website_news:2020240205

ចាញ់បោកមេខ្យល់ ! ពេលនេះភាគីថៃដោះលែងពលករខ្មែរ៥នាក់វិញហើយ

https://kohsantepheapdaily.com.kh/ ថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ ២០២០ ម៉ោង ១៣:៤០ ម៉ុត សារុន

ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍បមឋបានឲ្យដឹងថា ពលករខ្មែរដែលសមត្ថកិច្ចថៃចាប់ខ្លួនចោទឆ្លងដែនខុសច្បាប់ កាលពីល្ងាចថ្ងៃទី១៩ កុម្ភៈ ២០២០ នៅស្រុកគោកធ្យូង ខេត្តស្រះកែវ ប្រទេសថៃ ត្រូវបានដោះលែងវិញហើយៗ ពួកគេបានមកដល់កម្ពុជា កាលពីវេលាម៉ោងជាង៩យប់ ថ្ងៃទី២១ដោយភាគីថៃដឹកតាមរថយន្តទ្រុង តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ។

សេចក្តីរាយការណ៍បានបន្តថា ពលករទាំងនេះ សមត្ថកិច្ចអះអាងថា ស្គាល់អត្តសញ្ញាណតែ៤នាក់ទេ រួមមាន ១-ឈ្មោះ សាយ ចាន់ថន ភេទប្រុស អាយុ២៧ឆ្នាំ ២-ឈ្មោះ រុន ចាន់ធី ភេទស្រី អាយុ២៥ឆ្នាំទាំង២នាក់ ខាងលើរស់នៅភូមិចំណោមឃុំរវៀងកើត ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ៣- ឈ្មោះថៃ សុខា ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិ និងឃុំព្រៃពោន ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ៤-ឈ្មោះចាន់ សុមាន ភេទប្រុស អាយុ៦០ឆ្នាំ រស់នៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ និងម្នាក់ទៀតមិនស្គាល់អត្តសញ្ញាណ ព្រោះក្រោយចុះពីរថយន្តទ្រុងរបស់ថៃ នៅទីតាំងទទទួលពលករក្នុងក្រុងប៉ោយប៉ែតពលកររូបនេះកុហកថា សុំចូលបន្ទប់ទឹករួចគេចទៅបាត់ ។

យោងការសាកសួរពលករ៤នាក់ខាងលើប្រាប់ថា ពួកគេចេញពីកម្ពុជាតាមច្រករបៀងមួយក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ តាមរយៈមេខ្យល់ តែមិនស្គាល់ឈ្មោះ ។ ពួកគេបន្តថា ក្នុងការធ្វើដំណើរចូលទៅរកការងារធ្វើលើដីថៃ ត្រូវចំណាយម្នាក់ៗ២០០០បាត តែមិនទាន់ឲ្យប្រាក់គេទេ ព្រោះមិនទាន់ដល់គោលដៅក៏ត្រូវគេចាប់តែម្តង ។ យ៉ាងណាក៏ដោយ ពលករទាំង៤នាក់ ក្រោយទទួលការអប់រំពីសមត្ថកិច្ចជំនាញក៏អនុញ្ញាតឲ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញរៀងខ្លួនៗ ៕

website_news/2020240205.txt · Last modified: 2020/02/24 16:15 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki