្រតិបត្តិការរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គមប្រចាំឆមាសទ១ ឆ្នាំ២០២០ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត កិច្ចប្រជុំនេះក៏មានការចូលរួមអំពី អស់លោក លោកស្រីឧត្តមសេនីយ៍ វរៈសេនីយ៍ស្នងការរង នាយ នាយរង និងអធិការក្រុងស្រុកផងដែរ។

យោងតាមរបាយការណ៍បូកសរុបដែលអានដោយលោកឧត្តមសេនីយ៍ត្រី អ៊ឹម វលក្ខណ៍ ស្នងការរង ផែនសេនាធិការ បានអោយដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០២០នេះ គ្រោះថ្នាក់ចរាចរណ៍ បើប្រៀបធៀបឆមាសទី១ ឆ្នាំកន្លងទៅ ហាក់ដូចជាមានការថយចុះ អត្រាស្លាប់មានការថយចុះ៣១ភាគរយ ទាំងនេះនៅតែជាបញ្ហាប្រឈមដែលតម្រូវអោយប្រមូលផ្តុំគ្នាកាត់បន្ថយ។ ចំពោះគ្រោះអគ្គីភ័យនៅតែមានការកើតឡើង ដោយតម្រូវអោយមានការផ្សព្វផ្សាយអោយមានការប្រុងប្រយ័ត្នខ្ពស់ បង្ហាត់បង្រៀនបន្ថែមការសង្គ្រោះបឋមនៅពេលមានអគ្គីភ័យកើតឡើង។ ជារួមនោះគ្រឿងញៀននៅតែជាបញ្ហានិងប្រធានបទដែលត្រូវដោះស្រាយនៅក្នុងឆមាសទី១ ឆ្នាំកន្លងទៅ និងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទបង្រ្កាបបាន១៣ករណី ឃាត់ខ្លួន១៥នាក់ ពាក់ព័ន្ធជនបរទេស៣ករណី ជនជាតិចិន។ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ជាលទ្ធផលបង្រ្កាប បាន១៦៦ ករណី ឃាត់ខ្លួន ៣៣៧នាក់ ពាក់ព័ន្ធជនបរទេស ៤៤ករណី ឃាត់ខ្លួន១៥០នាក់ ស្រី១នាក់ មាន៣សញ្ជាតិ។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត បានមានប្រសាសន៍ថា គាំទ្រលើរបាយការណ៍ឆមាសទី១ នេះ និងកោតសរសើរដល់កងកម្លាំងជំនាញទាំងអស់ តែទោះជាសភាពការណ៍បទល្មើសមានការកើនឡើង ក៏ពិតមែនដោយមានការចង្អុលបង្ហាញពីអគ្គស្នងការដ្ឋាននគរបាលជាតិ នាយកដ្ឋានជំនាញ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ព្រមទាំងមានការចូលរួមពីមហាជនល្អ ក្នុងការសហការណ៍ផ្តល់ព័ត៌មានពាក់ព័ន្ធបទល្មើសគ្រប់ប្រភេទ បានពង្រឹងកិច្ចការប៉ុស្តិ៍រដ្ឋបាលដើម្បីរួមចំណែក បង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រប់ប្រភេទ ដែលកើតឡើងក្នុងមូលដ្ឋាន ធ្វើអោយស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ទទួលបានលទ្ធផលបង្រ្កាបជាក់ស្តែងមានការកើនឡើង ៨៩ភាគរយ ។

លោកឧត្តមសេនីយ៍ស្នងការ ក៏បានជំរុញបន្ថែមលើការរៀបចំលើគម្រោង ដែលទាក់ទងនិងគ្រោះមហន្តរាយ សម្រាប់គ្រប់គងរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ស្របតាមខ្លឹមសារសេចក្តីសម្រេចរបស់រដ្ឋបាលខេត្ត ។ ធ្វើផែនការត្រៀមបម្រុងទុក សម្រាប់ប្រតិបត្តិការឆ្លើយតបបានទាន់ពេលវេលាពេលមានគ្រោះមហន្តរាយកើតឡើងក្នុងខេត្តនេះ ។ ក្នុងនោះដែរលោកឧត្តមសេនីយ៍ស្នងការបានធ្វើការក្រើនរំលឹកអោយបងប្អូនមន្រ្តីក្រោមឱវាទត្រូវយកចិត្តទុកដាក់អោយបានខ្ពស់បន្ថែមលើការអនាម័យទាំងនៅកន្លែងធ្វើការ ទាំងគ្រួសារ និងទីសាធារណៈដើម្បីជៀសផុតពីជំងឺរាតត្បាតអាសន្តរោគផ្សេងៗ ជាពិសេសជំងឺ កូវីដ១៩ ៕

website_news/2020230601.txt · Last modified: 2020/06/23 13:51 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki