website_news:2020231101

នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស សម្របសម្រួលឲ្យស្ត្រី កំពុងរស់នៅប្រទេសចិន បានជួបសន្ទនាជាមួយក្រុមគ្រួសារ បន្ទាប់ពីបង្ហោះឃ្លីបវីដេអូ នៅលើបណ្តាញសង្គមហ្វេសប៊ុក

https://www.cen.com.kh/ November 21, 2020

ភ្នំពេញ៖ ក្រុមការងារប្រតិកម្មរហ័សនៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនពិនិត្យឃើញថា កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ ២០២០ គណនីហ្វេសប៊ុកឈ្មោះ Ah Phalla ដែលកំពុងរស់នៅឯប្រទេសចិន បានធ្វើខ្លឹមសារ អមជាមួយឃ្លីបវីដេអូ បង្ហោះក្នុងបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក អំពាវនាវចង់ជួបសន្ទនាជាមួយកូនស្រីដែលកំរស់នៅប្រទេសកម្ពុជាតាមរយៈទូរស័ព្ទ។

ដោយយល់ពីទំហំនៃសេចក្តីនឹករលឹករបស់ម្ដាយចំពោះកូន ដែលបានបែកគ្នារយៈពេលជាង៧ឆ្នាំ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានចាត់តាំងមន្ត្រីជំនាញធ្វើការស្រាវជ្រាវស្វែងរកប្រភពពិតប្រាកដនៃព័ត៌មាន និងអនុវត្តជំនាញ។ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ កម្លាំងជំនាញនៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន សហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវរកឃើញឈ្មោះ គឹម ថាវី អាយុ៥៧ឆ្នាំ មុខរបរ គប់ប៉េងប៉ោងនៅក្នុងសួនកម្សាន្តចំការព្រីង ស្នាក់នៅផ្ទះលេខ ២២សេ ភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅទូរស័ព្ទលេខ 096 95 94 453 ។ នៅចំពោះមុខសមត្ថកិច្ច អ្នកមីង ឌី ថាវី បានបញ្ជាក់ថា ស្ត្រីដែលបានបង្ហោះវីដេអូឃ្លីបពីប្រទេសចិនមកនោះ មានឈ្មោះ ឌី លីគុន អាយុ៣២ ឆ្នាំ ត្រូវជាកូនប្រសាក៏ប៉ុន្តែបានលែងលះគ្នាជាមួយប្តីចាប់តាំងពីកូនស្រីឈ្មោះ ទូច លីហ្សា អាយុបាន១ឆ្នាំ ដែលបច្ចុប្បន្ននេះកូនស្រីរូបនោះមានអាយុ៨ឆ្នាំហើយ និងកំពុងរស់នៅក្នុងបន្ទុកគ្រួសាររបស់គាត់ ។

តបតាមសំណូមពរស្ត្រីជាម្ដាយដែលទទួលចង់ជួបសន្ទនាតាមទូរស័ព្ទជាមួយកូនស្រីរបស់ខ្លួន កម្លាំងជំនាញនៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានខិតខំសម្របសម្រួលជូនក្រុមគ្រួសារបានជួបជជែកគ្នាតាមទូរស័ព្ទបានដោយជោគជ័យ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី បានសង្កត់ធ្ងន់ថា នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននឹងខិតខំដោះស្រាយសំណូមពររបស់ប្រជាពលរដ្ឋ ទាំងការផ្ដល់សេវាការងារជំនាញដោយផ្ទាល់ និងនៅលើបណ្ដាញទំនាក់ទំនងសង្គម និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាធារណជនដែលបានសហការផ្ដល់ព័ត៌មានក្នុងការចូលរួមចំណែករក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក៏ដូចជាការចូលរួមចំណែកក្នុងការងារយុត្តិធម៌សង្គមនៅកម្ពុជា ជាមួយកងកម្លាំងនគរបាលជាតិនៅទូទាំងប្រទេស ៕ ដោយ៖បញ្ញាស័ក្តិ

website_news/2020231101.txt · Last modified: 2020/11/23 15:02 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki