website_news:2020240601

ក្រុមអាជ្ញាធរថៃបញ្ជូនអ្នកទោសខ្មែរ ជាបន្តបន្ទាប់ប្រគល់ឱ្យកម្ពុជា

https://kohsantepheapdaily.com.kh/ ថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ២០២០ ម៉ោង ១៩:៤៣ ឱម សារឿន

ខេត្តឧត្តរមានជ័យ ៖ អ្នកទោសខ្មែរ២នាក់ត្រូវបានក្រុមអាជ្ញាធរថៃធ្វើ ការដោះលែងឱ្យមានសេរីភាព វិញជាបន្តបន្ទាប់រយៈពេល២ថ្ងៃជាប់ៗគ្នាគឺនៅថ្ងៃទី២១ និងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ តាមមាត់ច្រកទ្វារអន្តរជាតិជាំ ស្ថិតនៅក្នុងភូមិជាំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ អ្នកទោសខ្មែរដែលក្រុមអាជ្ញាធរថៃបានធ្វើការសម្រេចដោះលេងឱ្យមានសេរីភាពវិញ ទី១-ឈ្មោះ ផា កាក់ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិពរពក ឃុំពរពក ស្រុកស្ទោង ខេត្តកំពង់ធំ ថៃចាប់ខ្លួននៅថ្ងៃទី២៦ មេសា ២០១៧ ក្រុមអាជ្ញាធរថៃដោះលែងនៅថ្ងៃទី២១ មិថុនា។និង ម្នាក់ទៀតឈ្មោះ ធី ជេត ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិទួលប្រសើរ ឃុំបាក់អន្លូង ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ, ថៃចាប់ខ្លួនថ្ងៃទី៧ កុម្ភៈ ២០១៨ ហើយដោះលែងនៅថ្ងៃទី២២ មិថុនា ២០២០។ ទាំង២នាក់ជាប់គុកនៅស្រុកខាន់តាឡាក់ ខេត្តស៊ីសាកេត ប្រទេសថៃ។

មន្ត្រីដែលបម្រើការងារនៅមាត់ច្រកទ្វារអន្តរជាតិបានឱ្យដឹងថា នៅមាត់ច្រកទ្វារអន្តរជាតិជាំ ក្រុមអាជ្ញាធរថៃបញ្ជូនអ្នកទោសខ្មែរជាញឹកញាប់ផងដែរ ដោយជាប់ពាក់ព័ន្ធពីបទឆ្លងដែនកាប់ឈើគ្រញូង ភាគច្រើនដោយឡែកអ្នកឆ្លងដែនធ្វើចំណាកស្រុក រកការងារធ្វើនៅក្នុងប្រទេសថៃស្ទើរតែពុំមាននោះទេ តែទោះជាបែបណានោះអ្នកទោសខ្មែរ២នាក់ រូបនេះក្រោយពីបានទទួលពីក្រុមអាជ្ញាធរថៃ សមត្ថកិច្ចបានធ្វើការអប់រំ និងឱ្យធ្វើកិច្ចសន្យាបញ្ឈប់ ឆ្លងដែនខុសច្បាប់បន្តទៀត និងឱ្យវិលត្រឡប់ទៅជួបជុំក្រុមគ្រួសារក្នុងថ្ងៃដដែល។

គួរំលឹកថា អ្នកទោសខ្មែរដែលក្រុមអាជ្ញាធរថៃបញ្ជូនខ្លួនយកមកប្រគល់ឱ្យក្រុមអាជ្ញាធរកម្ពុជាចំនួន២នាក់នេះ ដោយមិនមែនជាលើកទី១នោះទេកន្លងមកក្រុមអាជ្ញាធរថៃបានធ្វើការដោះលែងអ្នកទោស ខ្មែរបញ្ជូនខ្លួនប្រគល់ឱ្យកម្ពុជាជាបន្តបន្ទាប់ផងដែរ៕ ដោយ ៖ ឱម សារឿន

website_news/2020240601.txt · Last modified: 2020/06/24 13:43 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki