website_news:2020240321

ពលករបរទេសរាប់សែននាក់ សម្រុកចាកចេញពីប្រទេសថៃ ដែលមានចំនួនអ្នកឆ្លងកូវីដ១៩ ដល់៧២១នាក់

http://www.rfi.fr/km/ ចុះផ្សាយនៅថ្ងៃ: 23/03/2020 - 17:05 ដោយ៖ឈាង បុប្ផា

បន្ទាប់ពីពលករខ្មែរ ពលករភូមា និងឡាវរាប់សែននាក់ បានសម្រុកចាកចេញពីប្រទេសថៃ កាលពីថ្ងៃចន្ទម្សិលមិញ។ នៅប្រទេសថៃ ជាទីដែលករណីឆ្លងមេរោគកូរ៉ូណាបានកើនឡើងទ្វេរដង នៅប៉ុន្មានថ្ងៃចុងក្រោយនេះ រហូតដល់ ៧២១ករណី ជាពិសេសក្នុងទីក្រុងបាងកក អាជ្ញាធរបានសម្រេចបិទមជ្ឈមណ្ឌលពាណិជ្ជកម្ម សាលារៀន និងទីកន្លែងសាធារណៈ ដែលជាហេតុធ្វើឲ្យមនុស្សជាច្រើនគ្មានការងារធ្វើ ជាពិសេស ពលករបរទេសមក ពីប្រទេសភូមា ឡាវ និងកម្ពុជា។

ពលករបរទេស បាននាំគ្នាចាកចេញពីរាជធានី បាងកក ដែលអាជ្ញាធរថៃកំពុងបង្កើនការរឹតបន្តឹងបិទផ្លូវ និងកាត់បន្ថយការធ្វើដំណើរ។ តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានបារាំង AFP ទោះបីជារដ្ឋាភិបាលថៃ អំពាវនាវកុំឲ្យប្រជាជនធ្វើដំណើរចាកចេញពីទីក្រុង ដើម្បីជៀសវាង ការចម្លង រីករាលដាលមេរោគកូរ៉ូណា ពលករដែលភាគច្រើនជាជនអន្តោប្រវេសន៍មកពីប្រទេសឡាវ បានប្រមូលកកកុញ គ្នា នៅស្ថានីយរថយន្តក្រុង ក្នុងក្រុងបាងកក ដើម្បីធ្វើដំណើរចាកចេញពីប្រទេសថៃ។ ពួកគេទាំងនោះមានចំនួន ជាង ៨៤០០០នាក់ ដែលចង់ធ្វើដំណើរទៅកាន់ភាគឦសានប្រទេសថៃ ជាប់ព្រំដែនជាមួយប្រទេសឡាវ។ តាមប្រធានក្រុមហ៊ុនដឹកជញ្ជូន Bangkok Bus ក្រុមហ៊ុនបានព្យាយាមដាក់មនុស្សឲ្យអង្គុយឃ្លាតគ្នា ដើម្បីកាត់បន្ថយលទ្ធភាពឆ្លងមេរោគកូរ៉ូណា។ នៅតំបន់ភាគខាងជើងថៃ ប្រជាជនភូមា ជាង ៩ពាន់នាក់បានធ្វើដំណើរឆ្លងព្រំដែនពីខេត្តតាក ប្រទេសថៃ ចូលទៅទឹកដីភូមា នៅយប់ថ្ងៃចន្ទ។ តាមចៅហ្វាយខេត្តតាក ថៃ ស្ពាន មិត្តភាព ថៃ ភូមា នឹងត្រូវបិទ នៅក្រោយការចាកចេញរបស់ជនអន្តោប្រវេសន៍ភូមា។ ពលករ ភូមា ខ្មែរ និងឡាវ ប្រមាណ ៤លាននាក់ ធ្វើការភាគច្រើននៅតាមរោងចក្រគ្រឿងសមុទ្រ ឬចំការបន្លែ ផ្លែឈើ ក្នុងប្រទេសថៃ។ នៅមុនពលករភូមា និងឡាវ ពលករខ្មែរបរាប់ពាន់នាក់បានធ្វើដំណើរត្រលប់ចូល ប្រទេសវិញ បន្ទាប់ពីមានការកើនឡើងនៃករណីឆ្លងមេរោគកូរ៉ូណានៅប្រទេសថៃ។

តាមកាសែតផ្លូវរដ្ឋភូមា The Global New Light of Myanmar រដ្ឋាភិបាលបានទាមទារឲ្យប្រជាជនដែលធ្វើដំណើរត្រលប់ចូលប្រទេសវិញ ដាក់ឃាំងខ្លួន ឲ្យនៅឆ្ងាយពីគេឯង រយៈពេល ២សប្តាហ៍។ ខុសពីកម្ពុជាដែលមានករណីអ្នកឆ្លងមេរោគកូរ៉ូណា កើនឡើងដល់៨៦នាក់ នៅថ្ងៃចន្ទទី២៣មីនា ភូមា និងឡាវឯណោះវិញ គ្មានករណីឆ្លងកូរ៉ូណាវីរុសមួយទេ។ មានប្រជាជន៥៤លាននាក់ ភូមា ជាប្រទេសមានប្រជាជនច្រើនជាងគេ ដែលគ្មានករណីកូរ៉ូណាវីរុស។ ថ្មីៗនេះ អ្នកសរសេររបាយការណ៍មួយ របស់សកលវិទ្យាល័យHarvard វាយតម្លៃថា វាពិបាកនឹងគួរឲ្យជឿដែលថា ភូមា គ្មានករណីឆ្លងកូរ៉ូណាវីរុស បើគេមើលទៅលើទំនាក់ទំនងជិតស្និទ្ធ និងព្រំដែនជាប់គ្នារវាងចិន និងភូមា។ ដូចជាប្រទេសក្រីក្រផ្សេងទៀត ភូមា និងឡាវមានប្រព័ន្ធសុខាភិបាលខ្សត់ខ្សោយ ខ្វះមន្ទីរពេទ្យ និងគ្រូពេទ្យជំនាញ។ គេបារម្ភថា ប្រទេសអាស៊ីអាគ្នេហ៍ទាំងពីរ នឹងអាចប្រឈមនឹងបញ្ហាធ្ងន់ធ្ងរ ក្នុងករណី មានការរាតត្បាតជំងឺកូវីដ ១៩៕

website_news/2020240321.txt · Last modified: 2020/03/24 15:56 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki