website_news:2020240701

សម្ដេចក្រឡាហោម ស ខេង អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតប្រទេសអូស្ត្រាលីប្រចាំ នៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសហការី ចូលជួបពិភាក្សាការងារ

http://cambodiapolice.com/policekh/ 9:17 pm 23 កក្កដា 2020

ភ្នំពេញ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ៣កើត ខែស្រាពណ៌ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យឯកឧត្តម Pablo Chiho Kang ឯកអគ្គរដ្ឋទូតប្រទេសអូស្ត្រាលីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសហការី ចូលជួបពិភាក្សាការងារ នៅទីស្ដីការក្រសួងមហាផ្ទៃ។

ជាកិច្ចចាប់ផ្ដើម សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលអូស្ត្រាលីដែលបានផ្ដល់ការគាំទ្រតាមរយៈការចាត់បញ្ជូនអ្នកបច្ចេកទេសមកជួយក្នុងដំណើរការកសាងច្បាប់សំខាន់ៗចំនួន២ គឺច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវរកម្ម និងច្បាប់ស្ដីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ដែលព្រះមហាក្សត្របានចេញព្រះរាជក្រមប្រកាសឱ្យប្រើកាលពីពេលថ្មីៗនេះ។ សម្ដេចបានមានប្រសាសន៍ទៀតថា ក្រោយពីច្បាប់នេះត្រូវបានប្រកាសឱ្យប្រើហើយ គឺនៅសល់លិខិតបទដ្ឋានគតិយុត្តិក្រោមច្បាប់នេះមួយចំនួនទៀតដែលរាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ ត្រូវបន្តសហការរៀបចំ ដើម្បីឈានទៅអនុវត្តច្បាប់ទាំងពីរនេះឱ្យបានពេញលេញ។

ឯកឧត្តមឯកអគ្គរដ្ឋទូតអូស្ត្រាលី បានសម្ដែងក្ដីរីករាយ ដែលរាជរដ្ឋាភិបាលកម្ពុជា សម្រេចបាននូវសមិទ្ធផលច្បាប់ចំនួនពីរនេះ និងបានជម្រាបសម្ដេចទៀតថា កន្លងមករដ្ឋាភិបាលអូស្ត្រាលីក៏ធ្លាប់បានជួយលើកិច្ចការមួយចំនួនផងដែរ ជាពិសេសនៅក្នុងកាលៈទេសៈ នៃការរីករាលដាលជំងឺកូវីដ-១៩នេះ អូស្ត្រាលីបានផ្ដល់ជំនួយវិស័យ សុខាភិបាល និងវិស័យកសិកម្មជួយកម្ពុជា តាមរយៈអង្គការក្រៅរដ្ឋាភិបាលរបស់អូស្ត្រាលី។ ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមបានជម្រាបជូនសម្ដេចថា ជាការពិត នៅក្នុងស្ថានភាពប្រឈមនឹងជំងឺកូវីដ-១៩នេះ វិស័យមួយចំនួនដូចជាទេសចរណ៍ ឧស្សាហកម្មវាយណភ័ណ្ឌពិតជាទទួលរងផលប៉ះពាល់ ប៉ុន្តែឯកឧត្តមសូមសម្ដែងនូវការកោតសរសើរចំពោះគោលនយោបាយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់វិស័យកសិកម្ម ធ្វើយ៉ាងណាជួយជំរុញបន្ថែមដល់សេដ្ឋកិច្ចជាតិ។ ឯកឧត្តមបានបន្តថា ក្នុងនាមជាឯកអគ្គរដ្ឋទូតអូស្ត្រាលី ឯកឧត្តមពិតជារីករាយដែលបានចូលរួមអមដំណើរសម្ដេចតេជោនាយករដ្ឋមន្រ្តី ចុះទៅកាន់ខេត្តតាកែវកាលពីពេលថ្មីៗនេះ ដើម្បីពិនិត្យមើលដោយផ្ទាល់ក្នុងដំណើរការជំរុញវិស័យកសិកម្មនៅក្នុងខេត្តមួយនេះ។ ឯកឧត្តមបន្តថា តាមរយៈអង្គការក្រៅរដ្ឋបាលភិបាល អូស្ត្រាលីកំពុងបន្តជួយគាំទ្រដល់វិស័យកសិកម្មនៅកម្ពុជា ពាក់ព័ន្ធនឹងការធ្វើទំនើបកម្មការប្រើប្រាស់គ្រឿងយន្ត ការបណ្ដុះពូជ និងការកម្ចាត់សត្វល្អិតជាដើម ដើម្បីឈានទៅបង្កើនទិន្នផលកសិកម្មស្រូវ និងជំរុញការនាំចេញអង្ករក្រអូបទៅកាន់អូស្ត្រាលីឱ្យកាន់តែច្រើន។ ក្រៅពីកិច្ចការទាំងនេះឯកឧត្តមឯកអគ្គរដ្ឋទូតបានជម្រាបសម្ដេចទៀតថា រដ្ឋាភិបាលអូស្ត្រាលី ក៏បានសហការជាមួយក្រសួងផែនការ ក្នុងការគាំទ្រដល់ដំណើរការរៀបចំបញ្ជីប្រជាជនក្រីក្រដែលកិច្ចការនេះកំពុងតែប្រព្រឹត្តទៅយ៉ាងប្រសើរ។ ដោយឡែកពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការកម្លាំងអនុវត្តច្បាប់ ឯកឧត្តមឯកអគ្គរដ្ឋទូតបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រឹដ្ឋកម្មឆ្លងដែន រួមមានការប្រយុទ្ធប្រឆាំងគ្រឿងញៀន ការកេងប្រវញ្ញផ្លូវភេទលើកមារ ក្នុងនោះក៏មានការផ្ដល់ជំនួយបណ្ដុះបណ្ដាលដល់មន្ត្រីអន្តោប្រវេសន៍កម្ពុជាពាក់ព័ន្ធនឹងការងារត្រួតពិនិត្យឯកសារលិខិតឆ្លងដែនដែរ។ ឯកឧត្តមបានបង្ហាញភាពរីករាយចំពោះវឌ្ឍនភាព និងលទ្ធផលដែលទទួលបានតាមរយៈកិច្ចសហប្រតិបត្តិការដែលមានលើវិស័យនគរបាលនេះហើយសម្រាប់ច្បាប់ទាំងពីរដែលរាជរដ្ឋាភិបាលសម្រេចបាននោះ ឯកឧត្តមពិតជាចង់ឃើញការអនុវត្តច្បាប់បានពេញលេញ។ ឯកឧត្តមក៏បានបង្ហាញឆន្ទៈបន្តគាំទ្រដល់ការរៀបចំលិខិតបទដ្ឋានក្រោមច្បាប់ ដើម្បីឈានទៅអនុវត្តច្បាប់នេះរួមទាំងផ្ដល់ការបណ្ដុះបណ្ដាលមន្រ្តីកម្ពុជាក្នុងការចាត់តាំងអនុវត្តភាពរកិច្ចស្របតាមច្បាប់ទាំងពីរនេះផងដែរ។

ជាការឆ្លើយតបសម្ដេចក្រឡាហោមបានមានប្រសាសន៍ថ្លែងអំណរគុណជាថ្មីម្ដងទៀតដល់រដ្ឋាភិបាលអូស្ត្រាលី ដែលបានផ្ដល់អ្នកបច្ចេកទេសរៀបចំច្បាប់ទាំងពីរនេះ ពីព្រោះច្បាប់ទាំងពីរនេះមានសារៈសំខាន់ណាស់សម្រាប់កម្ពុជា និងក៏ជាការចូលរួមចំណែកជាលក្ខណៈអន្តរជាតិក្នុងការងារទប់ស្កាត់ហិរញ្ញប្បទានភេវរកម្ម និងការប្រឆាំងការរីកសាយភាយអាវុធមហាប្រល័យដែរ។ សម្ដេចបានបង្ហាញការស្វាគមន៍បន្តទៀតចំពោះក្រុមអ្នកជំនាញអូស្ត្រាលីសម្រាប់ការចូលរួមដល់កិច្ចការកសាងឯកសារគតិយុត្តក្រោមច្បាប់ទាំងពីរនេះ និងបានឯកភាពចំពោះការវាយតម្លៃរបស់ឯកឧត្តមពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការរវាងកម្លាំងអនុវត្តច្បាប់ នៃប្រទេសទាំងពីរនាពេលកន្លងមក។ សម្ដេចបានស្នើឱ្យភាគីអូស្ត្រាលីបន្តជួយពង្រឹងដល់សមត្ថភាពមន្ត្រីនគរបាលប៉ុស្ត៍រដ្ឋបាលឃុំសង្កាត់ និងអធិការដ្ឋាននគរបាលឱ្យកាន់តែមានសមត្ថភាពរឹងមាំក្នុងការបំពេញភារកិច្ច ខណៈភាគីអូស្ត្រាលីធ្លាប់ជួយការងារជាបន្តបន្ទាប់។ សម្ដេចសង្ឃឹមថាកម្លាំងនគរបាលប្រទេសទាំងពីរនឹបន្តកិច្ចសហប្រតិបត្តការល្អជាមួយគ្នាបន្ថែមទៀត ដើម្បីការពារបន្តទៀតនូវប្រយោជន៍របស់ប្រជាពលរដ្ឋ និងប្រទេសទាំងពីរ៕

website_news/2020240701.txt · Last modified: 2020/07/24 14:35 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki