website_news:2020240316

អាចបិទភូមិ បើរកឃើញអ្នកឆ្លងកូវីដ-១៩ ២ទៅ៣នាក់

https://thmeythmey.com/ 24, Mar 2020 , 9:52 am ដោយ: ថ្មីៗ

បើភូមិណា មានមនុស្សច្រើន អាចថា ពី២ទៅ៣នាក់ ជាពិសេសសំដៅលើអ្នកដែលទើបនឹងមកថៃ និងប្រទេសនានា បានឆ្លងកូវីដ-១៩ ភូមិនោះ អាចនឹងបិទ មិនឲ្យមានការចេញចូលតែម្តង។ នេះបើតាមប្រសាស៍ន៍របស់សម្តេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ ក្នុងពិធីជួបសំណេះសំណាលជាមួយមន្រ្តីនគរបាលអន្តោប្រវេសន៍ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ សម្តេចរដ្ឋមន្រ្តី ថ្លែងដូច្នេះថា៖«…អ្នកណាមួយកើតកូវីដ-១៩ គឺថាឃុំមួយផ្ទះហ្នឹង ឬថា ឃុំមួយកំណាត់ភូមិហ្នឹង ឧទាហរណ៍ថាភូមិ ដាច់ដោយឡែកពីគ្នា ៤-៥ផ្ទះអ៊ីចឹងទៅ។ យើង អាចឃុំកន្លែងហ្នឹង កុំឲ្យគាត់ចេញទៅណា ហើយបើថា ភូមិហ្នឹងជាប់គ្នា ហើយមានច្រើននាក់ ២ទៅ៣នាក់អ៊ចឹងទៅ គឺថា ឃុំទាំងភូមិហ្នឹងតែម្តង ប៉ុន្មានភូមិហ្នឹង។ យើង បានចាត់វិធានការបែបនេះ ហើយបានផ្សព្វផ្សាយកាលពីរសៀលម្សិលមិញហើយ»។ រដ្ឋមន្រ្តីមហាផ្ទៃ អះអាងថា បានពិភាក្សានិងសុំគោលការណ៍បិទភូមិនេះ ជាមួយនឹងសម្តេចនាយករដ្ឋមន្រ្តីរួចហើយ។

គិតត្រឹមថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ពលករខ្មែរជិត១ម៉ឺននាក់ បានសម្រុកចេញពីថៃ មកកម្ពុជាវិញ។ នៅថ្ងៃទី២៣ ខែមីនា គឺថ្ងៃចុក្រោយ ដែលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និងច្រទ្វារព្រំដែនគោកផ្សេងទៀតរវាងកម្ពុជា-ថៃ នៅដំណើរការ។ តែនៅថ្ងៃទី២៤ ខែមីនានេះ ច្រកទ្វារព្រំដែនរវាងកម្ពុជា-ថៃ ត្រូវបានបិទអស់ហើយ។ នេះបើតាមលោក កែវ វណ្ណថន អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេន៍ ដែលប្រាប់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទនៅព្រឹថ្ងៃទី២៤ ខែមីនា។ ក្រសួងពាក់ព័ន្ធនានា អំពាវនាវឲ្យពលកខ្មែរគ្រប់រូប ដែលទើបនឹងមកពីថៃនិងប្រទេសផ្សេងៗ ឲ្យនៅដាច់ដោយឡែកពីគេរយៈពេល១៤សិន ដើម្បីចៀសវាងការឆ្លងកូវីដ-១៩ ទៅសមាជិកគ្រួសារ ឬអ្នកដទៃ។

website_news/2020240316.txt · Last modified: 2020/03/24 15:47 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki