website_news:2020240204

ថៃចាប់ពលករខ្មែរ5នាក់ចោទឆ្លងដែនខុសច្បាប់ មន្ត្រីបដិសេធថាមិនដឹង

https://kohsantepheapdaily.com.kh/ ថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ ២០២០ ម៉ោង ២០:៣០ ម៉ុត សារុន

ខេត្តបន្ទាយមានជ័យ ៖ ពលករខ្មែរចំនួន៥នាក់ បានត្រូវសមត្ថកិច្ចថៃចាប់ខ្លួនកាលពីល្ងាចថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ នៅលើទឹកដីថៃក្នុងភូមិអាងសិលា ឃុំណូនម៉ាក់មុន ស្រុកគោកធ្យូង ខេត្តស្រះកែវ ឈមនឹងទឹកដីកម្ពុជាឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខណៈពួកគេកំពុងជិះរថយន្ត១គ្រឿងរបស់ជនជាតិថៃប្រុងទៅរកការងារធ្វើ ។ នេះបើតាមប្រភពមួយពីទឹកដីថៃបានទម្លាយឱ្យដឹង ។

ប្រភពខាងលើបានប្រាប់ថា ពលករទាំង៥នាក់(ប្រុស៤នាក់ស្រីម្នាក់) មានទីលំនៅក្នុងស្រុក មង្គលបុរី ខេត្តបន្ទាយមានជ័យ ។ យោងតាមការសាកសួរ ពលករទាំងនេះប្រាប់សមត្ថកិច្ចថៃថា ពួកគេចេញពីកម្ពុជាតាមច្រករបៀងមួយក្នុងស្រុកអូរជ្រៅ ប្រុងទៅរកការងារធ្វើលើទឹកដីថៃ តែខណៈកំពុងជិះរថយន្តរបស់ជនជាតិថៃ១ គ្រឿង ដល់ចំណុចប៉ុស្តិ៍ត្រួតពិនិត្យមួយនៅបន្ទាត់ព្រំដែនក្នុងភូមិ ឃុំខាងលើ ក៏ត្រូវសមត្ថកិច្ចថៃចាប់ឃាត់ខ្លួនតែម្តង ។ ក្រៅពីពលករខ្មែរទាំង៥នាក់ បុរសជាអ្នកបើកបរជនជាតិថៃអាយុ៣៣ឆ្នាំ រួមជាមួយរថយន្ត១គ្រឿង ក៏ត្រូវសមត្ថកិច្ចថៃឃាត់ខ្លួននិងរឹងអូសដែរដើម្បីបន្តនីតិវិធី ។

ប្រភពព័ត៌មានថា ពលករខ្មែរទាំ៥នាក់ត្រូវបានគេបញ្ជូនទៅសាកសួរនៅស្ថានីយតម្រួតក្នុង ស្រុកខាងលើ ។ ជុំវិញករណីនេះ លោកឧត្តមសេនីយ៍ត្រី ឃួន ជឿន មេបញ្ជាការយោធាកង ការពារព្រំដែនគោកលេខ៥០៣ បានធ្វើការបដិសេធថា ពុំមានករណីខាងលើកើតឡើងនៅចំណុចភូមិសាស្ត្រលោកគ្រប់គ្រងឡើយ ។

ចំណែកមន្ត្រីការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃមួយរូបប្រចាំនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតក៏បានបដិសេធដែរថា មិនបានដឹងរឿងនេះដូចគ្នា ខណៈអគ្គកុងស៊ុលខ្មែរប្រចាំស្រុក អារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ មិនអាចទាក់ទងសុំការអត្ថាធិប្បាយបាន ព្រោះមិនស្គាល់លេខទូរស័ព្ទ។ មន្ត្រីនគរបាលការិយាល័យប្រឆាំងកាជួញដូរមនុស្ស និងការពារអនីតិជនខេត្តមួយរូប បម្រើការងារនៅទីតាំងទទួលពលករបញ្ជូនពីថៃនៅក្រុងប៉ោយប៉ែត ប្រាប់តាមទូរស័ព្ទថា ពលករទាំង៥នាក់ខាងលើមិនទាន់ឃើញភាគីថៃបញ្ជូនត្រឡប់នៅឡើយទេ ។ ពួកគេអាចប្រឈមនឹង ផ្លូវច្បាប់ប្រទេសគេ៤៩ថ្ងៃ ឬយ៉ាងតិច៧ថ្ងៃ ទើបគេបញ្ជូនត្រឡប់ ប្រសិនបើជាប់ចោទឆ្លងដែនខុសច្បាប់មែននោះ ។

បើពិតដូចប្រភពខាងលើមែន គេពុំដឹងថាវាសនាពលករទាំង៥នាក់បានវិលមកកម្ពុជាវិញ ឆាប់ៗនេះ ឬត្រូវទទួលទោសរបស់ប្រទេសថៃប៉ុន្មានខែនោះទេ ។ បញ្ហានេះ មន្ត្រីនិងសមត្ថកិច្ចពាក់ព័ន្ធគួរតែបើកការស៊ើបអង្កេតរកអ្នកនៅពីក្រោយខ្នងនៃការនាំមនុស្សឆ្លងដែនខុសច្បាប់យកមកផ្តន្ទាទោសផង ៕ (កែសម្រួលដោយ ៖ បុប្ផា)

website_news/2020240204.txt · Last modified: 2020/02/24 16:13 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki