website_news:2020231213

ពលករខ្មែរមួយចំនួនបន្តធ្វើការនៅថៃទាំងភ័យក្នុងតំបន់រាតត្បាតជំងឺកូវីដ១៩ ដោយមិនត្រឡប់មកវិញទេ

https://www.rfa.org/khmer/ ដោយ សុជីវី 2020-12-22

ពលករខ្មែរមួយចំនួនធ្វើការនៅខេត្តសាមុតសាខន (Samut Sakorn) ប្រទេសថៃ បន្តធ្វើការទាំងភិតភ័យ បន្ទាប់ពីជំងឺកូវីដ១៩ រាតត្បាតចូលក្នុងសហគមន៍នៅតំបន់ស្នាក់នៅ។ ជាមួយគ្នានេះអាជ្ញាធរថៃបានដាក់ប៉ុស្តិ៍ត្រួតពិនិត្យតាមដងផ្លូវយ៉ាងតឹងតែង ដើម្បីទប់ស្កាត់ពលករបរទេសចេញចូលនៅតំបន់រាតត្បាតជំងឺកូវីដ១៩។ មន្ត្រីសង្គមស៊ីវិលយល់ថា អំឡុងពេលនេះពលករខ្មែរគួរតែប្រុងប្រយ័ត្នខ្លួនឱ្យបានខ្ពស់ ដើម្បីការពារកុំឱ្យឆ្លងជំងឺរលាកផ្លូវដង្ហើមថ្មីនេះ។

ពលករមានស្រុកកំណើតនៅខេត្តពោធិ៍សាត់ លោក សូ សុធី ឱ្យអាស៊ីសេរីដឹងនៅរសៀលថ្ងៃទី២១ ធ្នូ ថា លោកស្នាក់នៅចម្ងាយប្រហែល៣០០ម៉ែត្រ ពីកន្លែងផ្ទុះជំងឺកូវីដ១៩ នៅខេត្តសាមុតសាខន ហើយលោកថា ព្រួយបារម្ភខ្លាចឆ្លងជំងឺរលាកផ្លូវដង្ហើមថ្មីនេះ។ ពលករធ្វើការសំណង់រូបនេះ បន្ថែមថា លោកនិងពលករខ្មែរជាច្រើននាក់ទៀតនៅតែបន្តធ្វើការជារៀងរាល់ថ្ងៃដដែល ដោយមិនត្រឡប់ទៅកម្ពុជាអំឡុងពេលនេះឡើយ៖ «មិនដឹងថា ធ្វើម៉េចបើគេមិនឱ្យទៅផ្ទះ ប៉ុន្តែបើទៅផ្ទះគេឃាត់ទុក១៤ថ្ងៃទៀត ម្យ៉ាងទៀតទោះជាទៅផ្ទះក៏វាលំបាកដែរ បើយើងនៅទីនេះទៅមានគ្រូពេទ្យគេនៅមើលយើងបានដិតដល់ដែរ។ ដូចថាវាគេយ៉ាងម៉េចយើងយ៉ាងម៉េចទៅតាមដំណើរទៅ យើងការពាររៀងខ្លួនទៅវាមិនសូវអីទេ យើងចេះតែការពារទៅ គេនៅកន្លែងគេការពារកន្លែងគេអីចឹងទៅ។ គេបិទតែទីផ្សារនិងកន្លែងរោងចក្រដែលសំបូរពលករភូមា និងពលករថៃ បើពលករខ្មែរមិនសូវធ្វើការរោងចក្រប៉ុន្មានទេ ធ្វើតែការងារសំណង់»។

ដូចគ្នានេះដែរ ពលការិនីមានស្រុកកំណើតនៅខេត្តបាត់ដំបង លោកស្រី ព្រុំ ចាន់ឌី ថ្លែងថា លោកស្រី ក៏បារម្ភខ្លាចឆ្លងជំងឺកូវីដ១៩ដែរ ក៏ប៉ុន្តែលោកស្រីនៅតែខាំស្មៅធ្វើការទាំងប្រថុយប្រថាននៅខេត្តសាមុតសាខន បន្តទៀត។ ពលការិនីធ្វើការសំណង់រូបនេះ ប្រាប់ថា មូលហេតុដែលគាត់មិនត្រឡប់ទៅស្រុកកំណើតអំឡុងពេលនេះដោយសារនៅផ្ទះអត់ការងារធ្វើ និងគ្មានប្រាក់ធ្វើដំណើរត្រឡប់ទៅកម្ពុជាវិញ៖ «ព្រោះឯផ្ទះស្រែក៏គ្មាន ការងារអីក៏គ្មានធ្វើ ដូច្នេះហើយបើខ្ញុំទៅក៏អត់ដឹងថារកអីដើម្បីជីវភាពគ្រួសារអត់មានអីរកទេ។ ខ្ញុំសម្រេចចិត្តថា នៅប្រទេសថៃនេះសិន នៅមានការងារធ្វើក៏នៅសិន ខ្លាចបន្តិចទៀតគេស្ងប់ទៅវិញអ៊ីចឹងទៅ។ ខ្ញុំមានការភ្ញាក់ផ្អើលសឹងថា មិនមានកម្លាំងចិត្តធ្វើការ ព្រោះខ្លាចដែលគេថាកូវីដ តែខ្ញុំមិនទាន់បានឃើញពិតប្រាកដទេ ប៉ុន្តែចេះតែខ្លាចៗ គេថាជំងឺកូវីដហ្នឹងវាសាហាវណាស់»។ ពលករទាំងនេះឱ្យដឹងថា នៅកន្លែងធ្វើការរបស់គេពួកគេមានពលករខ្មែរប្រមាណ២០នាក់ បន្តធ្វើការងារជាធម្មតា ហើយអាចនឹងមានពលករខ្មែររាប់រយនាក់ទៀតធ្វើការនៅខេត្តសាមុតសាខន ប៉ុន្តែពួកគេមិនអាចធ្វើដំណើរចេញពីខេត្តនេះ ទៅកន្លែងផ្សេងបានឡើយ។ អាស៊ីសេរីមិនអាចទាក់ទងមន្ត្រីស្ថានទូតខ្មែរប្រចាំទីក្រុងបាងកក ដើម្បីសុំអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី២១ ធ្នូ ដោយទទួលទូរស័ព្ទហើយនៅពេលប្រាប់ថា វិទ្យុអាស៊ីសេរី បានបិទទូរស័ព្ទវិញ។

ទោះជាយ៉ាងណាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវឱ្យពលករខ្មែរ កុំអាលត្រលប់ទៅកម្ពុជាវិញ ក្នុងពេលដែលថៃកំពុងជួបការលំបាក ដោយសារតែការឆ្លងជំងឺកូវីដ១៩នេះ។ លោក ហ៊ុន សែន បានអំពាវនាវតាមរយៈខ្សែអាត់សំឡេងមួយ ដែលចេញផ្សាយដោយសារព័ត៌មានក្នុងស្រុកនៅថ្ងៃទី២០ ធ្នូ ថា ដើម្បីការពារខ្លួន និងកុំឱ្យរីករាលដាលចូលមកកម្ពុជា និងចៀសវាងការបាត់បង់ការងារធ្វើនោះ ឪពុកម្ដាយ និងក្រុមគ្រួសារ ដែលមានសាច់ញាតិ ធ្វើការនៅប្រទេសថៃ សូមជួយលើកទឹកចិត្ដឱ្យពួកគាត់ បន្ដនៅប្រទេសថៃ មួយរយៈសិន។ ទោះជាយ៉ាងណារដ្ឋាភិបាលលោក ហ៊ុន សែន បានបញ្ជូនរថយន្តយោធាចំនួន ៧០គ្រឿងដាក់ប្រចាំការនៅតំបន់ព្រំដែន ក្នុងខេត្តបាត់ដំបង បន្ទាយមានជ័យ និងខេត្តឧត្ដរមានជ័យរួចហើយ ដើម្បីចាំទទួលពលករខ្មែរត្រឡប់មកពីប្រទេសថៃ។ វិធានការរបស់លោក ហ៊ុន សែន នេះ បន្ទាប់ពីជំងឺកូវីដ១៩ បានឆ្លងចូលក្នុងសហគមន៍នៅខេត្តសាមុតសាខន របស់ថៃជាបន្តបន្ទាប់មក។

ក្រសួងសុខាភិបាលរបស់ថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៣៨២នាក់បន្ថែមទៀត នៅថ្ងៃទី២១ ធ្នូ នៅ ក្នុងនោះចំនួន៣៦០នាក់ឆ្លង នៅខេត្តសាមុតសាខន។ អាជ្ញាធរថៃបានដាក់ប៉ុស្តិ៍ត្រួតពិនិត្យយ៉ាងតឹងតែងតាមផ្លូវជុំវិញតំបន់ផ្ទុះជំងឺកូវីដ១៩ និងហាមឃាត់មិនឱ្យពលករបរទេសចាកចេញពីខេត្តសាមុតសាខន ធ្វើដំណើរទៅតំបន់ផ្សេងឡើយ ដើម្បីទប់ស្កាត់កុំឱ្យមានការរាតត្បាតជំងឺកូវីដ១៩។

មន្ត្រីអង្គការសង់ត្រាល់ (Central) ទទួលបន្ទុកផ្នែកពលករ លោក ឌី ថេហូយ៉ា ប្រាប់អាស៊ីសេរីថា អំឡុងពេលនេះ ពលករខ្មែរត្រូវតែអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលថៃឱ្យខ្ជាប់ខ្ជួន ដើម្បីការពារកុំឱ្យឆ្លងជំងឺកូវីដ១៩។ លោកបន្ថែមថា ជំងឺកូវីដ១៩ អាចនឹងឆ្លងលើពលករខ្មែរធ្វើការនៅប្រទេសថៃបានគ្រប់ទីកន្លែងទាំងអស់ ប្រសិនបើពួកគេមិនបានពាក់ម៉ាស់ និងលាងដៃដោយទឹកអាល់កុល និងរក្សាគម្លាតសុវត្ថិភាពឱ្យបានត្រឹមត្រូវនោះ៖ «ហើយត្រូវតាមដានព័ត៌មានឱ្យច្បាស់។ ខ្ញុំគិតថា ការដែលគាត់ស្លន់ស្លោត្រឡប់មកខ្មែរវាមិនមែនជាជម្រើសល្អទេ។ អ្វីដែលជាជម្រើសល្អបំផុតនោះគាត់ត្រូវតែរក្សាការធ្វើការងារនៅប្រទេសថៃដដែល ហើយគាត់បង្កើនការប្រុងប្រយ័ត្នប្រកបដោយការយល់ដឹងតាមការណែនាំរបស់ក្រសួងសុខាភិបាលថៃ»។

គិតត្រឹមថ្ងៃទី២១ ធ្នូ នៅប្រទេសថៃមានអ្នកឆ្លងជំងឺកូវីដ១៩ជិត ៥ពាន់៣០០នាក់(៥ ២៨៩)ក្នុងនោះប្រមាណ ១ពាន់នាក់ នៅឆ្លងក្នុងខេត្តសាមុតសាខន។ របាយការណ៍របស់អង្គការសង់ត្រាល់ឱ្យដឹងថា បច្ចុប្បន្នមានពលករខ្មែរធ្វើការស្របច្បាប់ និងមិនស្របច្បាប់ចន្លោះពី១លាន ៨សែន ២លាននាក់ ធ្វើការងារនៅប្រទេសថៃ៕

website_news/2020231213.txt · Last modified: 2020/12/23 14:11 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki