website_news:2020230701

មួយថ្ងៃពលករយ៉ាងតិច៣០នាក់ ត្រូវថៃចាប់ខ្លួននៅ៣ទីតាំងផ្សេងគ្នា

https://kohsantepheapdaily.com.kh/ ថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ ២០២០ ម៉ោង ១០:៣៧ ម៉ុត សារុន

ខេត្តបន្ទាយមានជ័យ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ពលករខ្មែរយ៉ាងតិច៣០នាក់ត្រូវបានសមត្ថកិច្ចចម្រុះក្នុងខេត្តស្រះកែវថៃ ធ្វើការចាប់ខ្លួននៅ៣ទីតាំងផ្សេងគ្នាក្នុងស្រុកចំនួន២ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ តើពលករទាំងនេះចេញពីកម្ពុជាតាមច្រករបៀងណា? ហើយសមត្ថកិច្ចជួរមុខកម្ពុជាធ្វើអ្វី?

បើយោងតាមការចុះផ្សាយលើគេហទំព័រកាសែតក្នុងស្រុកថៃមួយបានឲ្យដឹងថា ពលករខ្មែរចំនួន៣០នាក់ ក្នុងនោះស្រី១២នាក់ និងប្រុស១៨នាក់ ត្រូវសមត្ថកិច្ចថៃចាប់នៅស្រុកអារញ្ញ និងស្រុកតាប្រាយ៉ា ក្រោយឆ្លងព្រំដែនពីកម្ពុជា ហើយប្រុងទៅរកការងារធ្វើលើទឹកដីថៃក្រុងបាងកក, ឈុនបូរី, ប៉ាធុមថានី និងសារ៉ាក់បូរី ដែលចំណាយប្រាក់ឲ្យមេខ្យល់ម្នាក់៣០០០បាត។ ប្រភពដដែលថា ពលករចំនួន១៥នាក់ ក្នុងនោះស្រី៦នាក់ ត្រូវសមត្ថកិច្ចថៃចាប់ពី២ទីតាំងផ្សេងគ្នាក្នុងឃុំនិងស្រុកតាប្រាយ៉ា ខេត្តស្រះកែវឈមទឹកដីកម្ពុជា ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

ដោយឡែកពលករចំនួន១៥នាក់ ក្នុងនោះប្រុស៩នាក់ ត្រូវសមត្ថកិច្ចថៃចាប់បាននៅចំណុចផ្លូវបំបែកខ្លងហាតវ៉ាត់ថាណាណាក់ខន ក្នុងស្រុកខ្លងហាត ខេត្តស្រះកែវ បន្ទាប់ពីទាហានព្រានថៃ បានប្រទះឃើញក្រុមពលករទាំងនេះរត់ឆ្លងផ្លូវជាប់ព្រំដែនក្នុងឃុំថាប់ភ្រិក ស្រុកអារញ្ញ ខេត្តស្រះកែវ ហើយក៏រាយការណ៍ឲ្យសមត្ថកិច្ចដាក់បារ៉ាស់ត្រួតពិនិត្យរថយន្តសង្ស័យ ក៏ឃាត់បានពលករទាំងនេះ និងរថយន្តពាក់ស្លាកលេខថៃ១គ្រឿង ព្រមទាំងឃាត់ខ្លួនអ្នកបើកបររថយន្តជាស្ត្រីជនជាតិថៃម្នាក់ផងដែរ។

យ៉ាងណាក៏ដោយ ពលករទាំងអស់ និងអ្នកបើកបររថយន្តជាស្ត្រីជនជាតិថៃ ក្រោយពីឃាត់ខ្លួនបាន ត្រូវបញ្ជូនទៅស្ថានីយតម្រួតក្នុងស្រុកកើតហេតុទាំង២ខាងលើ ដើម្បីធ្វើការសាកសួរលម្អិតបន្ត៕ (កែសម្រួល៖ បុប្ផា)

website_news/2020230701.txt · Last modified: 2020/07/23 15:09 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki