website_news:2020241103

លោកជំទាវ ប៉ាង ដានី បើកវគ្គបណ្ដុះបណ្ដាល ដល់មន្ត្រីជាយន្តការគណៈកម្មាធិការប្រយុទ្ធ ប្រឆាំងការជួញដូរមនុស្ស នៅថ្នាក់ ស្រុក ឃុំ/សង្កាត់

https://www.pdikampongcham.info/ ២៣ ខែវិច្ឆិកា ២០២០

អភិបាលរងខេត្តកំពង់ចាម លោកជំទាវ ប៉ាង ដានី នៅថ្ងៃទី២៣ ខែវិច្ចិកា ឆ្នាំ២០២០នេះ បានអញ្ចើញបើកវគ្គបណ្ដុះបណ្ដាល ដល់មន្ត្រីជាយន្តការគណៈកម្មាធិការប្រយុទ្ធ ប្រឆាំងការជួញដូរមនុស្ស នៅថ្នាក់ ស្រុក ឃុំ/សង្កាត់ ដែលរៀបចំដោយ លេខាធិការដ្ឋានគណៈកម្មាធិការខេត្ត ប្រឆាំងអំពើជួញដូរមនុស្ស នៅសាលប្រជុំធំ សាលាខេត្តកំពង់ចាម។

វគ្គបណ្ដុះបណ្ដាលនេះ បានបង្ហាញដល់អ្នកចូលរួមទាំងអស់អំពីសភាពការណ៍រួម កម្រិតទោសទណ្ឌ អង្គលេខរបស់គណៈកម្មាធិការជួញដូរមនុស្ស បទពិសោធន៍ បញ្ហាប្រឈម និងផែនការទប់ស្កាត់ ឆ្នាំ២០២១ របស់ក្រុមការងារបង្ការ និងទប់ស្កាត់ការជួញដូរ មនុស្សខេត្តដោយលោក កុក ស៊ីជឿន អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡា និងបទបង្ហាញអំពី និយមន័យ អំពើជួញដូរមនុស្ស និងដំណើរការ នៃការអនុវត្ត របស់ក្រុមការងារការពាជនរងគ្រោះ ដោយលោក ហួត សុធា អនុប្រធានមន្ទីរសង្គមកិច្ច អតីត យុទ្ធជន និងយុវនីតិសម្បទាខេត្ត។

សូមជម្រាបជូនថា បណ្ដុះបណ្ដាលនេះ គឺជាវគ្គទី ២ហើយ ដែលគ្រោងនឹងបញ្ចប់នៅត្រីមាសទី ៣ ឆ្នាំ២០២០ ប៉ុន្តែអាស្រ័យដោយយើងជួបប្រទះនូវវិបត្តិជំងឺកូវីដ-១៩ ទើបការបញ្ចប់វគ្គត្រូវបានលើកមកត្រីមាសទី៤ ក្នុងឆ្នាំ ២០២០ វិញ ហើយការរៀបចំវគ្គនេះលេខាធិការដ្ឋាន បានអនុវត្តតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាលដោយតម្រូវឲ្យសិក្ខាកាមរក្សានូវគម្លាតសុវត្ថិភាព និងពាក់ម៉ាស់គ្រប់ៗគ្នា។

website_news/2020241103.txt · Last modified: 2020/11/24 11:29 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki