website_news:2020241205

ពលករជិត២០០នាក់ដែលថៃបញ្ជូនមកវិញ ត្រូវអាជ្ញាធរកម្ពុជាណែនាំឱ្យធ្វើចត្តាឡីស័ក

https://kohsantepheapdaily.com.kh/ ថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ២០២០ ម៉ោង ១៧:២០ ប៊ុន ធឿន

ខេត្តបន្ទាយមានជ័យ ៖ ពលករចំនួន១៩៩នាក់ត្រូវបានភាគីថៃបញ្ជូនមកវិញតាមច្រកអូរបីជាន់ ស្ថិតឃុំអូរបីជាន់ ស្រុកអូរជ្រៅ ត្រឹមម៉ោង៤ល្ងាចថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ ហើយអាជ្ញាធរកម្ពុជាបានអោយពួកគាត់ធ្វើចត្តាឡីស័ក។

លោក លី សុវណ្ណារិទ្ធ អភិបាលស្រុកអូរជ្រៅបានប្រាប់ថា ភាគីថៃបានចាប់បញ្ជូនពលករតាមច្រកអូរជាន់ស្រុកអូរជ្រៅរយៈពេល១ថ្ងៃមានចំនួន១៩៩នាក់ ក្នុងនោះមានស្រីចំនួន៨៧នាក់ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ បើប្រៀបធៀបនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ មានចំនួ១៧០នាក់ ក្នុងនោះមានស្រីចំនួន៦៨នាក់។ លោកបានបញ្ជាក់ថានៅពេលដែលភាគីថៃដេកបញ្ជូនពលករតាមច្រកអូរបីជាន់ត្រូវក្រុមការងារមានគ្រូពេទ្យចាំធ្វើចត្តាឡីស័កដោយពិនិត្យសុខភាពមានវាស់កំដៅ បើជាប់សង្ស័យត្រូវបានបញ្ជូនទៅមន្ទីពេទ្យបង្អែកក្រុងប៉ោយប៉ែត ហើយមិនជាប់សង្ស័យទេត្រូវបានក្រុមការងារមានកម្លាំងនគរបាល និងកម្លាំងកងរាជអាវុធហត្ថ កម្លាំងយោធា និងអង្គការក្រៅរដ្ឋាភិបាលបានធ្វើណែនាំដល់ពលករត្រូវបញ្ឈប់សកម្មភាពចំណាកស្រុកខុសច្បាប់ដែលប្រឈមគ្រោះថ្នាក់។ លោក លី សុវណ្ណរិទ្ធ បានបញ្ជាក់ថា ក្រុមគ្រូពេទ្យដែលធ្វើចត្តាឡីស័កត្រូវបានណែនាំដល់ពលករដែលភាគីថៃបញ្ជូនមកត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល នៅពេលដែលទៅផ្ទៈត្រូវធ្វើចត្តាឡីស័កខ្លួនរយៈពេល១៤ថ្ងៃ ដោយមិនត្រូវនៅជិត ឬប៉ះពាល់សាច់ញាតិ និងត្រូវពាក់ម៉ាស់ លាងអាកុល ឬជែលលាងសំអាតជាប្រចាំ ដើម្បីបង្កាទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩។

គួររំលឹកថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញសារណែនាំដល់អាជ្ញាធរខេត្តជាប់ជាយដែនប្រទេសថៃត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ ដើម្បីធ្វើចត្តាឡីស័កដល់ប្រជាពលរដ្ឋខ្មែរដែលត្រឡប់ពីថៃចូលមកកម្ពុជាវិញ ត្រូវតែអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលដើម្បីបង្ការនិងទប់ស្កាត់ការឆ្លងកូវីដ១៩ ស្របពេលដែលប្រទេសថៃកំពុងឆ្លងកូវីដ១៩ចូលក្នុងសហគមន៍៕ (កែសម្រួលដោយ ៖ ធីតា)

website_news/2020241205.txt · Last modified: 2020/12/25 11:36 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki