website_news:2020240802

មិនដល់2ខែផង ពលករខ្មែរបញ្ជូនពីថៃជាង១ម៉ឺននាក់

https://kohsantepheapdaily.com.kh/ ថ្ងៃទី ២៣ ខែ សីហា ឆ្នាំ ២០២០ ម៉ោង ២០:៤០ ម៉ុត សារុន

ខេត្តបន្ទាយមានជ័យ ៖ រយៈពេលមិនដល់២ខែផង ពលករខ្មែរជាង១ម៉ឺននាក់ បានត្រូវអាជ្ញាធរថៃបញ្ជូនឲ្យអាជ្ញាធរកម្ពុជាតាមច្រកកិច្ចព្រមព្រៀង(អូរបីជាន់) ច្រកអន្តរជាតិប៉ោយប៉ែត និងច្រកតំបន់ ក្នុងខេត្តបន្ទាយមានជ័យ ។ នេះបើតាមក្រុមមន្ត្រីឲ្យដឹង ។ ពលករដែលអាជ្ញាធរថៃបញ្ជូនមកកម្ពុជា ចាប់ពីដើមខែកក្កដាដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ មានចំនួន១៥.០៤៤នាក់ ក្នុងនោះស្រី៦.១៥៤នាក់ និងកុមារ១.៥២៤នាក់ ។

លោកវរសេនីយ៍ទោ ជា លាងហួរ នាយរងការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនខេត្ត បានប្រាប់តាមទូរស័ព្ទថា ពលករទាំងនេះភាគច្រើនបញ្ជូនពីថៃតាមច្រកកិច្ចព្រមព្រៀងរវាងខេត្តបន្ទាយមានជ័យ-កម្ពុជា និងខេត្តស្រះកែវ-ថៃ(ច្រករបៀងអូរបីជាន់) និងមួយចំនួនតូចបញ្ជូនពីថៃតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងច្រកតំបន់ម៉ាឡៃ ។ ដោយឡែក បើគិតតែក្នុងរយៈពេល៥ថ្ងៃនៃការឈប់សម្រាកក្នុងប្រទេស ចាប់ពីថ្ងៃ១៧ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ ពលករបញ្ជូនពីថៃមានចំនួន១.០៤៦នាក់ ក្នុងនោះស្រី្ត៤១២នាក់ និងកុមារ៩៨នាក់ ។

បើទោះជាប៉ុន្មានខែចុងក្រោយនេះ ដោយសារការកើតមានជំងឺកូវីដ-១៩ ហើយប្រទេសថៃបានបិទព្រំដែនដើម្បីបង្ការទប់ស្កាត់ការឆ្លងមេរោគនេះ និងបានដាក់ប្រទេសក្នុងគ្រាអាសន្នក្តី ក៏ពលករខ្មែរនៅតែបន្តលួចឆ្លងដែនចូលទៅដីថៃ ហើយត្រូវអាជ្ញាធរថៃចាប់បញ្ជូនត្រឡប់មកវិញស្ទើររាល់ថ្ងៃ ដោយដឹកតាមរថយន្តទ្រុងត្រឡប់មកប្រទេសកំណើតប្រៀបដូចសត្វធាតុ ៕

website_news/2020240802.txt · Last modified: 2020/08/24 13:45 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki