website_news:2020240319

សម្ដេច ស ខេង ៖ កម្ពុជា គ្មានលទ្ធភាព ឃុំពលករខ្មែរ ១៤ថ្ងៃនោះទេ បើរកឃើញពលករ ឆ្លងកូវីដ-១៩ នៅតាមភូមិ ២ឬ៣នាក់ នឹងបិទភូមិនោះចោល

https://dap-news.com/national/ ByPH104 Posted on March 24, 2020

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ទទួលស្គាល់ថា អាជ្ញាធរខ្មែរ គ្មានលទ្ធភាពឃុំពលករខ្មែរ ១៤ថ្ងៃនោះទេ ដោយសារពួកគាត់សម្រុក មកច្រើនពេក ខណៈសម្ដេចបញ្ជាក់ថា បើសិននៅភូមិណាមួយ រកឃើញពលករឆ្លងកូវីដ-១៩ ចំនួន ២ឬ៣នាក់ អាជ្ញាធរអាចនឹងបិទភូមិនោះចោល ដោយមិនឲ្យមានការ ចេញ-ចូល ។

ក្នុងពិធីជួបសំណេះសំណាលជាមួយ មន្ត្រីនគរបាលអន្តោប្រវេសន៍ នៅអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ សម្ដេច ស ខេង បានថ្លែងថា រយៈពេលប៉ុន្មានថ្ងៃនេះមានពលករខ្មែរ ចូលមកកម្ពុជា ជាង១៥០០០ពាន់នាក់។ សម្ដេចរៀបរាប់ថា ថៃបិទការងារមួយចំនួន ដូចជា ការរដ្ឋាន ការរ៉ាអូខេ សណ្ឋាគារ ភោជនីយដ្ឋាន ហាងកាត់សក់ ជាដើម ទើបធ្វើឲ្យពលរកខ្មែរមិនមានការងារធ្វើ។ សម្ដេច មានប្រសាសន៍ថា«ដល់ចឹងប្រជាជនយើង ពលករខ្មែរយើងដែលធ្វើការនៅថៃ ដល់លឺគេថាបិទចឹងទៅ ហើយប្រជាជនថៃ ពលករថៃ ធ្វើនៅការនៅថៃមានអារម្មណ៍ចឹង យើងក៏មានអារម្មណ៍ចឹងដែលតាមគ្នាចឹងទៅ ដូច្នេះ រត់សម្រុកមករឿងអីពីមុនមកគាត់មិនមក។ចឹងបញ្ហារបស់យើងហានិភ័យនៅត្រង់ហ្នឹង នៅត្រង់ថា នៅពេលគាត់មកសម្រុកទៅ យើងនិយាយតាមការជាក់ស្ដែង អត់មានលទ្ធភាពត្រួតពិនិត្យ អស់ទេ។ហើយយើងក៏អត់មានលទ្ធភាព ដើម្បីនឹងឃុំពួកគាត់១៤ថ្ងៃដែរ។វាត្រួតពិនិត្យចឹងទៅ ហើយធ្វើបញ្ជី មុខសញ្ញានឹងនៅកន្លែងណាខ្លះ ស្រុក ភូមិ ខេត្តនៅណា ដើម្បីខេត្តសាមីខ្លួន ធ្វើការគ្រប់គ្រងបន្ដ»។ សម្ដេចបន្ដថា បើសិននៅភូមិណាមួយ មានពលករខ្មែរឆ្លង កូវីដ-១៩ ចាប់ពី ២ទៅ៣នាក់ ភូមិនោះ អាចនឹងបិទរយៈមួយពេលសិន ដើម្បីមានវិធានការដោះស្រាយបន្ដ ជាពិសេស ធ្វើយ៉ាងណាកុំឲ្យរីករាលដាល ទៅភូមិដទៃទៀត ដូច្នេះភាគីពាក់ព័ន្ធត្រូវត្រៀមជានិច្ច កុំឲ្យពលរដ្ឋមានការភ័យខ្លាចឲ្យសោះ។

សម្ដេច ស ខេង បញ្ជាក់យ៉ាងដូច្នេះថា «បើសិនមានកន្លែងណាមួយកើតឡើង (កូវីដ-១៩) គឺថា ឃុំមួយផ្ទះហ្នឹង ឬថា ឃុំមួយកំណាត់ភូមិហ្នឹង ឧទាហរណ៍ថា ភូមិដាច់ដោយឡែកពីគ្នា ៤ទៅ៥ផ្ទះ អ៊ីចឹងទៅ។យើងអាចឃុំកន្លែងហ្នឹង កុំឲ្យគាត់ចេញទៅណា ហើយបើថា ភូមិហ្នឹងជាប់គ្នា ហើយមានច្រើននាក់ ២ទៅ៣នាក់ អ៊ីចឹងទៅ គឺថា ឃុំ ទាំងភូមិហ្នឹងតែម្តង ប៉ុន្មានភូមិហ្នឹង»។ ឆ្លៀតឱកាសនោះដែរ រដ្ឋមន្ដ្រីមហាផ្ទៃ លើកឡើងថា ចំពោះបញ្ហាបិទព្រលានយន្តហោះនៅកម្ពុជា រាជរដ្ឋាភិបាល គ្មានគោលការណ៍បិទឡើយ ដោយដំណើរការជាធម្មតា ។

រដ្ឋមន្ដ្រីមហាផ្ទៃ ថា បើសិន បណ្ដាប្រទេសនានា គេបិទជើងហោះ មកកម្ពុជា ស្នើនឹងកម្ពុជាជើងបិទហោះហើរដែរ។រដ្ឋមន្ដ្រីមហាផ្ទៃ អះអាងថា «វិធានការបិទព្រលានយន្ដយើងអត់មានទេ។ហើយបិទព្រំដែន យើងបានជជែកជាមួយថៃ និងវៀតណាមដែរ បានស្រុះគ្នាចឹងដំណើរការចឹង រីឯព្រលានយន្ដហោះនៅដដែលទេ ទាំង៣ ទាំងភ្នំពេញ កំពង់សោម និងសៀមរាប។ប៉ុន្ដែបើសិនណាគេបិទ ប្រទេសគេមិនឲ្យយន្ដហោះមក ដូចតែយើងបិទ ដូចគ្នាទេ ហើយយើងបន្ដតាមដានថែមទៀត»។

សូមរំលឹកថា គិតត្រឹមវេលាម៉ោង១០ យប់ ថ្ងៃទី២៣ ខែមីនា ឆ្នាំ ២០២០ កម្ពុជារកឃើញអ្នកឆ្លងជំងឺ កូវីដ-១៩ ចំនួន៨៧ករណី ខណៈក្រសួងសុខាភិបាល និងភាគីពាក់ព័ន្ធមួយចំនួនទៀត កំពុងបន្តស្វែងរក និងធ្វើតេស្តលើអ្នកពាក់ព័ន្ធ ផ្សេងទៀត ៕ដោយ៖ អេង ប៊ូឆេង

website_news/2020240319.txt · Last modified: 2020/03/24 15:52 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki