website_news:2020240202

៤ចំណុចសំខាន់ៗ ដើម្បីជម្រុញដល់ការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឱ្យកាន់តែមានប្រសិទ្ធភាព

https://grandnewsasia.com/ 24-02-2020

ស្វាយរៀង៖ នាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅសាលប្រជុំអាគារ «ឃ» សាលាខេត្ត លោកស្រី ឯក សុវណ្ណភារៈ អភិបាលរងខេត្តស្វាយរៀង តំណាងលោក ម៉ែន វិបុល អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សប្រចាំឆ្នាំ២០១៩ និងទិសដៅអនុវត្តបន្តឆ្នាំ២០២០។

នៅក្នុងកិច្ចប្រជុំនោះក៏មានការចូលរួមពីប្រធាន អនុប្រធាន និងសមាជិក លេខាធិការដ្ឋានខេត្ត ក្រុមការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស លោក លោកស្រី នាយករងរដ្ឋបាលសាលាខេត្ត កងកម្លាំងទាំងបី តំណាងអយ្យការអមសាលាដំបូងខេត្ត នាយកទីចាត់ការ/អង្គភាពទាំង៨ ចំណុះសាលាខេត្ត អភិបាល-អភិបាលរងក្រុង ស្រុកទាំង០៨ អធិកានគរបាលក្រុង ស្រុកទាំង០៨ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ទាំង៨០ លោកមេឃុំ ចៅសង្កាត់ លោក លោកស្រីតំណាងអង្គការដៃគួរជាច្រើនរូបទៀតសរុបវត្តមានចំនួន២៤៣នាក់។

មានប្រសាសន៍នៅក្នុងកិច្ចប្រជុំនេះ លោកស្រីអភិបាលរងខេត្ត បានលើកឡើងនូវចំណុចសំខាន់ៗ ដែលជម្រុញដល់ការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងផ្តល់នូវមតិណែនាំបន្ថែមទៅកាន់កិច្ចប្រជុំនេះដូចជា៖

១. អាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវបន្តពិនិត្យមើលទៅលើយន្តការ នៃរចនាសម្ព័ន្ធគ្រប់ថ្នាក់ទៅលើប្រព័ន្ធ នីតិវីធីនៃការអនុវត្តគោលនយោបាយប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ត្រូវមានផែនការសកម្មភាព ស្របតាមបរិបទសង្គមនៅតាមមូលដ្ឋាន។

២. ត្រូវប្រើគ្រប់មធ្យាបាយសរុប កម្លាំងសរុប វិធានការសរុប ដែលជំរុញឱ្យផែនការសកម្មភាពអនុវត្តការងារនេះឱ្យមានប្រសិទ្ធភាព និងទទួលបានជោគជ័យ។

៣. ត្រូវបន្តជំរុញការគាំទ្រគោលនយោបាយជាអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដឹកនាំប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ព្រោះថាអំពើនេះ គឺជាការគំរាមកំហែងដោយផ្ទាល់ទៅលើវប្បធម៌ និងប្រពៃណីគ្រួសារ តម្លៃសង្គមនៅកម្ពុជា។

៤. ត្រូវបន្តពង្រឹង គោលនយោបាយ ភូមិឃុំមានសុវត្តិភាព និងត្រូវអនុវត្តជាប្រចាំបន្ថែមទៀត ដើម្បីតាមដាននូវ សកម្មភាពបទល្មើសជួញដូរមនុស្ស និងត្រូវដាក់ផែនការតាមដានគ្រប់ ក្រុង ស្រុក និងតាមច្រកទ្វាព្រំដែននានាជាប់ប្រទេសជិតខាង ក្នុងការទប់ស្កាត់ ការបង្ក្រាបឱ្យមានប្រសិទ្ធភាពខ្ពស់៕

website_news/2020240202.txt · Last modified: 2020/02/24 15:56 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki