website_news:2020240707

ពលករជាង២ម៉ឺននាក់បញ្ជូនមកវិញ ក្រោយថៃបិទព្រំដែនដោយសារកូវីដ

https://kohsantepheapdaily.com.kh/ ថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ ២០២០ ម៉ោង ១០:៤០ ម៉ុត សារុន

ខេត្តបន្ទាយមានជ័យ ៖ ភាគីថៃបានបញ្ជូនពលករខុសច្បាប់ដែលចាប់លើទឹកដីគេប្រគល់ឲ្យភាគីកម្ពុជាតាមច្រកអន្តរជាតិ, ច្រកតំបន់ និងច្រកកិច្ចព្រមព្រៀង(ច្រកអូរបីជាន់)ក្នុងខេត្តបន្ទាយមានជ័យជាង២ម៉ឺននាក់គិតចាប់ពីពេលដែលភាគីថៃបិទព្រំដែនទប់ស្កាត់មេរោគកូវី១៩ កាលពីចុងខែមីនា រហូតដល់ថ្ងៃទី២២ កក្កដា ឆ្នាំ២០២០នេះ។ ពលករខុសច្បាប់ដែលភាគីថៃបញ្ជូនត្រឡប់ឲ្យអាជ្ញាធរនិងសមត្ថកិច្ចកម្ពុជាក្នុងខេត្តបន្ទាយមានជ័យភាគច្រើនតាមច្រកកិច្ចព្រមព្រៀងរវាងខេត្តបន្ទាយមានជ័យនិងខេត្តស្រះកែវ គឺច្រកអូរបីជាន់ ស្ថិតក្នុងភូមិឃុំអូរបីជាន់ ស្រុកអូរជ្រៅ និងមួយចំនួនតូចបញ្ជូនតាមច្រកអន្តរជាតិប៉ោយប៉ែតនិងច្រកតំបន់ម៉ាឡៃ ។ នេះបើតាមកាឲ្យដឹងពីសមត្ថកិច្ចជំនាញ។

លោកវរសេនីយ៍ទោ ជា លាងហួរ នាយរងការិយាល័យប្រឆាំងកាជួញដូរនិងការពារអនីតិជននៃស្នងការដ្ឋាននគរបាលខេត្តប្រាប់តាមទូរស័ព្ទថា ចំនួនពលករបញ្ជូនពីថៃក្នុងអំឡុងពេលផ្ទុះជំងឺកូវីដ១៩ ពោលគឺចាប់តាំងពីភាគីថៃបិទព្រំដែនទប់ស្កាត់មេរោគកូវីត១៩ រហូតមកដល់ថ្ងៃទី២២ កក្កដា ឆ្នាំ២០២០ មានចំនួន២៥.៧៨៧នាក់ ក្នុងនោះស្ត្រីមានចំនួន១០.១១៨នាក់ និងកុមារចំនួន២.៤១១នាក់។ នាយរងការិយាល័យរូបនេះបានបញ្ជាក់ថា ចំនួនពលករទាំងនេះបញ្ជូនពីថៃតាមច្រករបៀងអូរបីជាន់ ដែលជាច្រកកិច្ចព្រមព្រៀងរវៀងខេត្តទាំង២កម្ពុជា-ថៃ បន្ទាយមានជ័យ-ស្រះកែវ ច្រើនជាងគេ និងមួយចំនួនបញ្ជូនតាមច្រកតំបន់ម៉ាឡៃ និងច្រកអន្តរជាតិប៉ោយប៉ែត៕ (កែសម្រួលដោយ ៖ ធីតា)

website_news/2020240707.txt · Last modified: 2020/07/24 14:46 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki