website_news:2020231001

ក្រសួងការបរទេសថា ស្ត្រីខ្មែរ៧៥នាក់ ត្រូវបានរំដោះក្រោយពីចាញ់បោករៀបការប្ដីនៅចិន

https://www.rfa.org/khmer/news/ ដោយ ហេង រស្មី 2020-10-22

មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសថា ក្នុងរយៈពេល៩ខែ នេះ អាជ្ញាធរបានរំដោះស្ត្រីខ្មែរចំនួន៧៥ នាក់ ដែលបានចាញ់បោកគេទៅរៀបការនៅក្នុងប្រទេសចិន។ មន្ត្រីសង្គមស៊ីវិលដែលឃ្លាំមើលសិទ្ធិការងារលើកឡើងថា ដោយសារតែបញ្ហាជីវភាព ទើបធ្វើឱ្យស្ត្រីខ្មែរងាយស្រួលបាញ់បោករៀបការជាមួយជនជាតិចិនដែលមិនស្គាល់ប្រវត្តិច្បាស់លាស់។

អ្នកនាំពាក្យក្រសួងការបរទេសលោក កុយ គួង មានប្រសាសន៍ថា ស្ត្រីខ្មែរចុងក្រោយគេ ដែលបានរំដោះចេញពីទីក្រុងសៀងហៃ ប្រទេសចិន បានមកដល់ស្ថានអគ្គកុងស៊ុល កាលពីយប់ ថ្ងៃទី១៦ តុលា ដោយសុវត្ថិភាព។ លោកថា ស្ត្រីរូបនោះបានស្នាក់នៅស្ថានអគ្គកុងស៊ុល រហូតដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ ២០២០ ទើបអាចចេញដំណើរត្រឡប់ទៅកម្ពុជាវិញតាមជើងយន្តហោះស្ពីង អ៊ែរឡាញ(Spring Airlines 9 c8533) ដោយចេញដំណើរពីទីក្រុងសៀងហៃ ហើយនិងទៅដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ វេលាម៉ោង ៥ល្ងាចថ្ងៃដដែលនេះ។ ក្រសួងការបរទេសកម្ពុជាថា ស្ថានកុងស៊ុលកម្ពុជាប្រចាំនៅក្នុងទីក្រុងសៀងហៃ ប្រទេសចិន បានសហការជាមួយអាជ្ញាធរចិនជួយស្ត្រីខ្មែរមួយរូប ស្នាក់នៅក្នុងខេត្តជឺជាំង ដោយសារតែលោកស្រីរស់នៅមិនចុះសម្រុងគ្នាជាមួយស្វាមី ហើយបានបង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុកសុំឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយអន្តរាគមន៍។ រដ្ឋាភិបាលកម្ពុជាបានជួយស្ត្រីខ្មែរចំនួន ៧៥ នាក់ហើយ ក្រោយពីចាញ់បោកគេទៅរៀបការនៅក្នុងប្រទេសចិន ក្នុងរយៈពេល៩ខែកន្លងទៅនេះ។

រដ្ឋលេខាធិការក្រសួងមហាផ្ទៃអ្នកស្រី ជូ ប៊ុនអេង និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស មានប្រសាសន៍ប្រាប់ក្រុមអ្នកការសែត នៅក្នុងសិក្ខាសាលាថ្នាក់ជាតិ ស្តីពីការជួញដូរមនុស្សថា ស្ត្រីខ្មែរក្មេងៗងាយនឹងរងគ្រោះដោយសារចាញ់បោកគេទៅរៀបការជាមួយនៅក្រៅប្រទេស។ អ្នកស្រីថា ការរៀបការនៅក្រៅប្រទេសដោយសង្ឃឹមថា នឹងមានជីវភាពសមរម្យ ធ្វើឲ្យស្ត្រីខ្មែរងាយស្រួលក្នុងការចាញ់បោកគេ។ អ្នកស្រីឲ្យដឹងទៀតថា ស្ត្រីខ្មែរគួរតែទប់ស្មារតី ដើម្បីកុំឲ្យចាញ់បោកគេ ហើយរៀនរស់នៅក្នុងប្រទេស ប្រសើរជាង៖«អ៊ីចឹងកុំចេញតែប្រថុយប្រថាន យើងរៀនរស់នៅក្នុងស្រុកក្នុងស្ថានភាពមួយល្អប្រសើរដូចគេដូចឯង។ ពីព្រោះមនុស្សរាប់លាននាក់គេអាចរស់បាន តើហេតុអ្វីយើងមិនអាចរស់បាន ហើយបើចេញទៅក្រៅប្រទេស យើងមិនហាមឃាត់ទេ បើក្នុងករណីមានសុវត្ថិភាព។ ប៉ុន្តែបើយល់ថា ចេញទៅចាញ់បោកគេ ហើយគ្មានសុវត្ថិភាព គួរតែទប់ស្កាត់ចិត្តខ្លួនឯងដើម្បីកុំឲ្យមានការចាញ់បោកបន្តទៀត»។

ទាក់ទិននឹងបញ្ហាស្ត្រីខ្មែរចាញ់បោកគេនេះ នាយកប្រតិបត្តិ នៃមជ្ឈមណ្ឌលសម្ពន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា មានប្រសាសន៍ថា ស្ត្រីខ្មែរងាយស្រួលរងគ្រោះចាញ់បោកគេ ទៅរៀបការនៅក្រៅប្រទេស គឺបណ្តាលមកពីភាពក្រីក្រ គ្មានការងារធ្វើ ជំពាក់បំណុលគេ ហើយនឹងប្រព័ន្ធសេវាសង្គមរបស់រដ្ឋាភិបាលមិនទាន់បានទូលំទូលាយ។ លោកថា នៅបណ្ដាប្រទេសមួយចំនួននៅពេលណាដែលពលរដ្ឋអត់ការងារធ្វើ រដ្ឋាភិបាលជាអ្នកទទួលបន្ទុកចំណាយមួយចំនួនរបស់ពលរដ្ឋ ប៉ុន្តែនៅកម្ពុជាពុំទាន់មានប្រព័ន្ធសង្គមឲ្យបានគ្រប់គ្រាន់ទេ គឺពលរដ្ឋប្រឹងរស់ ប្រឹងរកការងារ ប្រឹងរកចំណូលអ្វីផ្សេងៗដោយខ្លួនឯង។ លោកបន្ថែមថា មេខ្យល់ក៏ជាចំណុចសំខាន់ក្នុងការទាក់ទាញស្ត្រីខ្មែរ ទៅរៀបការនៅក្រៅប្រទេសផងដែរ៖ «ដោយសារតែមានមេខ្យល់មកបញ្ចុះបញ្ចូល ថា គាត់អាចមានឱកាស ទទួលបានការងារធ្វើនៅក្រៅប្រទេស។ល។ ទាំងប្រទេសថៃ(Thailand)ក្តី ម៉ាឡេស៊ី(Malaysia) ចិន(China) កូរ៉េ (South Korea) ឬមួយជប៉ុន(Japan) ជាដើម ។ មេខ្យល់នេះមែនទែនទៅ ដោយសារការអនុវត្តច្បាប់នៅកម្ពុជា នៅមានភាពធូររលុង ហើយអំពើពុករលួយយើងនៅខ្ពស់។ អ៊ីចឹង ជាឱកាសមួយរបស់មេខ្យល់ហ្នឹងអាចធ្វើសកម្មភាពរាងទូលំទូលាយដែរ»។

របាយការណ៍ ក្រសួងការបរទេសសហរដ្ឋអាមេរិក ស្ដីពីការជួញដូរមនុស្សឆ្នាំ២០២០ បានបង្ហាញថា អំពើពុករលួយយ៉ាងរាលដាលជួយជំរុញមានបទល្មើសជួញដូរមនុស្ស។ របាយការណ៍បន្ថែមទៀតថា មន្ត្រីពុករលួយសម្រួលការជួញដូរឆ្លងកាត់ព្រំដែន រារាំងការស៊ើបអង្កេត និងការកាត់ទោស ហើយក្នុងករណីខ្លះ ទទួលបានផលចំណេញដោយផ្ទាល់ពីការជួញដូរ៕

website_news/2020231001.txt · Last modified: 2020/10/23 13:12 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki