website_news:2020231203

របាយការណ៍ ៖ ពលករខ្មែរមកពីបរទេសជិត៦០ភាគរយ នៃ១ពាន់នាក់ គ្មានប្រភពចំណូល

https://thmeythmey.com/ 22, Dec 2020 , 5:18 pm ដោយ: ឡាយ សុភាវតី

ភ្នំពេញ៖ អង្គការទេសសន្តរប្រវេសន៍អន្តរជាតិប្រចាំកម្ពុជា(IOM) និងមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន(UNFPA)ថា ពលករខ្មែរដែលត្រឡប់ពីបរទេសវិញ បន្ទាប់ពីផ្ទុះកូវីដ-១៩ មាន៦០ភាគរយក្នុងចំណោមជាង១ពាន់នាក់ បានបាត់ប្រភពចំណូល។ IOM និង UNFPA បានចេញផ្សាយរបាយការណ៍វាយតម្លៃមួយពីប៉ះពាល់ដល់ផ្នែកសង្គមនិងសុខភាពដោយសារកូវីដ-១៩ ស្ដីពីការវិលត្រឡប់មកវិញរបស់ពលករកម្ពុជា តាមការស្ទង់មតិពលរដ្ឋ១១០៨នាក់ ក្នុងខេត្តបាត់ដំបង់ បន្ទាយមានជ័យ សៀមរាប និងព្រៃវែង។ របាយការណ៍ចេញថ្ងៃទី១៨ ធ្នូបានបង្ហាញថា គ្រួសារពលករជិត៣០ភាគរយបានបាត់ប្រភពចំណូល ហើយជិត៦០ភាគរយនៃពលករទាំងនោះ គឺគ្មានប្រភពចំណូល។ ក្នុងនោះដែរ ពលករច្រើនជាង៥០ភាគរយមានជាប់បំណុល។ ចំណែកពលករ ត្រឹមតែ២៥ភាគរយប៉ុណ្ណោះ ដែលមានបណ្ណសមធម៌។

លោកស្រី Kristin Parco ប្រធាន IOM ប្រចាំកម្ពុជាបញ្ជាក់ក្នុងរបាយការណ៍ថា ការរាតត្បាតជំងឺកូវីដ១៩ បានបង្កឱ្យមានផលប៉ះពាល់យ៉ាងខ្លាំង ដែលមិនធ្លាប់មានទៅលើការចំណាកស្រុក និងការផ្លាស់ប្ដូរទីតាំងរបស់មនុស្ស។ លោកស្រីសង្កត់ធ្ងន់ថា អ្នកចំណាកស្រុកជាច្រើនប្រឈមមុខនឹងការបាត់បង់ការងារ និងប្រាក់ចំណូល រួមទាំងងាយរងគ្រោះលើសុខភាព និងមានហានិភ័យផ្នែកគាំពារ ការទុកចោល និងការរើសអើង។ «…យើងទាំងអស់គ្នាត្រូវតែគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា វិស័យឯកជន អង្គការមិនមែនរដ្ឋាភិបាល អ្នកសិក្សា និងសង្គមស៊ីវិល ដើម្បីធ្វើឱ្យសេដ្ឋកិច្ចដែលរងការប៉ះពាល់ពីកូវីដរស់ឡើងវិញ ហើយស្វែងរកវិធីដែលមានភាពច្នៃប្រឌិត ដើម្បីកាត់បន្ថយការរឹតត្បិតការធ្វើដំណើរ និងសម្របសម្រួលដល់ចលនាទំនិញ សេវាកម្ម និងប្រជាជន»។ នេះបើតាមការលើកឡើងបន្ថែមរបស់លោក Kristtin Parco។

ចំណែកលោក Daniel Alemu តំណាង UNFPA ប្រចាំកម្ពុជាអះអាងតាមរយៈរបាយការណ៍នេះដែរថា ការវាយតម្លៃនៃរបាយការណ៍នេះ មានសារៈសំខាន់ណាស់សម្រាប់អ្នកបង្កើតគោលនយោបាយ ដោយផ្ដោតលើផ្នែកសុខភាព និងតម្រូវការរបស់ពលករ ជាពិសេសជនងាយរងគ្រោះ ស្រី្តមានផ្ទៃពោះ ក្មេង និង យុវជន។ ការធ្វើបែបនេះ គឺដើម្បីធានាបានថាពួកគេនិងគ្រួសារទទួលបានការគាំពារ។ លោក សង្កត់ធ្ងន់ថា «របាយការណ៍នេះជាសញ្ញាបន្ទាន់មួយសម្រាប់ការចាត់វិធានការ ហើយក៏ជាការផ្ដល់អនុសាសន៍ដែលយើងគួរតែធ្វើតាម»។

លោកស្រី ជូ ប៊ុនអេង អនុប្រធានអចិន្រៃ្តយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៃក្រសួងមហាផ្ទៃ បានលើកឡើងក្នុងរបាយការណ៍ដដែលនេះថា ការរកឃើញ និងវាយតម្លៃខាងលើនេះ នឹងអាចឲ្យអ្នកពាក់ព័ន្ធចូលរួមឆ្លើយតបនឹងបញ្ហាប្រឈម ឲ្យកាន់តែប្រសើរជាងមុន។ លោកស្រី ប៊ុនអេង បានថ្លែងដូច្នេះថា៖ «យើងសង្ឃឹមថា ការរកឃើញនិងអនុសាសន៍ដែលចេញពីការវាយតម្លៃនេះ នឹងជួយ ដល់អ្នកពាក់ព័ន្ធឱ្យឆ្លើយតបទៅនឹងបញ្ហាប្រឈម ក្នុងការស្ដារឡើងវិញឱ្យកាន់តែប្រសើរតាមរយៈការបង្កើតផែនការរយៈពេលខ្លី មធ្យម និងរយៈពេលវែងដើម្បីគាំពារដល់អ្នកចំណាកស្រុក ក្រុមគ្រួសារ និងកូនៗរបស់ពួកគេ»។ គិតចាប់ពីខែមីនា ដែលប្រទេសថៃប្រកាសបិទច្រកព្រំដែន ដោយការរីករាយដាលនៃកូវីដ-១៩ មានពលករកម្ពុជាប្រមាណ១២ម៉ឹននាក់បានត្រឡប់កម្ពុជាវិញ៕

website_news/2020231203.txt · Last modified: 2020/12/23 13:50 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki