website_news:2020240314

ក្រសួងពាក់ព័ន្ធ អំពាវនាវព្រមគ្នា ឲ្យពលករមកពីបរទេស «នៅដាច់ពីគេ១៤ថ្ងៃ»

https://thmeythmey.com/ 23, Mar 2020 , 10:19 pm ដោយ: អ៊ូ សុខមាន

នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិដូង ឃាត់ប្រជាពលរដ្ឋខ្មែរ ដែលដើរឆ្លងកាត់ចេញពីប្រទេសថៃ ចូលប្រទេសកម្ពុជា ដើម្បីពិនិត្យកម្តៅនិងសាកសួរព័ត៌មានពួកគេ មុននឹងអនុញ្ញាតឲ្យចូលកម្ពុជា។

ភ្នំពេញ៖ ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល និងក្រសួងការងារ ធ្វើសេចក្តីអំពាវនាវក្នុងពេលតែមួយ ទៅដល់ពលករគ្រប់រូប ដែលទើបនឹងវិលត្រឡប់មកពីបរទេស ត្រូវដាក់ឬឃុំខ្លួនឯងនៅដាច់ដោយឡែកពីគេ (ចត្តាឡីស័ក) រយៈពេល១៤ថ្ងៃ ដើម្បីបង្ការនិងទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគកូវីដ-១៩ (COVID-19) ដល់សមាជិកគ្រួសារឬអ្នកដទៃ។ ក្រសួងទាំងនេះ សង្កត់ធ្ងន់ថាក្នុងរយៈពេល១៤នេះ អ្នកដែលទើបនឹងមកពីបរទេសគ្រប់រូប មិនត្រូវស្និទ្ធស្នាលជាមួយក្រុមគ្រួសារឡើយ។

ការអំពាវនាវនេះ បានធ្វើឡើងក្រោយលេចឮព័ត៌មានថា ប្រជាពលរដ្ឋខ្មែរ ដែលបម្រើការងារនៅប្រទេសថៃ នាំគ្នាសម្រុកចូលមកស្រុកកំណើតរៀងៗខ្លួនវិញ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០។ លើសពីនេក្រសួង និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ បានទាមទារឲ្យពលរដ្ឋគ្រប់រូប ដែលទើបមកពីបរទេស និងមកពីខេត្តឆ្ងាយៗ ត្រូវរក្សាអនាម័យជាប្រចាំ និងជឿទៅលើការណែនាំរបស់ពេទ្យ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ-១៩ ដែលកំពុងឆ្លងរាលដាល នាពេលបច្នុប្បន្ន។

បន្ទាប់ពីមានលេចឡើងនូវព័ត៌មានថា ប្រជាពលរដ្ឋខ្មែរទាំងអ្នករកស៊ី និង ធ្វើការងារនៅប្រទេសថៃ នាំគ្នាសម្រុកចូលកម្ពុជាវិញ នៅតាមច្រកព្រំដែននានា នៅខេត្តបាត់ដំបង បន្ទាយមានជ័យ និង ឧត្តរមានជ័យ ជាដើមនោះ អ្នកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានអំពាវនាវដល់អ្នកទាំងនោះ ឲ្យតាមដានសុខភាព និងកុំសិ្នតស្នាលជាមួយសមាជិកគ្រួសារក្នុងរយៈពេល១៤ថ្ងៃ ដើម្បីចូលរួមអនុវត្តវិធានការ និងការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីបញ្ចៀសការចម្លងមេរោគកូវីដ-១៩ នៅក្នុងសហគមន៍ឬនៅក្នុងភូមិឋានដែលខ្លួនរស់នៅ។ អ្នកស្រី បញ្ជាក់ថា៖«បើសុខភាពលោក-អ្នកមានអ្វីខុសប្រក្រតី ឬមានរោគសញ្ញាណាមួយសង្ស័យពាក់ព័ន្ធជំងឺបង្កដោយមេរោគកូវីដ-១៩ សូមប្រញាប់ទាក់ទងទៅកាន់ក្រុមគ្រូពេទ្យដែលនៅជិតបំផុត ឬរាយការណ៍តាមលេខទូរសព្ទ ១១៥»។ អ្នកនាំពាក្យក្រសួងសុខាភិបាលរូបនេះ ក៏អំពាវនាវដល់អាជ្ញាធរនៅតាមមូលដ្ឋានផងដែរ ឲ្យចូលរួមទប់ស្កាត់ការចម្លងមេរោគកូវីដ-១៩ តាមរយៈការស្រង់ស្ថិតិប្រជាពលរដ្ឋដែលវិលត្រឡប់ពីប្រទេសថៃ ហើយណែនាំពួកគាត់ ឲ្យអនុវត្តវិធាននានារបស់ក្រសួងសុខាភិបាលដែលបានដាក់ចេញកន្លងមក។

ជាមួយគ្នានេះ លោក ហេង សួរ រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បង្ហោះវីដេអូឃ្លីបលើគណនីហ្វេសប៊ុកលោក ដោយអំពាវនាវដល់ពលករទើបត្រឡប់មកពីបរទេសនិងតំបន់ឆ្ងាយៗ កុំឲ្យមានទំនាក់ទំនងជិតសិ្នទជាមួយសាច់ញាតិ និងការជួបជុំណាមួយជាមួយមិត្តភក្តិ ឬព្យាយាមនៅដាច់ដោយឡែកពីគេក្នុងរយៈពេល១៤ ដើម្បីតាមដានសុខភាពខ្លួនឯង។ លោក និយាយដូច្នេះថា៖«បងប្អូនដែលទើបមកពីខេត្តឆ្ងាយ ឬបរទេស មេត្តាកុំអាលស្និទ្ធស្នាលជាមួយក្រុមគ្រួសារពេក។ សូមរង់ចាំ១៤ថ្ងៃសិន បើអ្នកស្រឡាញ់គ្រួសារអ្នក»។ លោក ហេង សួរ បានលើកឡើងថា ថ្វីដ្បិតពលរដ្ឋដែលមកកម្ពុជាធ្វើដំណើរចេញពីតំបន់ឬកន្លែងមានសុវត្ថិភាព ដោយមិនមានការឆ្លងមេរោគកូវីដ-១៩ ក៏ពិតមែន ប៉ុន្តែក្នុងអំឡុងពេលដែលពួកគេ ធ្វើដំណើរមកស្រុកកំណើតរៀងៗខ្លួនវិញ គឺមិនដឹងថាឆ្លងកាត់ និងប៉ះពាល់ជាមួយអ្វីខ្លះនោះទេ។ ដូច្នេះ ហានិភ័យនៃការឆ្លងមេរោគនានា ពិសេសមេរោគកូវីដ-១៩ គឺមាន ដែលទាមទារឲ្យលោក-អ្នកយកចិត្តទុកដាក់ ការពារសុខភាពខ្លួនឯង ក៏ដូចជាសុខភាពក្រុមគ្រួសារ និងមិត្តភក្តិ ពីការឆ្លងមេរោគកូវីដ-១៩។

ចំណែក សម្តេច ស ខេង បានមានប្រសាសន៍ថា មានពលរដ្ឋខ្មែរមិនតិចជាង១ពាន់នាក់ទេ ដែលបាននាំគ្នាចាកចេញពីប្រទេសថៃ ចូលមកកម្ពុជា តាមច្រកទ្វារអន្តរដូងក្នុងខេត្តបាត់ដំបង ហើយបន្តធ្វើដំណើរទៅផ្ទះកំណើតរៀងៗខ្លួន ដោយមិនបានត្រួតពិនិត្យសុខភាពអ្វីឡើយ ពិសេសមិនបានត្រួតពិនិត្យរកអ្នកសង្ស័យផ្ទុកមេរោគកូវីដ-១៩។ គេបានឮប្រសាសន៍របស់សម្តេច តាមរយៈសំឡេង ដែលត្រូវបានចែករំលែកតៗគ្នាតាមបណ្តាញសង្គម កាលពីថ្ងៃទី២២ ខែមីនាឆ្នាំ២០២០។ ផ្អែកលើបញ្ហាដែលពលរដ្ឋនាំគ្នាមកស្រុកកំណើតដោយមិនឆ្លងកាត់ការត្រួតពិនិត្យសុខភាពបែបនេះ សម្តេចរដ្ឋមន្ត្រី បានស្នើអភិបាលខេត្តនីមួយៗ ណែនាំមន្ត្រីមូលដ្ឋាន ពិសេសថ្នាក់ភូមិ-ឃុំ ឲ្យរាយការណ៍ចំនួនអ្នកទើបមកពីបរទេស ពិសេសមកពីប្រទេសថៃ ហើយបញ្ជូនគ្រូពេទ្យឲ្យទៅពិនិត្យអ្នកទាំងនោះ។

សម្តេចរដ្ឋមន្ត្រី បន្តថា គ្រប់មូលដ្ឋាននៃខេត្តទាំងអស់ ដែលរកឃើញអ្នកទើបមកពីបរទេស ត្រូវប្រាប់មន្ត្រីជំនាញផ្នែកសុខភាព និងណែនាំអ្នកទាំងនោះឲ្យសម្ងំឬសម្រាកនៅក្នុងផ្ទះចំនួន១៤ ដោយរក្សាគម្លាត មិនប៉ះពាល់ ឬមិនមានទំនាក់ទំនងជិតសិ្នតជាមួយសមាជិកក្នុងគ្រួសារ និងអ្នកដទៃ ដើម្បីបង្ការការឆ្លងមេរោគកូវីដ-១៩។ រដ្ឋមន្ត្រីមហាផ្ទៃ និយាយដូច្នេះ៖«គ្រប់មូលដ្ឋាន បើសង្ស័យថាពលរដ្ឋក្នុងតំបន់របស់ខ្លួន ពិសេសអ្នកមកពីបរទេសមានផ្ទុកមេរោគកូវីដ-១៩ ត្រូវបញ្ជូនទៅមណ្ឌលសុខភាពដែលនៅជិតបំផុត ដើម្បីយកកំហាក ឬសំណាក ទៅធ្វើតេស្តរកមេរោគកូវីដ-១៩ នៅវិទ្យាស្ថានប៉ាស្ទ័រ នៅរាជធានីភ្នំពេញ»។ លើសពីនេះទៀត សម្តេច បានដាក់កំហិតឲ្យអភិបាលខេត្តនីមួយៗ ត្រូវម្ចាស់ការលើបញ្ហាពលរដ្ឋរស់នៅក្នុងខេត្តរបស់ខ្លួន ដែលបានធ្វើដំណើរមកពីប្រទេសថៃ ឬប្រទេសនានា ដោយត្រូវត្រួតពិនិត្យ និងប្រុងប្រយ័ត្នខ្ពស់ពីការឆ្លងមេរោគមេរោគកូវីដ-១៩។

សូមជម្រាបថា ច្រកទ្វារព្រំដែនគោកទាំង២៤រវាងកម្ពុជា-ថៃ ត្រូវបានបិទជាបណ្តោះអាសន្ន។ មុនមួយថ្ងៃ-ពីរថ្ងៃនៃការបិទព្រំដែន មានការផ្សព្វផ្សាយតាមបណ្តាញសង្គមថា ពលរដ្ឋកម្ពុជា បាននាំគ្នាសម្រុកចេញពីប្រទេសថៃ តាមច្រកព្រំដែននានា។ គិតត្រឹមព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ មានជិត១៩០ប្រទេស និងដែនដី បានឆ្លងមេរោគកូវីដ-១៩។ ចំណែក កម្ពុជា បានរកឃើញមនុស្ស៨៦នាក់ហើយ ដែលឆ្លងកូវីដ-១៩ ដោយក្នុងនោះ មាន២នាក់ បានជាសះស្បើយវិញ គឺបុរសជនជាតិចិននិងស្ត្រីជនជាតិអង់គ្លេស៕

website_news/2020240314.txt · Last modified: 2020/03/24 15:37 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki