website_news:2020240404

កូវីដ១៩៖ ថៃ ឲ្យពលរដ្ឋខ្មែរ បន្តស្នាក់នៅរហូតដល់ថ្ងៃ៣១ កក្កដា ដោយពុំផាកពិន័យ តែមិនអនុញ្ញាតឲ្យធ្វើការងារ

https://dap-news.com/national/ ByKD102 Posted on April 23, 2020

ភ្នំពេញ៖ ដើម្បីសម្រួលដល់ បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលជាប់នៅក្នុងប្រទេសថៃ ដោយសារការរឹតត្បិត នៃការធ្វើដំណើរទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ក្នុងការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ រដ្ឋាភិបាលថៃ បានសម្រេចផ្ដល់ការអនុគ្រោះ ៣ចំណុចសំខាន់ៗ ដល់បងប្អូនប្រជាពលរដ្ឋខ្មែរ។ យោងតាមសេចក្ដីជូនដំណឹងរបស់ ស្ថានទូតកម្ពុជា នៅថ្ងៃទី២៣ មេសានេះ បានឲ្យដឹងថា ៣ចំណុចសំខាន់ៗ ដែលរដ្ឋាភិបាលថៃ សម្រេចផ្ដល់ការអនុគ្រោះនោះ រួមមានដូចខាងក្រោម៖

១.បងប្អូនប្រជាពលរដ្ឋខ្មែរ រួមទាំងពលករ ដែលអស់សុពលភាព ស្នាក់នៅចាប់ពីថ្ងៃទី២៦ មីនា ត្រូវបានអនុញ្ញាតឲ្យបន្តស្នាក់នៅ ដោយស្វ័យប្រវត្តិរហូតដល់ ថ្ងៃទី៣១ កក្កដា ដោយពុំមានការផាកពិន័យ លើការស្នាក់នៅលើសកំណត់ (Over Stay) ប៉ុន្តែមិនអនុញ្ញាតឲ្យធ្វើការនោះទេ ។

២.បងប្អូនពលករខ្មែរ ដែលនិយោជកបានបញ្ជូនបញ្ជីឈ្មោះ ទៅក្រសួង ឬមន្ទីរការងារក្រុង/ខេត្តថៃ តាមរយៈប្រព័ន្ធអនឡាញរួចរាល់ ត្រឹមថ្ងៃទី៣១ មីនា អាចបន្តធ្វើការជាបណ្ដោះអាសន្ន រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ។

៣.បងប្អូនប្រជាពលរដ្ឋខ្មែរ រួមទាំងពលករ ដែលត្រូវទៅបង្ហាញខ្លួន ក្នុងរយៈពេល ៩០ថ្ងៃ ក្នុងចន្លោះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ដល់៣១ ខែកក្កដា ឆ្នាំ២០២០ មិនតម្រូវឲ្យទៅបង្ហាញខ្លួននោះទេ រហូតដល់មានការជូនដំណឹងជាថ្មី ឡើងវិញ ។

ទន្ទឹមគ្នានោះដែរ ស្ថានទូតក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋខ្មែរ ទាំងអស់នៅក្នុងប្រទេសថៃ មេត្តាបន្តចូលរួមសហការអនុវត្តវិធានការនានា និងបម្រាមគោចរដែលដាក់ចេញ ដោយរដ្ឋាភិបាលថៃ ឲ្យមានប្រសិទ្ធភាព និងសូមរក្សាសុខភាពអនាម័យ ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ ៕

website_news/2020240404.txt · Last modified: 2020/04/24 11:53 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki