website_news:2020241210

ពលករខ្មែរធ្វើការខុសច្បាប់នៅប្រទេសថៃ បារម្ភពីសុវត្ថិភាព ក្រោយប្រទេសថៃផ្ទុះជំងឺកូវីដ-១៩ ជាលើកទីពីរ

https://www.rfa.org/khmer/ ដោយ៖ អាស៊ីសេរី 2020-12-23

ពលករខ្មែរដែលធ្វើការងារដោយខុសច្បាប់នៅប្រទេសថៃ កំពុងព្រួយបារម្ភខ្លាចអាជ្ញាធរថៃចាប់ពួកគេដាក់គុក និងបញ្ជូនត្រឡប់ទៅកម្ពុជាវិញ ក្រោយប្រទេសថៃផ្ទុះជំងឺកូវីដ-១៩ ជាលើកទីពីរ។ នៅពេលនេះ មានពលករខ្លះបានផ្អាកធ្វើការជាបណ្ដោះអាសន្ន រួចលាក់ខ្លួនរកកន្លែងមានសុវត្ថិភាព និងខ្លះទៀតបន្តធ្វើការទាំងភិតភ័យ ដើម្បីរកប្រាក់ដោះស្រាយជីវភាពគ្រួសារ។ អ្នកធ្វើការងារពាក់ព័ន្ធនឹងសិទ្ធិពលករយល់ថា អំឡុងពេលនេះពលករគួរតែនៅមួយកន្លែងដើម្បីរក្សាសុវត្ថិភាពផ្ទាល់ខ្លួន។

ពលករមានស្រុកកំណើតនៅខេត្តបាត់ដំបង លោក ឆន សុខឿន ប្រាប់អាស៊ីសេរីនៅរសៀលថ្ងៃទី២៣ ធ្នូ ថា លោកនៅជាមួយប្រពន្ធ និងកូនគ្នា៥នាក់ កំពុងលាក់ខ្លួននៅក្នុងផ្ទះមួយកន្លែងនៅខេត្តសាមុតសាខន (Samut Sakhon) ដើម្បីគេចចេញពីអាជ្ញាធរថៃត្រួតពិនិត្យជំងឺកូវីដ-១៩។ ពលករសំណង់រូបនេះនិយាយថា នៅតំបន់ដែលលោកធ្វើការនោះមានពលករខ្មែរប្រមាណ១០០នាក់ ក៏រត់គេចរកកន្លែងមានសុវត្ថិភាពដែរ ដោយខ្លាចអាជ្ញាធរថៃចាប់ពួកគេដាក់គុក និងបញ្ជូនត្រឡប់ទៅកម្ពុជាវិញ អំឡុងពេលការត្រួតពិនិត្យជំងឺកូវីដ-១៩ ព្រោះពួកលោកធ្វើការងារដោយខុសច្បាប់៖ «សូម្បីតែទៅទិញម្ហូប ឬទៅផ្សារទៅអីទៅទីណាក៏អត់បានដែរ ព្រោះនៅកន្លែងហ្នឹងគឺគេបិទអត់ឱ្យចេញចូលទេ។ ដល់ពេលអីចឹងទៅហើយអាជ្ញាធរថៃចូលមកទៀតយើង មានការព្រួយបារម្ភខ្លាំងថាតើយើងអាចលាក់ខ្លួនបានប៉ុន្មានថ្ងៃបើតាមស្ដាប់ព័ត៌មានគេឱ្យលាក់ខ្លួន៣ថ្ងៃអីចឹង ថ្ងៃនេះគឺជាថ្ងៃទី១ អីចឹងយើងសង្ឃឹមថា រយៈពេល២ថ្ងៃទៅមុខទៀតយើងនឹងអាចគេចផុត»។ ដូចគ្នានេះដែរ ពលករធ្វើការសំណង់ទីក្រុងបាងកក លោក ណែត ស៊ីណា ថ្លែងថា ចាប់តាំងពីផ្ទុះជំងឺកូវីដចូលក្នុងសហគមន៍ជាលើកទីពីរក្នុងប្រទេសថៃមក លោកព្រួយបារម្ភអំពីសុវត្ថិភាពយ៉ាងខ្លាំង ហើយមិនហ៊ានចេញពីកន្លែងធ្វើការឡើយ។ ពលករវ័យ២៩ឆ្នាំរូបនេះប្រាប់ថា ប្រសិនបើអាជ្ញាធរថៃចាប់គាត់ដាក់គុក ឬបញ្ជូនត្រឡប់ទៅខ្មែរវិញ នោះប្រពន្ធនិងកូនរបស់លោកច្បាស់ជាជួបការលំបាកនិងគ្មានអង្កច្រកឆ្នាំងឡើយ ពីព្រោះពួកគេរស់ដោយសារប្រាក់ដែលលោកផ្ញើពីប្រទេសថៃទៅឱ្យចាយវាយ៖ «និយាយរួម បើមិនប៉ះខ្ញុំក៏ប៉ះបងប្អូនខ្មែរទាំងអស់ដែលខំចំណាកស្រុកមករកស៊ីស្រុកគេហ្នឹងវា មិនដូចក្ដីបំណង។ វាប៉ះគេចាប់ទៅក៏អត់ការងារធ្វើ ហើយបើទៅខ្មែររំពឹងអី បើខ្លះជំពាក់អង្គការជំពាក់អីវាច្រើនបែបច្រើនយ៉ាងណាស់និយាយរួមទៅ។ ខ្ញុំមានអីមានតែអាណិតប្រពន្ធអាណិតកូនហ្នឹងឯង បើគ្នាអត់ឃ្លាននៅផ្ទះចិញ្ចឹមកូនផង បើយើងទៀតដាច់បាយទាំងប្រពន្ធទាំងខ្ញុំទាំងអស់គ្នាហ្នឹង»។

ក្រុមពលករទាំងនេះអំពាវនាវដល់រដ្ឋាភិបាលខ្មែរឱ្យជួយអន្តរាគមន៍ទៅភាគីថៃសម្រួលឱ្យពួកគាត់ បានធ្វើការជាធម្មតាដោយពុំចាត់វិធានការផ្លូវច្បាប់អំឡុងពេលនេះ។ ក្តីបារម្ភ និងសំណើរបស់ពលករខ្មែរនេះ កើតមានក្រោយពីអាជ្ញាធរថៃបានដាក់ចេញវិធានការតឹងរ៉ឹង ក្រោយរកឃើញការផ្ទុះរាលដាលជំងឺកូវីដ-១៩ ជិត១ពាន់ករណីនៅក្នុងខេត្តសាមុតសាខន ដោយឆ្លងចេញពីពលករបរទេសដែលលូចឆ្លងដែនខុសច្បាប់ចូលមកប្រទេសថៃ។ បច្ចុប្បន្ន អាជ្ញាធរថៃបានហាមឃាត់មិនឱ្យរថយន្តដឹកពលករបរទេសចេញនិងចូលនៅខេត្តសាមុតសាខន និងនៅតំបន់ទីក្រុងបាងកកនោះឡើយ ដើម្បីទប់ស្កាត់កុំឱ្យមានការរាតត្បាតជំងឺកូវីដ-១៩។ ចំណែក នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូរចា (Prayut Chan-o-cha) បានព្រមានចាត់វិធានផ្លូវច្បាប់លើក្រុមមេខ្យល់ និងថៅកែជនជាតិថៃទាំងឡាយណាដែលលួចនាំ និងជួលពលករបរទេសធ្វើការងារដោយខុសច្បាប់ អំឡុងពេលនេះ។

អាស៊ីសេរី មិនអាចទាក់ទងមន្ត្រីស្ថានទូតខ្មែរប្រចាំទីក្រុងបាងកក ដើម្បីសុំអត្ថាធិប្បាយជុំវិញក្តីកង្វល់របស់ក្រុមពលករខ្មែនេះបានទេនៅថ្ងៃទី២៣ ធ្នូ។

ប៉ុន្តែក្រសួងការងារបានចេញលិខិតណែនាំដល់ ពលករត្រូវបន្តធ្វើការងារជាធម្មតា និងកុំប្ដូរកន្លែងស្នាក់នៅដែលខុសពីបម្រាមរបស់អាជ្ញាធរថៃ អំឡុងពេលមានការរាតត្បាតជំងឺកូវីដ-១៩ នេះ។ ក្រសួងបន្តថា ពលករត្រូវចូលរួមសហការតាមការណែនាំរបស់ក្រសួងសុខាភិបាលថៃឱ្យបានខ្ជាប់ខ្ជួន និងត្រូវលាងដៃជាមួយសាប៊ូ ឱ្យបានញឹកញាប់ និងត្រូវពាក់ម៉ាស់ជាប្រចាំ ហើយកុំចេញដើរទៅកន្លែងដែលមានមនុស្សច្រើន។ ក្រសួងលើកឡើងក្នុងលិខិតចុះថ្ងៃទី២១ធ្នូនោះទៀតថា ប្រសិនបើពលករមានបញ្ហាអ្វីអំឡុងពេលនេះ ត្រូវទាក់ទងទៅស្ថានទូតខ្មែរប្រចាំនៅទីក្រុងបាងកកជាបន្ទាន់ ដើម្បីជួយដល់ពួកគេបានទាន់ពេលវេលា។ ក្រសួងអះអាងថា ក្រសួងបានទាក់ទងទៅក្រសួងការងារថៃ ឱ្យអនុគ្រោះដល់ពលករខ្មែរបានស្នាក់នៅធ្វើការក្នុងប្រទេសថៃជាបណ្ដោះអាសន្នរួចហើយ។

ទោះជាយ៉ាងណា អ្នកបកប្រែ និងជាអ្នកជួយការពារសិទ្ធិឱ្យពលករខ្មែរនៅប្រទេសថៃ លោក ប្រាក់ ភត្រា ប្រាប់អាស៊ីសេរីថា អំឡុងពេលនេះ ពលករខ្មែរទាំងអ្នកធ្វើការស្របច្បាប់ និងមិនស្របច្បាប់ប្រឈមនឹងថៅកែថៃបញ្ឈប់ពីការងារ ដោយសារពួកគេព្រួយខ្លាចឆ្លងជំងឺកូវីដ-១៩ផង និងខ្លាចអាជ្ញាធរថៃចាត់វិធានការផ្លូវច្បាប់ដល់ពួកគេផង៖ «នេះជាបញ្ហាធំ ហើយអ្នកដែលអត់ឯកសារ អ្នកអត់ច្បាប់ហ្នឹង មានសិទ្ធិបាត់បង់ការងារមុនអ្នកដែលមានឯកសារ។ ខ្ញុំថានៅពេលនេះ ពលករគួរតែនៅឱ្យស្ងៀមសិន តាមដានសភាពការណ៍ ហើយកុំព្យាយាមចល័ត។ ព្រោះថា ពេលនេះមានបម្រាមចេញមកច្រើនណាស់ កាលពលករមានការភ្ញាក់ផ្អើល ឬថៅកែបញ្ឈប់អីហ្នឹង វាអាចធ្វើឱ្យពលករអត់មានកន្លែងស្នាក់នៅ អត់មានការងារធ្វើ ដែលធ្វើឱ្យគាត់ត្រូវចល័តទៅខេត្តផ្សេងទៀត អីចឹងធ្វើឱ្យគាត់ប្រឈមបាន»។

របាយការណ៍អង្គការសង់ត្រាល់ (Central) ឱ្យដឹងថា បច្ចុប្បន្នមានពលករខ្មែរធ្វើការងារស្របច្បាប់ និងមិនស្របច្បាប់ប្រមាណពី ១លាន៨សែន ទៅ ២លាននាក់ (២.០០០.០០០) ធ្វើការនៅប្រទេសថៃ៕

website_news/2020241210.txt · Last modified: 2020/12/25 11:47 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki