website_news:2020241204

អាជ្ញាធរខេត្តបាត់ដំបង ធ្វើចត្តាឡីស័កពលករទើបមកពីថៃចំនួន ១២១នាក់ក្នុងរយៈពេល ២ថ្ងៃ

https://www.cen.com.kh/ December 23, 2020

បាត់ដំបង ៖ អាជ្ញាធរខេត្តនិងមន្ត្រីជំនាញ បានពិនិត្យសុខភាពនិងបានធ្វើចត្តាឡីស័កពលករខ្មែរទើបត្រឡប់វិញមកពីថៃសរុបចំនួន ១២១នាក់នៅមណ្ឌលចំនួន២ក្នុងស្រុកកំរៀង បន្ទាប់ពីមានការផ្ទុះឆ្លងជំងឺកូវីដ១៩នៅខេត្តសាមុទសាខនប្រទេសថៃ ជាច្រើនករណី ដោយគិតចាប់ពីថ្ងៃទី២១និង២២ខែធ្នូ ឆ្នាំ២០២០។

លោក សឿម ប៊ុនរិទ្ធ អភិបាលរងខេត្តបាត់ដំបងនិងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបង បានឲ្យដឹងថាពលករទាំង ១២១នាក់គឺមានចំនួន១០៤នាក់ បានធ្វើចត្តាឡីស័កនៅក្នុងសាលាវិទ្យាល័យកំរៀងស្ថិតក្នុងស្រុកកំរៀង។ក្នុងចំណោមនេះ បានយកសំណាកមកពិនិត្យរកជំងឺកូវីដ១៩ បានចំនួន៧៦នាក់និងក្នុងមណ្ឌលចត្តាឡីស័កមួយទៀតនៅក្នុងមណ្ឌលសុខភាពត្រាំងមានចំនួន១៧នាក់ ដែលបានយកសំណាករួចរាល់គ្រប់គ្នា។សម្រាប់ថ្ងៃទី២២ខែធ្នូឆ្នាំ២០២០ មានពលករបានធ្វើដំណើរឆ្លងដែនពីប្រទេសថៃមកតាមច្រកជាប់នឹងខេត្តបាត់ដំបង មានចំនួន ១៩នាក់ (ស្រី៦នាក់) ដោយពួកគេទាំងអស់នោះ មិនមានអ្នកណាម្នាក់មកពីខេត្តសាមុទសាខននោះទេ។

យោងតាមរបាយការណ៍ របស់មន្ទីរសុខាភិបាលខេត្តបាត់ដំបង បានឲ្យដឹងថាចាប់តាំងពីមានការផ្ទុះជំងឺកូវីដ១៩នៅលើពិភពលោក សម្រាប់ខេត្តបាត់ដំបង បានយកសំណាកអ្នកសង្ស័យឆ្លងជំងឺកូវីដ១៩ ទៅពិសោធន៍ក្នុងវិទ្យាស្ថានប៉ាស្ទ័រ រាជធានីភ្នំពេញ បានចំនួន២៩៤១សំណាក (ស្រី ១ ១៤៦សំណាក) ដោយមានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៩នាក់ (ស្រី៣នាក់) ហើយត្រូវបានក្រុមគ្រូពេទ្យជួរមុខព្យាបាលជាសះស្បើយអស់ហើយផងដែរ៕ រក្សាសិទ្ធិដោយៈអ៊ុងសារុំ

website_news/2020241204.txt · Last modified: 2020/12/25 11:34 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki