website_news:2020240203

ពលករធ្វើការនៅក្រៅប្រទេសផ្ញើប្រាក់ជិត $៣ ពាន់លាន មកផ្ទះក្នុង ១ ឆ្នាំៗ

https://www.postkhmer.com/ ធូ វិរៈ | Publication date 24 February 2020 | 10:59 ICT

ភ្នំពេញ: ពលករកម្ពុជាបម្រើការងារនៅក្រៅប្រទេសទាំងអស់បានផ្ញើប្រាក់មកស្រុកកំណើតជិត ៣ ពាន់លានដុល្លារ ក្នុង ១ ឆ្នាំៗ ដែលប្រាក់បញ្ញើទាំងនេះបានជួយឲ្យជីវភាពគ្រួសាររបស់ពួកគេធូរធារជាងមុន។ នេះបើតាមរបាយការណ៍របស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។ របាយការណ៍បានបង្ហាញថា ពលករកម្ពុជាបម្រើការងារនៅបរទេសបានផ្ញើប្រាក់មកឲ្យក្រុមគ្រួសារនៅស្រុកកំណើតប្រមាណ ២,៨០ ពាន់លានដុល្លារក្នុង ១ ឆ្នាំៗ។

លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានថ្លែងក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០១៩ និងលើកទិសដៅការងារឆ្នាំ ២០២០ កាលពីសប្តាហ៍មុនថា ដើម្បីរក្សា និងបង្កើតមុខរបរនៅក្នុង និងក្រៅប្រទេសក្រសួងបានបន្តខិតខំគ្រប់គ្រងទីផ្សារការងារ និងកម្លាំងពលកម្មសរុបប្រមាណ ១០ លាននាក់។ ក្នុងនោះពលករកម្ពុជានៅក្រៅប្រទេសមានជាង ១,២៨ លាននាក់។ លោកបានបន្តថា៖ «កត្តានេះបានធ្វើឲ្យប្រជាពលរដ្ឋមានការងារធ្វើ ៩៩,៣ ភាគរយ»។

លោក ស្រ៊ុន ធារាជ្យ ពលករខ្មែរ ១ រូបកំពុងបម្រើការងារនៅប្រទេសជប៉ុនក្នុងរោងចក្រឧស្សាហកម្មបានប្រាប់ភ្នំពេញ-ប៉ុស្តិ៍កាលពីថ្ងៃអាទិត្យថា លោកបានផ្ញើប្រាក់មកឲ្យឪពុកម្តាយជាមធ្យម ៥០០ ដុល្លារក្នុង ១ ខែ ដើម្បីជួយសម្រួលជីវភាពគ្រួសាររបស់លោកដែលរស់នៅខេត្តស្ទឹងត្រែង។ លោកបន្តថា បច្ចុប្បន្នឪពុកម្តាយរបស់លោកកំពុងប្រកបរបរដាំដំណាំកសិកម្ម។ យុវជនវ័យ ៣២ ឆ្នាំរូបនេះប្រាប់ទៀតថា លោកបម្រើការងារនៅជប៉ុនអស់រយៈពេលជាង ២ ឆ្នាំមកហើយ ដោយទទួលបានប្រាក់ខែប្រមាណ ១ ៣០០ ដុល្លារ ១ ខែ។ លោកបានបន្តថា៖ «ចាប់តាំងពីមកធ្វើការនៅប្រទេស ជប៉ុនកាលពីឆ្នាំ ២០១៨ គ្រួសារខ្ញុំមានជីវភាពល្អជាងមុន ដោយខ្ញុំមានលទ្ធភាពពង្រីកផ្ទះបានធំជាងមុន។ ខ្ញុំគិតថាប្រទេសជប៉ុនបានផ្តល់ជំនាញវិជ្ជាជីវៈឲ្យខ្ញុំ ហើយខ្ញុំសង្ឃឹមថា ខ្ញុំនឹងយកចំណេះនេះមកបន្តការងារនៅស្រុកកំណើតនៅពេលចប់អាណត្តិនៅប្រទេសជប៉ុន»។ របាយការណ៍ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឲ្យដឹងថា ក្នុងចំណោមពលករទាំងនោះក្រសួងបានបញ្ជូនទៅធ្វើការនៅបរទេសតាមរយៈទីភ្នាក់ងារឯកជន និងតាមរយៈរដ្ឋសរុប ៦៨ ០៤០ នាក់កាលពីឆ្នាំ២០១៩ រួមមានប្រទេសថៃ កូរ៉េ ជប៉ុន សិង្ហបុរី ម៉ាឡេស៊ី ហុងកុង និងអារ៉ាប៊ីសាអ៊ូឌីត។

លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដាបានឲ្យដឹងថា ពលករកូរ៉េខាងត្បូងភាគច្រើនផ្ញើប្រាក់មកស្រុកកំណើតតាមរយៈធនាគារអេស៊ីលីដា។ លោកបន្ថែមថា ការផ្ញើប្រាក់មកស្រុកកំណើតរបស់ពលករខ្មែរទៅធ្វើការក្រៅប្រទេសបានជួយដល់ការពង្រីកការធ្វើអាជីវកម្មរបស់ពួកគេ។ លោកថ្លែងថា៖ «ខ្ញុំឃើញថា ក្រុមគ្រួសារគាត់នៅឯស្រុកកំណើតភាគច្រើនបានយកប្រាក់ពីកូនៗផ្ញើមកពីក្រៅប្រទេស ដើម្បីមកបង្កើត និងពង្រីកមុខរបរខ្នាតតូច និងមធ្យមរបស់ពួកគេ»។

លោក ហុង វណ្ណៈ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាបាននិយាយថា ពលករខ្មែរនៅក្រៅប្រទេសភាគច្រើនបានទទួលបានចំណេះដឹង និងជំនាញវិជ្ជាជីវៈច្បាស់លាស់នៅពេលត្រឡប់មកស្រុកកំណើតវិញ។លោកបន្តថា៖«ពលករខ្មែរភាគច្រើននៅកូរ៉េខាងត្បូង និងប្រទេសជប៉ុន ទទួលបានប្រាក់ខែល្អជាងគេ។ ខ្ញុំសង្កេតឃើញថា ប្រាក់របស់ពួកគេផ្ញើមកស្រុក ដើម្បីធ្វើផ្ទះថ្មីឬកែលម្អផ្ទះ បង្កើតមុខរបរ ពិសេសពង្រីកការដាំដុះជាដើម។

ទោះបីយ៉ាងនេះក្តី បើយោងតាមរបាយការណ៍ធនាគារជាតិនៃកម្ពុជាកាលពីឆ្នាំ ២០១៨ ពលករខ្មែរបានផ្ញើប្រាក់មកអ្នកផ្ទះប្រមាណ ១,៤ ពាន់ដុល្លារ ក្នុងនោះការផ្ញើប្រាក់ត្រឡប់មកផ្ទះវិញរបស់ពលករនៅកូរ៉េមានជាង ៥៣ លានដុល្លារ ដែលជាចំណែកធំជាងគេ៕LA

website_news/2020240203.txt · Last modified: 2020/02/24 15:58 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki