website_news:2020231206

ពលករជិត៤០០នាក់ត្រឡប់មកពីថៃ កំពុងធ្វើចត្តាឡីស័ក ដើម្បីបង្ការកូវីដ-១៩

https://thmeythmey.com/ 22, Dec 2020 , 2:38 pm ដោយ: ឡាយ សុភាវតី

ភ្នំពេញ៖ រយៈពេលពីរថ្ងៃនេះ មានពលករជិត៤០០នាក់បានត្រឡប់មកពីថៃ ហើយកំពុងធ្វើចត្តាឡីស័ក នៅតាមទីតាំងដែលអាជ្ញាធររៀបចំយ៉ាងហ្មត់ចត់ ដើម្បីបង្ការកូវីដ-១៩។ វិធានការរឹតបន្តឹងនេះ ធ្វើឡើងក្រោយពីមានការផ្ទុះនូវការចម្លងកូវីដ-១៩ នៅខេត្តសាមុតសាខនប្រទេសថៃ កាលពីចុងសប្ដាហ៍មុន។

អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍លោក កែវ វណ្ណថន បានបញ្ជាក់ថា ពលករខ្មែរត្រឡប់ពីថៃវិញមាន៣៨៦នាក់ ក្នុងនោះភាគច្រើន មកតាមច្រកអូរស្មាច់ ខេត្តឧត្តរមានជ័យ ចាប់ពីថ្ងៃទី២០ដល់២១ ធ្នូ។ បើតាមលោក វណ្ណថន ពលករទាំងនោះ បានត្រឡប់មកតាមច្រកអូរស្មាច់២៨៦នាក់ ប៉ោយប៉ែត៧៤នាក់ ច្រកដូងនិងភ្នំដី២៦នាក់។ លោក វណ្ណថន បានបញ្ជាក់ថា ក្រោយផ្ទុះកូវីដ-១៩នៅថៃ អគ្គនាយកដ្ឋានលោក បានណែនាំឲ្យមន្ត្រីនគរបាលតាមច្រកទ្វារព្រំដែនអន្តរជាតិទាំងអស់ ពិសេសច្រកតាមបណ្ដាលព្រំដែនកម្ពុជា-ថៃ ត្រួតពិនិត្យសុខភាពអ្នកធ្វើដំណើរចូលកម្ពុជា ។ ជាពិសេសតាមដានការធ្វើចត្តាឡីស័ករបស់ពួកគេឲ្យបានត្រឹមត្រូវតាមពេលកំណត់របស់ក្រសួងសុខាភិបាល។ «…មន្រី្តនគរបាលតាមច្រកព្រំដែន ពិសេសតាមច្រកតូចៗ ត្រូវល្បាតស្លាបឆ្វេង ស្លាបស្ដាំ ក្នុងដែនសមត្ថកិច្ចច្រករបស់ខ្លួន យើងក៏ចេញវិធានការឲ្យពួកគាត់ឃាត់អ្នកចូលមកពីថៃ ដើម្បីប្រគល់ឲ្យភ្នាក់ងារសុខាភិបាលពិនិត្យសុខភាពនិងធ្វើចត្តាឡីស័កឲ្យហ្មត់ចត់។ លើសពីនេះ ក៏បានរំលឹកដល់មន្រី្តរក្សាគម្លាតសុវត្ថិភាព និងរក្សាអនាម័យផងដែរ»។ នេះបើតាមការលើកឡើងរបស់លោក វណ្ណថន។

លោក ឌី រ៉ាដូ អភិបាលរងខេត្តឧត្តមានជ័យ អះអាងប្រាប់សារព័ត៌មានថ្មីៗថា លោកបានត្រៀមទីតាំង៣កន្លែង ដើម្បីដាក់អ្នកចត្តាឡីស័ក ក្នុងនោះមានវិទ្យាល័យសំរោង វិទ្យាល័យហ៊ុនសែន ឧត្តមានជ័យ និងផ្ទះសំណាក់ឧត្តមរដ្ឋា។

ចំណែក លោក ឈឿន ក្រៃយ៉ុង នាយករដ្ឋបាលខេត្តបន្ទាយមានជ័យ ក៏បានបញ្ជាក់ថា ក្រៅពីទីតាំងក្នុងខេត្ត ក៏ត្រៀមបម្រុងទុកទីតាំងនៅគ្រប់ស្រុក សម្រាប់ដាក់ពលករខ្មែរ ដែលត្រឡប់មកពីថៃវិញដែរ។

សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្តល់ថវិកាសរុប៣៥០លានរៀល ដល់ខេត្តជាប់ប្រទេសថៃ ចំនួន៧ ដើម្បីចាត់ចែងការងារចំពោះមុខរួមមាន ការរឹតបន្តឹងការធ្វើចត្តាឡីស័កជាដើម ក្នុងន័យទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ ពីប្រទេសថៃ។ខេត្តទាំង៧រួមមាន ខេត្តព្រះវិហារ ឧត្តរមានជ័យ បាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន ពោធិ៍សាត់ និងខេត្តកោះកុង ដោយខេត្តនីមួយៗទទួលបាន ៥០លានរៀល។ សូមជម្រាបថា ខេត្តសាមុតសាខនកាលពីថ្ងៃទី១៩ធ្នូ បានរកឃើញអ្នកឆ្លងកូវីដ-១៩ជាង៥០០ករណី។ បន្ទាប់មករដ្ឋាភិបាលថៃសម្រេចប្រកាសបិទខេត្តសាមុតសាខន រយៈពេល២សប្តាហ៍ ចាប់ពីថ្ងៃទី២០ធ្នូ ដល់ថ្ងៃទី៣មករាឆ្នាំ២០២១។ បន្ថែមពីនេះ បានដាក់បំរាមគោចរ អនុវត្តពីម៉ោង១០យប់ ដល់ម៉ោង៥ភ្លឺ។ ចំណែកការធ្វើដំណើរចេញពីខេត្តនេះ ក៏ត្រូវបានហាមឃាត់ដែរ៕

website_news/2020231206.txt · Last modified: 2020/12/23 13:57 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki