website_news:2020230703

តុលាការខេត្តព្រះសីហនុសម្រេចឃុំខ្លួនជនជាតិចិន ៤នាក់ និងជនជាតិរុស្សីម្នាក់ ពីបទ "សញ្ចរកម្ម"

https://www.rfa.org/khmer/ ដោយ ហេង រស្មី 2020-07-22

តុលាការខេត្តព្រះសីហនុ សម្រេចឃុំខ្លួនជនជាតិចិនចំនួន ៤នាក់ និងជនជាតិរុស្ស៊ី ម្នាក់ នៅពន្ធនាគារខេត្តពីបទសង្ស័យថា ពាក់ព័ន្ធ “សញ្ចរកម្ម” ក្រោយពីសមត្ថកិច្ចឆ្មក់ចូលបង្ក្រាបកន្លែងរកស៊ីផ្លូវភេទមួយកន្លែងកាលពីសប្ដាហ៍មុន។

អ្នកនាំពាក្យតុលាការខេត្តព្រះសីហនុ លោក លឹម ប៊ុនហេង ប្រាប់អាស៊ីសេរី នៅថ្ងៃម្សិលមិញថា ចៅក្រមស៊ើបសួរបានសម្រេចបញ្ជូនជនសង្ស័យទាំង ៥នាក់ទៅឃុំឃាំងបណ្ដោះអាសន្ន ដើម្បីរង់ចាំការជំនុំជម្រះ ហើយសមត្ថកិច្ចបានដោះលែងស្ត្រីបម្រើសេវាកម្ម និងភ្ញៀវដែលមករកសេវាកម្ម ។ សមត្ថកិច្ចខេត្តព្រះសីហនុកាលពីថ្ងៃទី១៦ ខែកក្កដា បានឆ្មក់ចូលបង្ក្រាបទីតាំងលួចលាក់ប្រកបអាជីកម្មជួញដូរផ្លូវភេទមួយកន្លែងដែលគ្រប់គ្រងដោយជនបរទេស មានទីតាំងនៅ ក្នុងសង្កាត់លេខ២ ក្រុងព្រះសីហនុ។ក្រោយពីការបង្ក្រាបសមត្ថកិច្ចបានចាប់ខ្លួន មនុស្សចំនួន ៣០នាក់ រួមមានជនជាតិចិន ជនជាតិវៀតណាម និងជនជាតិរុស្ស៊ី។ ស្របពេល តុលាការក្រុងព្រះសីហនុ សម្រេចឃុំខ្លួនជនជាតិចិន និងរុស្ស៊ី នៅក្នុងទីក្រុងភ្នំពេញឯណោះវិញ តុលការកំពុងសាកសួរជនជាតិចិនចំនួន ១១នាក់ពាក់ព័ន្ធ នឹងករណីចាប់ជំរិតមិនបានសម្រេចទៅលើជនជាតិចិនដូចគ្នា។

សមត្ថកិច្ច នៃក្រសួងមហាផ្ទៃកាលពីថ្ងៃទី១៧ កក្កដា បានចាប់ខ្លួនជនជាតិចិនចំនួន ១១នាក់ ក្រោយពីពួកគេបានចាប់បុរសជនជាតិចិនដូចគ្នា បង្ខាំងទុកដើម្បីជំរិតទារប្រាក់ចំនួន ៣០ម៉ឺនដុល្លារ មិនបានសម្រេចពីក្រុមគ្រួសារជនរងគ្រោះ។ ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ លោក ហែម ប៊ុនណា និយាយថា ជនរងគ្រោះត្រូវជនល្មើសយកបង្ខាំងទុកនៅក្នុងបន្ទប់ផ្ទះជួលមួយកន្លែងដែលមានទីតាំងនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ ក្រុងភ្នំពេញ។

ចាប់ពីខែមិថុនា ដល់ខែកក្កដានេះ ករណីជំរិតទារប្រាក់រវាងជនជាតិចិន និងជនជាតិចិនដូចគ្នានេះបានកើតមានឡើងចំនួនចំនួន ៣ករណីហើយគឺពីរករណីកើតមានឡើងនៅក្នុងខេត្តព្រះសីហនុ និងករណីចុងក្រោយកើតមានឡើងនៅក្នុងទីក្រុងភ្នំពេញ។ កាលពីឆ្នាំ២០១៩ សមត្ថកិច្ចខេត្តព្រះសីហនុក៏ បានចាប់បញ្ជូនខ្លួនជនជាតិចិនចំនួន ១២៧នាក់ពាក់ព័ន្ធទៅកាន់ប្រទេសចិនវិញក្រោយពីបានចាប់ខ្លួនពាក់ព័ន្ធនឹងការចាប់ជំរិតទារប្រាក់តាមប្រព័ន្ធអ៊ីនធឹណិត៕

website_news/2020230703.txt · Last modified: 2020/07/23 15:13 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki