website_news:2020230902

អូស្ដ្រាលី កោតសរសើរ ចំពោះកិច្ចសហការល្អ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង ការសម្អាតប្រាក់ និងអាជីវកម្មលើកុមារ

https://dap-news.com/national/ BySS107 Posted on September 22, 2020

ភ្នំពេញ ៖ លោក PABLO KANG ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំនៅកម្ពុជា បានកោតសរសើរ ចំពោះកិច្ចសហប្រតិបត្តិការល្អរបស់កម្ពុជា ជាពិសេសលើការប្រយុទ្ធប្រឆាំងនឹងការសម្អាតប្រាក់ អាជីវកម្មលើកុមារ និងឧក្រិដ្ឋកម្មឆ្លងដែន។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងយុត្តិធម៌។

ក្នុងជំនួបពិភាក្សាការងារជាមួយ លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ លោក PABLO KANG បានថ្លែងថា «សូមសម្តែងនូវការកោតសរសើរ ចំពោះកិច្ចសហប្រតិបត្តិការល្អរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស លើការប្រយុទ្ធប្រឆាំងនឹងការសម្អាតប្រាក់ អាជីវកម្មលើកុមារ និងឧក្រិដ្ឋកម្មឆ្លងដែន។ហើយ ក៏បានសាទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងយុត្តិធម៌ ក្នុងយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូង រាជធានី-ខេត្ត»។

ចំណែក លោក កើត រិទ្ធ ក៏បានថ្លែងអំណរគុណ ដល់រដ្ឋាភិបាលអូស្ត្រាលី ដែលតែងតែបានចូលរួមចំណែកស្ទើរគ្រប់វិស័យនៅក្នុងប្រទេសកម្ពុជា តាមរយៈជំនួយក្នុងវិស័យសុខាភិបាល វិស័យកសិកម្ម ជាអាទិ៍ និងការផ្តល់ជំនួយបច្ចេកទេសក្នុងការរៀបចំកសាងលិខិតបទដ្ឋានគតិយុត្តនាពេលកន្លងមក ដូចជាច្បាប់ស្តីពីការជួយគ្នាទៅវិញទៅមកក្នុងវិស័យព្រហ្មទណ្ឌជាដើម។ ឆ្លៀតឱកាសនោះដែរ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំនៅកម្ពុជា បានសម្តែងនូវការគាំទ្រក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀត ដោយផ្តោតលើការអភិវឌ្ឍធនធានមនុស្ស ការកសាងក្របខ័ណ្ឌគតិយុត្ត ការបង្រ្កាបបទល្មើស និងវិស័យអាទិភាពមួយចំនួនទៀត៕ ដោយ ៖ អេង ប៊ូឆេង

website_news/2020230902.txt · Last modified: 2020/09/23 13:59 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki