website_news:2020240101

សាលាដំបូងរាជធានី បន្តសវនាការសំណុំរឿងស្ត្រីស៊ីឈ្នួលពពោះ

https://www.postkhmer.com/ គឹម សារុំ | Publication date 23 January 2020 | 17:16 ICT

ភ្នំពេញៈ ស្ត្រីខ្មែរស៊ីឈ្នួលពពោះឲ្យបរទេសចំនួន ៧ នាក់ ក្នុងចំណោម ៣៣ នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួនកាលពីខែមិថុនា ឆ្នាំ ២០១៨ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញបើកសវនាការជំនុំជម្រះបន្ដកាលពីថ្ងៃ ២១ មករា ឆ្នាំនេះ បន្ទាប់មានស្ត្រីពពោះ ៤ នាក់ និងបុរសចិនម្នាក់ត្រូវបានតុលាការសួរដេញដោលកាលពីចុងឆ្នាំមុន។ សវនាការនេះបានធ្វើឡើងដោយមានសមាសភាពចៅក្រមចំនួន ៣ រូប ដែលមានលោកស្រីចៅក្រម ស៊ លីនណា ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ និងមានលោកស្រី កែវ សុគន្ធា ជាតំណាងអយ្យការ។

ឆ្លើយប្រាប់ចៅក្រមក្នុងបន្ទប់សវនាការស្ត្រីឈ្មោះ ផៃ សុផា អាយុ ៣៣ ឆ្នាំ ជាកម្មការិនីរោងចក្រកាត់ដេរបាននិយាយថា គាត់ត្រូវបានស្ត្រីម្នាក់ធ្វើការជាមួយគ្នាណែនាំថា មានគេត្រូវការស្ត្រីខ្មែរស៊ីឈ្នួលពពោះកូនឲ្យគេដោយឲ្យឈ្នួល ១ ម៉ឺនដុល្លារ។ បន្ទាប់មកគេបានឲ្យគាត់ទៅជួបស្ត្រីម្នាក់ដែលចង់ជួលនោះនៅបុរីវិមានភ្នំពេញក្នុងសង្កាត់ច្រាំងចំរេះ ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ ស្ត្រី ផៃ សុផា បន្តថា ពេលគាត់ទៅដល់បានជួបស្ត្រីម្នាក់ឈ្មោះ ថៃ ផាន់ណា ត្រូវជាប្រពន្ធរបស់ថៅកែចិនម្នាក់ ហើយគេបានឲ្យគាត់ធ្វើកិច្ចសន្យាថាពីពេលពពោះដល់ឆ្លងទន្លេគឺគាត់ទទួលបានប្រាក់ ១ ម៉ឺនដុល្លារ។ ប៉ុន្តែត្រូវដក ១ ពាន់ដុល្លារ ឲ្យទៅអ្នកណែនាំ និងទទួលបានប្រាក់ក្នុង ១ ខែ ៣០០ ដុល្លារទៀត។ ក្រោយពីធ្វើកិច្ចសន្យារួចគាត់ត្រូវគេនាំទៅពិនិត្យសុខភាព ហើយគ្រូពេទ្យបានចាក់បញ្ចូលមេជីវិតក្នុងខ្លួនគាត់។ លុះចាក់មេជីវិតរួចគេតម្រូវឲ្យគាត់ស្នាក់នៅរួមគ្នាក្នុងបុរីវិមានភ្នំពេញនោះជាមួយស្ត្រី ៧-៨ នាក់ទៀតដែលជាអ្នកស៊ីឈ្នួលពពោះដូចគ្នា។ សុផា ប្រាប់ចៅក្រមបន្តថាពេលគាត់ពពោះបាន៨ខែ ក៏ត្រូវនគរបាលប្រឆាំងការជួញដូរមនុស្សរាជធានីភ្នំពេញឃាត់ខ្លួនរួមជាមួយស្ត្រីខ្មែរមួយចំនួនទៀតកាលពីខែមិថុនា ឆ្នាំ ២០១៨។ប៉ុន្តែគាត់ត្រូវបានតុលាការឲ្យនៅក្រៅឃុំបណ្តោះអាសន្នរហូតកើតបានកូនប្រុសម្នាក់ដែលមកទល់ពេលនេះកូននោះមានអាយុជាង ១ ឆ្នាំហើយ។ សុផា បាននិយាយថា គាត់មានប្តី និងមានកូនប្រុស-ស្រី ២ នាក់។ ប៉ុន្តែគាត់បានលែងលះគ្នាជាមួយប្ដីតាំងពីមុនពេលស៊ីឈ្នួលពពោះម្ល៉េះ ហើយថាមូលហេតុដែលគាត់ធ្វើបែបនេះមកពីក្រពេក។នាង ផៃ សុផា បញ្ជាក់ប្រាប់ចៅក្រមថា៖ «ថ្វីដ្បិតកូនពពោះមិនមែនបានពីមេជីវិតប្តីខ្ញុំ តែខ្ញុំស្រឡាញ់កូនខ្ញុំខ្លាំងជាងកូនបង្កើតរបស់ខ្ញុំទៅទៀត។ បើគេទាមទារយកវិញខ្ញុំមិនឲ្យទេ»។

រីឯស្ត្រី ឈ្មោះ យន់ លីន អាយុ ៣៤ ឆ្នាំ បានឆ្លើយប្រាប់ចៅក្រមថា គាត់ជាកម្មការិនីរោងចក្រកាត់ដេរមិនធ្លាប់មានកូនទេ ហើយត្រូវបានគេណែនាំឲ្យជួបស្ត្រី ឈ្មោះ ថៃ ផាន់ណា នៅផ្ទះក្នុងបុរីវិមានភ្នំពេញដូចគ្នា។ ពេលទៅដល់ស្ត្រីឈ្មោះ ថៃ ផាន់ណា បានប្រាប់គាត់ថា ពេលគេចាក់បញ្ចូលមេជីវិតរួចបាន ៧ ថ្ងៃ គេឲ្យលុយ ៥០០ ដុល្លារ ទោះជាមេជីវិតនោះទំក្នុងពោះ ឬមិនទំក៏ដោយ។ ប៉ុន្តែ ៣ ថ្ងៃក្រោយមកក៏ត្រូវសមត្ថកិច្ចចាប់ខ្លួន តែតុលាការបានអនុញ្ញាតឲ្យនៅក្រៅឃុំដែររហូតដល់ឆ្លងទន្លេបានកូនប្រុសដែលសព្វថ្ងៃមានអាយុ ១១ ខែហើយ។ ស្ត្រីរូបនេះថា ទោះជាគាត់នៅក្រៅឃុំក្ដី ប៉ុន្តែពេលតុលាការឲ្យចូលខ្លួនគឺត្រូវគោរពតាម។

ស្រដៀងគ្នានេះដែរស្ត្រីម្នាក់ទៀត ឈ្មោះ រី អ៊ី បានប្រាប់ចៅក្រមដែរថា គាត់ក៏ត្រូវបានគេណែនាំឲ្យទៅទីតាំងបុរីវិមានភ្នំពេញដូចគ្នាដោយឲ្យទៅផ្ទះលេខ ២ ដើម្បីស៊ីឈ្នួលពពោះនេះ។ ស្ត្រីរូបនេះបានបញ្ជាក់ថា គាត់មានប្ដីហើយ តែរឿងនេះមិនបានប្រាប់ប្តីឲ្យដឹងទេ ខណៈគាត់ក៏មានកូនស្រីម្នាក់ តែក្រោយមកទើបបានប្តីដឹង តែគាត់មិនបន្ទោសទេ។ ស្ត្រី រី អ៊ី បន្តថា ក្រោយមានផ្ទៃពោះប្រហែល ៧ ខែ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួន ប៉ុន្តែត្រូវបានតុលាការឲ្យនៅក្រៅឃុំបណ្តោះអាសន្ន។ ក្រោយមកគាត់កើតបានកូនប្រុសម្នាក់ដែលសព្វថ្ងៃមានអាយុ ១ ឆ្នាំ ៥ ខែហើយ ហើយប្តីរបស់គាត់ស្រឡាញ់កូននោះខ្លាំងណាស់។ ស្ត្រីរូបនេះបញ្ជាក់ថា៖ «ខ្ញុំមិនដឹងថាមេជីវិតជាជនជាតិណាទេ ហើយក៏មិនដឹងថា ឪពុកម្តាយកូនប្រុសខ្ញុំជាជនជាតិអីដែរ។ ប៉ុន្តែខ្ញុំចង់រស់នៅជាមួយកូនខ្ញុំអស់ ១ ជីវិត»។

ដោយឡែក ស្ត្រីឈ្មោះ ផល ផល្លា និង ឈ្មោះ ហួន ដាណែត សុទ្ធតែមានកូនប្រុសម្នាក់ ១ ដូចគ្នា ខណៈពួកគេក៏មានប្តីមានកូនផ្ទាល់ខ្លួន។ អ្នកទាំង ២ បានឆ្លើយប្រាប់ចៅក្រមដែរថា ពួកនាងក៏ដូចជាស្ត្រីស៊ីឈ្នួលពពោះដែលត្រូវបានគេណែនាំឲ្យទៅផ្ទះខាងលើដូចគ្នា។ ប៉ុន្តែពេលពួកគាត់មានផ្ទៃពោះទើបតែ ៨ ខែក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង។

ពាក់ព័ន្ធនឹងតុលាការកោះហៅស្ត្រីពពោះទាំងនេះ ចៅក្រមក៏បានប្រកាសលើកទៅជំនុំជម្រះនៅថ្ងៃក្រោយទៀត ខណៈស្ត្រីទាំង ៣៣ នាក់ ត្រូវបានចៅក្រមស៊ើបសួរចោទបទអំពើលក់ដូរមនុស្សសម្រាប់ឆ្លងដែនតាមមាត្រា ១៦ ច្បាប់ស្តីពីអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ។ តាមកំណត់ហេតុនគរបាលប្រឆាំងការជួញដូរមនុស្សរាជធានីភ្នំពេញបង្ហាញថា ស្ត្រីស៊ីឈ្នួលពពោះទាំង ៣៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០១៨នៅផ្ទះលេខ ៩A និងផ្ទះលេខ ២A ក្នុងសង្កាត់ច្រាំងចំរេះ ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ក្នុងនោះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យឈ្មោះ LIU QIANG ភេទប្រុសអាយុ ៤៩ ឆ្នាំ ជនជាតិចិន,ទី២- ឈ្មោះ ស្វាយ ស៊ីណុច អាយុ ៣៤ ឆ្នាំ, ទី៣- ឈ្មោះ លឹម សុភាព ភេទស្រី អាយុ ១៩ ឆ្នាំ, ទី៤- ឈ្មោះ ថៃ ភាព ភេទ ស្រី អាយុ ៤៣ ឆ្នាំ និងទី៥- ឈ្មោះ នឿនស្រី ឡាង ភេទស្រី អាយុ ២៧ ឆ្នាំ។ ក្រៅពីនេះតុលាការបានចេញដីកាចាប់ខ្លួនឈ្មោះ CHEN HAO MING ភេទ ប្រុស ជនជាតិចិន, ទី២- ឈ្មោះ ថៃ ផាន់ណា ភេទស្រី និងឈ្មោះ អ៊ី យ៉េងគង់ ភេទប្រុស៕

website_news/2020240101.txt · Last modified: 2020/01/29 15:53 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki