website_news:2020240401

រដ្ឋមន្រ្តីមហាផ្ទៃ៖ ពលករខ្មែរជាង៨ម៉ឺននាក់មិនមានសញ្ញាវីរុសកូរ៉ូណា តែរដ្ឋាភិបាលបារម្ភអំពីជីវភាពរបស់ពួកគេ

https://khmer.voanews.com/ 23 មេសា 2020 ស៊ុន ណារិន

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក ស ខេង បានថ្លែងថា ពលករខ្មែរប្រមាណ ៨៦.០០០នាក់ ដែលវិលត្រឡប់មកពីប្រទេសថៃ មិនមានរោគសញ្ញានៃវីរុសកូរ៉ូណានោះទេ ប៉ុន្តែរដ្ឋាភិបាលបារម្ភអំពីជីវភាពរបស់ពួកគេដោយសារមិនមានការងារធ្វើ។ លោក ស ខេង បានថ្លែងបែបនេះ នៅក្នុងកិច្ចប្រជុំពិគ្រោះយោបល់ដើម្បីពិនិត្យលទ្ធភាពក្នុងការឆ្លើយតបទៅនឹងតម្រូវការរយៈពេលខ្លីមធ្យម និងវែងរបស់ពលករចំណាកស្រុក ក្នុងស្ថានភាពរីករាលដាលនៃជំងឺកូវីដ១៩ កាលពីថ្ងៃពុធ។ លោក ស ខេង បានថ្លែងថា តាមរបាយការណ៍ដែលលោកប្រមូលបាន ពលករខ្មែរប្រមាណ ៨៦.០០០នាក់ បានវិលត្រឡប់មកពីប្រទេសថៃ ហើយក្នុងមួយថ្ងៃៗ ពួកគេប្រមាណ ១៥០ទៅ២០០នាក់បន្តវិលត្រឡប់មកកម្ពុជា។ លោកបន្តថា ពលករជាង ៨ម៉ឺននាក់ នោះមិនមានរោគសញ្ញាសង្ស័យនៃជំងឺកូវីដ១៩នោះទេ ក្រោយពួកគេដាក់ខ្លួនឲ្យនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ។ លោក ស ខេង មានប្រសាសន៍ថា៖ «តាមលទ្ធភាពរបស់យើង យើងឃើញថា អ្នកហ្នឹងដាក់នៅ ១៤ថ្ងៃជំងឺហ្នឹង វាអត់ចេញ បើវាអត់ចេញ វាអត់ឲ្យរោគសញ្ញាហ្នឹងទេ ប្រែមកថា អ្នកហ្នឹងអត់មានជំងឺហ្នឹងទេ»។ បើតាមលោក ស ខេង នៅសល់ពលករខ្មែរប្រមាណ ៦០០នាក់ ទៀតដែលកំពុងដាក់ខ្លួនឲ្យនៅដាច់ដោយឡែក។ កន្លងទៅលោក ស ខេង មានប្រសាសន៍ថា រដ្ឋាភិបាលមិនមានលទ្ធភាពធ្វើតេស្តរកវីរុសកូរ៉ូណាលើពលករទាំងអស់នោះទេ។ អ្វីដែលរដ្ឋាភិបាលធ្វើបាន គឺការពិនិត្យសុខភាពទូទៅរបស់ពួកគេ ដូចជាកំដៅ និងរោគសញ្ញាមួយចំនួន តែមិនមែនយកសំណាកទៅធ្វើតេស្តរកជំងឺកូវីដនោះទេ។

កាលពីថ្ងៃច័ន្ទ អ្នកនាំពាក្យក្រសួងសុខាភិបាលលោក លី សូវ៉ាន់ មានប្រសាសន៍ថា ពលករដែលត្រឡប់ពីប្រទេសថៃប្រមាណ ៤១០នាក់ តែប៉ុណ្ណោះត្រូវបានធ្វើតេស្តរកវីរុសកូរ៉ូណា ហើយពួកគេមិនមានវីរុសនោះទេ។

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក ស ខេង កាលពីថ្ងៃពុធ ក៏បានបង្ហាញការព្រួយបារម្ភអំពីការលំបាករបស់ពលករទាំងនោះ ដោយសារពួកគេមិនមានការងារធ្វើ ដែលនឹងប៉ះពាល់ជីវភាពប្រចាំថ្ងៃ។ លោកមានប្រសាសន៍ថា៖ «ពលករដែលវិលត្រឡប់ទាំងនោះមួយចំនួន មិនមានលទ្ធភាពក្នុងការផ្គត់ផ្គង់ជីវភាពរយៈពេលវែងនោះទេ។ ប៉ុន្តែមួយចំនួនក៏គេមានលទ្ធភាព។ ជាទូទៅ ពួកគាត់តែងតែរំពឹងចង់ទៅវិញ ដើម្បីធ្វើការងារនិងបានប្រាក់ចំណូលសម្រាប់បន្ទុកគ្រួសារ។ តែក្នុងស្ថានភាពបច្ចុប្បន្ន យើងមិនអាចអនុញ្ញាតឲ្យពួកគាត់ចេញចូលឆ្លងកាត់ព្រំដែនបានឡើយ»។ ប៉ុន្តែ លោករដ្ឋមន្រ្តីមានប្រសាសន៍ថា ពួកគេប្រហែលជាមិនអាចវិលត្រឡប់ទៅប្រទេសថៃវិញបានលឿននោះទេ ដោយសារប្រទេសថៃបានបិទព្រំដែន។ លោកមានប្រសាសន៍ថា៖ «យើងអាចវាយតម្លៃដែរថា ក្រុមនេះក៏នឹងមិនងាយបានវិលត្រឡប់ទៅវិញឆាប់ៗទេ។ ហើយយើងមិនដឹងថាពេលណាដែលអាចទៅវិញបាន។ អ៊ីចឹងទេគឺថាក្នុងករណីដែលពួកគាត់ទៅមិនបានវិញ តើជីវភាពរបស់ពួកគាត់យ៉ាងម៉េច?» ប្រជាពលរដ្ឋខ្មែរប្រមាណមួយលាន ២០ម៉ឺននាក់ កំពុងរស់នៅនិងធ្វើការនៅប្រទេសថៃ ហើយរដ្ឋាភិបាលកម្ពុជាប៉ាន់ប្រមាណថា ពួកគេច្រើនគួរសមគឺជាពលករមិនស្របច្បាប់។ យោងតាមរបាយការណ៍របស់អង្គការទេសន្តរប្រវេសន៍អន្តរជាតិ (IOM) ឆ្នាំ២០១៩ មួយភាគបីនៃពលករចំណាកស្រុកដែលត្រូវបានគេសាកសួរព័ត៌មាន ពុំមានការងារធ្វើក្នុងស្រុក មុនពេលពួកគេចេញពីកម្ពុជា ហើយជិតពាក់កណ្តាលគឺគ្មានចំណូល និងប្រហែលពីរភាគបី បានសម្រេចចិត្តទៅប្រទេសថៃ ស្វែងរកការងារដោយសារពុំមានឱកាសការងារនៅក្នុងស្រុក និងដោយសារចង់បានចំណូលប្រសើរជាងមុន។ របាយការណ៍បង្ហាញថា ចំនួនពាក់កណ្តាលនៃអ្នកដែលត្រូវបានសម្ភាសបានផ្ញើប្រាក់ត្រឡប់ទៅស្រុកកំណើតប្រមាណ ១២២៨ដុល្លារក្នុងមួយឆ្នាំ ហើយថាប្រាក់ទាំងនេះ គឺជាប្រាក់ចំណូលចម្បងសម្រាប់ទំនុកបម្រុងគ្រួសារនៅប្រទេសកម្ពុជាឬក៏ដើម្បីប្រើប្រាស់ធ្វើឲ្យជីវភាពប្រសើរឡើង។

លោក ឃុន ថារ៉ូ មន្ត្រីសម្របសម្រួលការងារនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្សហៅកាត់ថាសង់ត្រាល់ (Central) មានប្រសាសន៍ថា ពលករទាំងនោះមិនអាចវិលត្រឡប់ទៅប្រទេសថៃនៅពេលនេះនោះទេ ហើយក៏មិនមានការងារធ្វើសម្រាប់ពួកគេនៅប្រទេសថៃដែរ។ លោកបន្តថា ផ្នែកកសិកម្មនៅកម្ពុជាក៏ពួកគេមិនអាចធ្វើបានដែរ ដោយសារពួកគេមិនមានដីអ្វីធំដុំដើម្បីធ្វើស្រែចម្ការ។ លោកមានប្រសាសន៍ថា៖ «ខ្ញុំគិតថា គ្មានការងារក្នុងស្រុកណានៅមានសម្រាប់ពួកគាត់ដែរ។ ប្រសិនបើយើងមើលវិស័យសំណង់ ទេសចរណ៍ សេវាកម្ម ភោជនីយដ្ឋានគឺមិនមានការងារអី សមស្របសម្រាប់ពួកគាត់ដែរ»។ លោក ថារ៉ូ ជំរុញឲ្យរដ្ឋាភិបាលបញ្ចេញសាច់ប្រាក់បម្រុង ដើម្បីជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះ ក្នុងនោះមានការផ្តល់ជាអាហារគ្រឿងបរិភោគ ដែលជាតម្រូវការចាំបាច់សម្រាប់ពួកគេ។ មន្រ្តីដែលធ្វើការលើផ្នែកសិទ្ធិការងាររូបនេះបន្ថែមថា៖ «គ្មានអីក្រៅពីរដ្ឋទេ ដែលអាចជួយគាំពារគាត់ព្រោះកូវីដនេះជាជំងឺសាកល ហើយអាហ្នឹងគឺជាកាតព្វកិច្ចរបស់រដ្ឋ ហើយសម្រាប់គាំពារទៅដល់ប្រជាពលរដ្ឋ ជាពិសេសពលករដែលទើបត្រឡប់មកពីប្រទេសថៃហ្នឹង»។

ពលករម្នាក់ដែលមកពីប្រទេសថៃអ្នកនាង អាន់ ស្រីលីស អាយុ២៦ឆ្នាំ បានថ្លែងប្រាប់ VOAថា អ្នកនាងទៅធ្វើការនៅប្រទេសថៃជាង ៥ឆ្នាំមកហើយ ហើយបានត្រឡប់មកស្រុកកំណើតវិញក្នុងខេត្តតាកែវ ជាមួយស្វាមី កូនស្រីម្នាក់និងក្មួយប្រុសម្នាក់ កាលពីថ្ងៃទី ២២ ខែមីនា។ អ្នកនាងបន្តថា អ្នកនាងត្រូវបានអាជ្ញាធរណែនាំឲ្យរក្សាអនាម័យ និងដាក់ខ្លួនឲ្យនៅដាច់ដោយឡែក។ អ្នកនាងដែលរស់នៅក្នុងឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ មានប្រសាសន៍ថា អ្នកនាងមិនមានរោគសញ្ញានៃវីរុសកូរ៉ូណានោះទេ។ អ្នកនាងមានប្រសាសន៍ថា៖ «ព្រោះអីអត់មានអីពិបាកក្នុងខ្លួនផងព្រោះអីឡើងចូលមួយខែហើយ ព្រោះអីមានពេទ្យមកពិនិត្យដល់ផ្ទះ។ បើខ្ញុំ ពិនិត្យបីដងហើយ»។អ្នកនាងកំពុងព្រួយបារម្ភអំពីជីវភាពដែលអ្នកនាងថា បច្ចុប្បន្ននៅសល់ថវិកាប្រមាណ ៥ម៉ឺនរៀលដែលសល់ពីប្រទេសថៃ ហើយជីវភាពពឹងផ្អែកលើម្តាយដែលបេះផ្លែព្រីងលក់ជាប្រចាំថ្ងៃ។ ជាងនេះទៅទៀត អ្នកនាងក៏កំពុងព្រួយបារម្ភអំពីការសងបំណុលគេដែលត្រូវបង់មួយខែប្រមាណ ១២០ដុល្លារហើយត្រូវបង់ ៦ខែទៀត។ អ្នកនាងបញ្ជាក់ថា អ្នកស្រីចង់ធ្វើការជាកម្មកររោងចក្រមួយរយៈ ខណៈរង់ចាំការបើកច្រកទ្វារព្រំដែនឡើងវិញ។ អ្នកនាងបញ្ជាក់ថា៖ «ចង់ថាចូលរោងចក្រសិន។ បើអត់រកការងារធ្វើ អត់អីចាយ អត់មានលុយចាយ»។

ក្នុងកិច្ចប្រជុំកាលពីថ្ងៃពុធ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក ស ខេង បានបញ្ជាក់ថា ដោយសារផលប៉ះពាល់នៃវីរុសកូរ៉ូណា អត្រាភាពក្រីក្រនៅកម្ពុជាអាចកើនឡើង ក្រោយជំងឺដែលកំពុងរាតត្បាតជាសាកលនេះបាត់ទៅវិញ។លោកមានប្រសាសន៍ថា៖ «ប៉ុន្តែក្នុងស្ថានភាពដែលកូវីដវារាលដាលនេះប្រហែលជាអាចវាមានផលប៉ះពាល់បានន័យថា វាធ្វើឲ្យចំនួនអ្នកក្រហ្នឹង[កើនឡើង]ដែលចុងក្រោយយើងថា នៅសល់ប៉ុន្មាន ៩ភាគរយ។ ប៉ុន្តែដល់តែកូវីដទៅ តើវាឡើង ១០ភាគរយ ឬវានៅ ៩ភាគរយ?»លោករដ្ឋមន្រ្តីមានប្រសាសន៍ថា រដ្ឋាភិបាលកម្ពុជាមិនមានថវិកាចែកដល់ប្រជាពលរដ្ឋនោះទេ៕

website_news/2020240401.txt · Last modified: 2020/04/24 11:46 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki