website_news:2020231202

លោក ស ខេង រំឭកអាជ្ញាធរតាមព្រំដែនកម្ពុជា-ថៃ ចាត់វិធានការពារទប់ស្កាត់កូវី ១៩

https://www.postkhmer.com/ នៀម ឆេង | Publication date 22 December 2020 | 09:40 ICT

ប៉ៃលិនៈ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានរំឭកអាជ្ញាធរនៅខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ឱ្យពង្រឹងគោលការណ៍ណែនាំរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលដាក់ចេញពាក់ព័ន្ធនឹងវិធានការទប់ស្កាត់កូវីដ ១៩ បន្ទាប់ពីមានការផ្ទុះឡើងជំងឺនេះនៅខេត្តសាមុតសាខនប្រទេសថៃ។ ប៉ុន្តែសភាពការណ៍ពលករខ្មែរចូលតាមច្រកទ្វារអន្តរជាតិមិនទាន់មានអ្វីគួរឱ្យកត់សម្គាល់ទេកាលពីម្សិលមិញ។ លោក ស ខេង បានថ្លែងក្នុងពេលលោកធ្វើជាអធិបតីភាពនៃការចូលកាន់តំណែងអភិបាលខេត្តប៉ៃលិននៅថ្ងៃទី ២១ ធ្នូ ថា ខេត្តទាំង ៧ ដែលជាប់ព្រំដែនថៃរួមមានខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន ពោធិ៍សាត់ និង កោះកុង ត្រូវអនុវត្តតាមគោលការណ៍លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យបានខ្ជាប់ខ្ជួនក្នុងការទប់ស្កាត់ជំងឺកូវីដ ១៩។ លោកបញ្ជាក់ថា កាលពីមុនវិធានការសម្រាប់ពលករខ្មែរត្រឡប់ពីប្រទេសថៃ មានតែការពិនិត្យកម្ដៅរួចអនុញ្ញាតឱ្យបន្តដំណើរទៅមូលដ្ឋានរបស់ពួកគេ លើកលែងតែអ្នកដែលមានអាការគួរឱ្យសង្ស័យប៉ុណ្ណោះដែលត្រូវតាមដានពិនិត្យ និងព្យាបាលមុននឹងអនុញ្ញាតឱ្យបន្តដំណើរ។ ប៉ុន្តែលើកនេះ ពលករត្រឡប់មកពីថៃទាំងអស់ត្រូវតែធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃ។

លោក ស ខេង មានប្រសាសន៍ដូច្នេះថា៖ «ប៉ុន្តែឥឡូវនេះបញ្ហាគឺដំបូងយើងខិតខំធ្វើម៉េច…ខិតខំយ៉ាងម៉េចធ្វើចត្តាឡីស័កនៅព្រំដែននេះ។ បើធ្វើបានអាហ្នឹងគឺល្អបំផុតដោយសារកុំឱ្យអ្នកជំងឺនាំចូល ឧបមាថាវាឆ្លងតាមពលករយើងនេះនៅព្រៃវែង ស្វាយរៀង កំពង់ចាម តាកែវអីអ៊ីចឹង។ បើយើងទប់នៅកន្លែងនេះ វានៅតែមួយកង្វល់ហ្នឹងទេ ឬនៅបាត់ដំបង ឬបន្ទាយមានជ័យ»។ លោកបន្តថា៖ «ប៉ុន្តែក្នុងករណីដែលខេត្តមានមក ១០ ម៉ឺន, ២០ ម៉ឺន ដោយសារផ្ទុះនៅទីនោះ គាត់ខ្លាច គាត់រត់មក អាហ្នឹងយើងបានត្រៀមហើយ។ សម្ដេចនាយកលោកបានបញ្ជាហើយមានឡានសម្រាប់ដឹក មិនឱ្យគាត់ជិះតាក់ស៊ីជិះអីរាយប៉ាយទៅនាំឱ្យឆ្លងប៉ះអ្នកដទៃទេ»។ លោក ហ៊ុន សែន កាលពីរសៀលថ្ងៃអាទិត្យបានឱ្យអាជ្ញាធរខេត្តតាមព្រំដែនបង្រួមការឆ្លងកាត់ព្រំដែនអន្តរជាតិជាមួយប្រទេសថៃមកនៅត្រឹម ៣ ប៉ុណ្ណោះ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងដំណើរវិលត្រឡប់ចូលមកកម្ពុជានៃពលករកម្ពុជាពីប្រទេសថៃ។ លោកបានបញ្ជាឱ្យធ្វើចត្តាឡីស័កដល់អ្នកដំណើរទាំងអស់ និងបានបន្ថែមថវិកាសម្រាប់ការធ្វើកិច្ចការនេះ។

យោងតាមកាសែតបាងកកប៉ុស្តិ៍គិតត្រឹមរសៀលថ្ងៃទី ២១ ខែធ្នូ មានការឆ្លងជំងឺកូវីដ ១៩ ជាង ៨០០ ករណី នៅផ្សារលក់ដុំបង្គានៅក្នុងខេត្តសាមុតសាខន នៃប្រទេសថៃ។

លោក កែវ វណ្ណថន អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានឱ្យដឹងកាលពីរសៀលថ្ងៃចន្ទថា សភាពការណ៍ពលករខ្មែរចូលតាមច្រកទ្វារអន្តរជាតិ មិនមានអ្វីគួរឱ្យកត់សម្គាល់ទេ កាលពីម្សិលមិញគឺមានសភាពដូចធម្មតា។ ទោះយ៉ាងណាអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក៏បានធ្វើការណែនាំដល់នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិទាំងអស់ ជាពិសេសច្រកទ្វារនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃឱ្យមានការប្រុងប្រយ័ត្ន។ អគ្គនាយកដ្ឋាននេះបានណែនាំឱ្យប៉ុស្តិ៍នគរបាលច្រកទ្វារ-ព្រំដែន រួមសហការយ៉ាងជិតស្និទ្ធជាមួយមន្ត្រីក្រសួងសុខាភិបាលដើម្បីធ្វើការត្រួតពិនិត្យដំណើរចូលរបស់ភ្ញៀវបរទេស និងពលរដ្ឋខ្មែរដែលចូលមកពីប្រទេសថៃឱ្យបានហ្មត់ចត់ដោយតម្រូវឱ្យពួកគាត់ធ្វើចត្តាឡីស័កត្រឹមត្រូវតាមការកំណត់។ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ថ្លែងថា៖ «ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រូវយកចិត្តទុកដាក់គ្រប់គ្រង និងល្បាតត្រួតពិនិត្យស្លាបឆ្វេងស្លាបស្ដាំក្នុងដែនសមត្ថកិច្ចច្រកទ្វារឱ្យបានច្បាស់លាស់ និងត្រូវឃាត់អ្នកដំណើរចូល ជាពិសេសប្រជាពលរដ្ឋខ្មែរដែលចូលពីប្រទេសថៃដើម្បីយកមកប្រគល់ឱ្យមន្ត្រីភ្នាក់ងារសុខាភិបាលធ្វើការត្រួតពិនិត្យសុខភាព ធ្វើចត្តាឡីស័ក ឱ្យបានហ្មត់ចត់»។ អគ្គនាយកដ្ឋានក៏បានប្រាប់ឱ្យមន្ត្រីអន្តោប្រវេសន៍យកចិត្តទុកដាក់វិធានការអនាម័យ និងប្រុងប្រយ័ត្នការឆ្លងជំងឺនេះពីអ្នកដំណើរ។

ស្របពេលជាមួយគ្នានេះ មន្ត្រីរបស់អង្គការទេសន្តរប្រវេសន៍ (IOM) ក៏មានវត្តមាននៅតាមច្រកព្រំដែនផងដែរ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការជួយសម្រួលពលករនៅពេលឆ្លងកាត់ព្រំដែនពីប្រទេសថៃចូលមកកម្ពុជា ពេលស្នាក់នៅកន្លែងធ្វើចត្តាឡីស័ក និងនៅពេលពួកគេវិលត្រឡប់ទៅផ្ទះសំបែង។ នេះបើតាមលោកស្រី Kristin Parco ប្រធាន IOM ដែលបានថ្លែងតាមអ៊ីមែលកាលពីថ្ងៃចន្ទ។ លោកស្រីសរសេរថា៖ «យើងកំពុងតែពិភាក្សាជាមួយអាជ្ញាធរថ្នាក់ក្រោមជាតិ និងមន្ទីរសុខាភិបាលនៅក្នុងខេត្តដែលរងការប៉ះពាល់ដើម្បីវាយតម្លៃពីតម្រូវការសមរម្យបំផុតដូចជាជំនួយស្បៀងអាហារសម្រាប់ពលករដែលត្រូវធ្វើចត្តាឡីស័ក ការចែកសម្ភារអនាម័យសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនដល់ពលករដែលត្រូវធ្វើចត្តាឡីស័ក និងសម្ភារការពារខ្លួនសម្រាប់បុគ្គលិកពេទ្យជួរមុខ និងផ្សព្វផ្សាយព័ត៌មានអំពីការការពារកូវីដ១៩ នៅសហគមន៍តាមព្រំដែន»។ លោកស្រី គ្រិស្ទីន ក៏បានថ្លែង ទៅកាន់ពលករទាំងអស់យ៉ាងដូច្នេះថា៖ «ឆ្នាំនេះគឺជាឆ្នាំដែលមានបញ្ហាប្រឈមធ្ងន់ធ្ងរសម្រាប់យើងទាំងអស់គ្នា ប៉ុន្តែអ្នកទាំងអស់គ្នាមិនត្រូវបានបោះបង់ចោលទេ។ យើងពិតជាទទួលស្គាល់ការចូលរួម និងការងារដ៏ក្លាហានរបស់អ្នកទាំងអស់គ្នាក្នុងពេលមានកូវីដ ១៩ នេះ។ យើងសូមអរគុណ។ សូមអ្នកទាំងអស់គ្នាប្រកាន់ខ្ជាប់វិធានការការពារខ្លួន និងក្រុមគ្រួសារដោយធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាល»៕

website_news/2020231202.txt · Last modified: 2020/12/23 13:47 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki