website_news:2020231209

ថៃបន្តចាប់បញ្ជូនពលករខ្មែរជាច្រើននាក់ទៅកម្ពុជា បន្ទាប់ពីផ្ទុះជំងឺកូវីដចូលក្នុងសហគមន៍

https://www.rfa.org/ ដោយ មួង ណារ៉េត 2020-12-22

អាជ្ញាធរថៃចាប់បញ្ជូនពលករខ្មែរជាច្រើននាក់ ត្រឡប់ទៅស្រុកកំណើតវិញតាមច្រករបៀងព្រំដែនក្នុងខេត្តបន្ទាយមានជ័យ ជាបន្តបន្ទាប់ អំឡុងពេលមានការរាតត្បាតជំងឺកូវីដ១៩ ចូលក្នុងសហគមន៍នៅប្រទេសថៃ។ មន្ត្រីអង្គការសង្គមស៊ីវិល យល់ថា រឿងនេះប្រឈមនឹងការឆ្លងជំងឺកូវីដ១៩ចូលមកកម្ពុជា ប្រសិនបើអាជ្ញាធរមិនបានធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ។

ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យទទួលបន្ទុកផ្នែកការពារព្រំដែន លោក អ៊ុំ សុផល ប្រាប់អាស៊ីសេរីនៅព្រឹកថ្ងៃទី២២ ធ្នូថា ចាប់តាំងពីផ្ទុះជំងឺកូវីដ១៩ នៅខេត្តសាមុតសាខន (Samut Sakhorn) ប្រទេសថៃមក អាជ្ញាធរថៃ នៅតែបន្តចាប់បញ្ជូនពលករខ្មែរជាច្រើននាក់ត្រឡប់មកកម្ពុជា។ លោកឱ្យដឹងថា កាលពីយប់ថ្ងៃទី២១ ធ្នូ អាជ្ញាធរថៃបានចាប់បញ្ជូនពលករខ្មែរចំនួន៨៤នាក់ប្រគល់ឱ្យអាជ្ញាធរកម្ពុជាតាមច្រករបៀងអូរបីជាន់ ក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ លោក អ៊ុំ សុផល បញ្ជាក់ថា អាជ្ញាធរកម្ពុជាបានដឹកពលករទាំងនោះទៅធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃទើបបញ្ជូនពួកគេត្រឡប់ទៅស្រុកកំណើតវិញ៖ «ខាងខ្ញុំនេះគ្រាន់តែជាអ្នកទទួលទេ ទទួលហើយបញ្ជូនទៅខាងសុខាភិបាល គាត់យកទៅ។ មកដល់គ្រាន់តែយើងទទួលគាត់មកយកទៅ បើមានពលករលួចចេញមកអីចឹងយើងស្ទាក់បាន យើងបញ្ជូនឱ្យគាត់ទៅ។ អត់មានលួចចេញបានទេ យើងឱ្យមានទេ ហ្នឹងវាចេញតែយប់ទេ ថ្ងៃអត់មានចេញទេ»។ មេប៉ូលិសផ្កាយមួយរូបនេះបន្តថា អាជ្ញាធរខេត្តបន្ទាយមានជ័យ បានដាក់កងកម្លាំងប្រចាំការនៅតំបន់ព្រំដែនថៃ ដើម្បីទប់ស្កាត់មិនឱ្យពលករណាម្នាក់ឆ្លងដែនចូលមកកម្ពុជា ដោយមិនបានធ្វើចត្តាឡីស័កនោះឡើយ។ លោក អ៊ុំ សុផល និយាយថា រហូតមកទល់ពេលនេះមិនមានពលករខ្មែរវិលត្រឡប់មកកម្ពុជាវិញ អំឡុងពេលការរាតត្បាតជំងឺកូវីដ១៩ចូលក្នុងសហគមន៍នៅខេត្តសាមុតសាខន នៅឡើយទេ។

មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក(Adhoc)ខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា យល់ថា ការចាប់បញ្ជូនពលករខ្មែរត្រឡប់មកកម្ពុជា អំឡុងពេលនេះប្រឈមនឹងការឆ្លងជំងឺកូវីដ១៩ចូលមកកម្ពុជា។ លោកថា អាជ្ញាធរខ្មែរគួរតែស្នើទៅអាជ្ញាធរថៃឱ្យធ្វើចត្តាឡឺស័ក ១៤ថ្ងៃលើពលករទាំងនោះជាមុន ហើយប្រសិនបើមិនមានជំងឺរលាកផ្លូវដង្ហើមថ្មីទេ ចាំបញ្ជូនពួកគេមកកម្ពុជាជាការល្អ ដោយពុំមែនចេះតែបញ្ជូនពលករពីប្រទេសថៃតាមអំពើចិត្តបែបនេះឡើយ៖ «បើសិនជាថៃចេះតែចាប់បញ្ជូនថា តើថៃបានគិតអំពីសុខុមាលភាពសហគមន៍ សុខុមាលភាពប្រជាពលរដ្ឋអាស៊ានរស់នៅក្បែរគ្នាទេ។ អាហ្នឹងត្រូវយកចិត្តទុកដាក់អីចឹង មិនមែនត្រឹមតែខ្មែរមកដល់ធ្វើចត្តាឡឺស័កទេ» គួរតែថៃហ្នឹងធ្វើចត្តាឡឺស័កដែរឱ្យបានច្បាស់លាស់បញ្ជាក់ថា មនុស្សហ្នឹងអត់មានមេរោគ ហើយមកដល់ខ្មែរយើងពិនិត្យថែមទៀត ថាតើវាមានអត់។ ព្រោះដោយសារការឆ្លងចូលក្នុងសហគមន៍ បើឆ្លងចូលសហគមន៍យើងត្រូវតែគិតទាំងអស់គ្នា ព្រោះថា មេរោគហ្នឹងបើវាកើតខ្មែរក៏វាឆ្លងដល់ថៃបើកើតថៃឆ្លងដល់ខ្មែរ អីចឹងការរាតត្បាតនៅក្នុងអាស៊ានបញ្ហាពិភពលោក។ អាស៊ីសេរីមិនអាចទាក់ទងអភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី ដើម្បីសុំអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេនៅថ្ងៃទី២២ ធ្នូ ដោយទូរស័ព្ទចូលជាច្រើនដងពុំមានអ្នកទទួល។ ចំណែកអ្នកនាំពាក្យក្រសួងសុខាភិបាលលោកស្រី ឱ វណ្ណឌីន ក៏មិនអាចទាក់ទងបានដែរ នៅថ្ងៃទី២២ ធ្នូ។

អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី បានចុះផ្សាយនៅក្នុងហ្វេសប៊ុករបស់លោកកាលពីព្រឹកថ្ងៃទី២១ ខែធ្នូ ថា នៅតំបន់ព្រំដែនខេត្តនេះបានជ្រើសយកវិទ្យាល័យនិមិត្ត ក្រុងប៉ោយប៉ែត និង វិទ្យាល័យកូប ស្រុកអូរជ្រៅ ធ្វើចត្តាឡីស័កពលករខ្មែរត្រឡប់មកពីប្រទេសថៃ។ ចាប់តាំងពីថ្ងៃទី២០ ធ្នូ មក អាជ្ញាធរថៃបានបញ្ជូនពលករខ្មែរជិត ២០០នាក់ហើយត្រឡប់មកកម្ពុជាវិញតាមច្រកព្រំដែនខេត្តបន្ទាយមានជ័យ។

ចំណែកនៅខេត្តឧត្ដរមានជ័យ ក៏មានពលករខ្មែរជាច្រើននាក់ត្រឡប់មកកម្ពុជាវិញអំឡុងពេលមានការរាតត្បាតជំងឺកូវីដ១៩នៅក្នុងប្រទេសថៃដែរ។ គេហទំព័រអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃចុះផ្សាយនៅរសៀលថ្ងៃទី២២ ធ្នូ ថា មានពលករខ្មែរជាង ១២០នាក់ (១២១)បានត្រឡប់មកពីប្រទេសថៃចូលមកកម្ពុជាតាមច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់។ ពលករទាំងនោះត្រូវបានអាជ្ញាធរខេត្តឧត្ដរមានជ័យ ដឹកតាមរថយន្តយោធាយកទៅធ្វើចត្តាឡឺស័កនៅតំបន់ព្រំដែនមុននឹងបញ្ជូនពួកគេត្រឡប់ទៅស្រុកកំណើតវិញ៕

website_news/2020231209.txt · Last modified: 2020/12/23 14:02 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki