website_news:2020241212

មេដឹកនាំថៃ លោក ប្រាយុទ្ធ ព្រមានចាត់វិធានការលើបណ្ដាញឈ្មួញដែលនាំជនចំណាកស្រុកចូលប្រទេសខ្លួន ដោយគ្មានការអត់ឱន

http://nokorwatnews.com/ 23-12-2020

អន្តរជាតិ៖ ស្របពេលករណីឆ្លងកូវីដ-១៩ នៅក្នុងប្រទេសថៃ កំពុងតែកើនឡើង ជាពិសេសក្នុងចំណោមពលករចំណាកស្រុកខុសច្បាប់ មកពីប្រទេសមីយ៉ាន់ម៉ា បានធ្វើឲ្យនាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចន្ទអូចា នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ បានព្រមានចាត់វិធានការលើបណ្ដាញឈ្មួញដែលនាំជនចំណាកស្រុកចូលប្រទេសរបស់ខ្លួន ដោយគ្មានការអត់ឱនអ្វីឡើយ។ បើទោះបីជាពួកគេមានខ្នងជាមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលក៏ដោយ។ នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចន្ទអូចា ក្នុងសេចក្ដីថ្លែងការណ៍ពិសេស ទៅកាន់ប្រជាជនថៃ បានលើកឡើងពីបញ្ហាជាច្រើនជុំវិញកូវីដ-១៩ ដែលបានរាតត្បាតទាំងនៅក្នុងប្រទេសថៃ និងនៅទូទាំងពិភពលោក។ ចំណុចដែលប្រមុខរដ្ឋាភិបាលផ្តោតខ្លាំងជាងគេ គឺបញ្ហាចំណាកស្រុកខុសច្បាប់ ដែលបង្កឲ្យកូវីដ-១៩ បានរាតត្បាតយ៉ាងខ្លាំង នៅក្នុងប្រទេសថៃ ជាពិសេសខេត្តសាមុតសាខន។

បើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ បាននិយាយថា លោក ប្រាយុទ្ធ បានព្រមានថា នឹងដាក់ទោស ដោយគ្មានការអត់ឱនលើអ្នកនាំជនចំណាកស្រុកខុសច្បាប់ ចូលមកក្នុងប្រទេស។ ប្រមុខរដ្ឋាភិបាលថៃសង្កត់ធ្ងន់ថា៖« ពួកគេ នឹងត្រូវកាត់ទោសដោយគ្មានការលើកលែងអ្វីទាំងអស់ មិនថាពួកគេមានខ្សែជាមួយមន្ត្រីក្នុងជួររដ្ឋាភិបាលក៏ដោយ»។ ជាមួយគ្នានេះ លោកនាយករដ្ឋមន្រ្តីថៃ ដោយបន្ទោសទៀតថាករណីឆ្លងកើតឡើង ដោយសារតែជនចំណាកស្រុកខុសច្បាប់ ចូលមកថៃ។ ក្រៅពីនេះ លោក ប្រាយុទ្ធ បានប្រកាសថា ថៃនឹងប្រុងប្រយ័ត្នជាងមុន ចំពោះអ្នកដែលបានចូលមកក្នុងប្រទេសថៃទាំងអស់ ដោយសារពេលនេះ កូវីដ-១៩ កំពុងតែរាតត្បាតខ្លាំង នៅក្នុងប្រទេសផ្សេង និងពិភពលោក។ សម្រាប់លោក ប្រាយុទ្ធ ប្រសិនបើមិនប្រយ័ត្នទេ វាអាចបង្កឲ្យប្រព័ន្ធសុខាភិបាលថៃ រងគ្រោះកាន់តែខ្លាំង ចំណែកសេដ្ឋកិច្ច អាចនឹងជួបផលវិបាកជាច្រើនទៀត។

សូមជម្រាបថា លោកនាយករដ្ឋមន្ត្រីថៃ ប្រសិនគ្មានការប្រែប្រួលទេ នឹងត្រូវប្រជុំជាមួយ មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍កូវីដ-១៩ ថៃ(CCSA) ជុំវិញស្ថានការណ៍កូវីដ-១៩ នៅក្នុងប្រទេសបន្ថែមទៀត ដើម្បីដាក់ចេញវិធានការបន្ថែម ក៏ដូចជាចំណាត់ការមួយចំនួន ទាក់ទិននឹងការអបអរឆ្នាំថ្មី នាពេលខាងមុខ។ ជាក់ស្តែងនៅថ្ងៃទី២២ ខែធ្នូ គណៈរដ្ឋមន្ត្រីថៃ បានអនុម័ត លើសេចក្តីព្រាងធ្វើវិសោធនកម្មលើច្បាប់ ស្តីពីជំងឺឆ្លងផងដែរ។ វិសោធនកម្មច្បាប់នេះ មានចំណុចមួយចំនួន បានផ្តល់អំណាចដល់អាជ្ញាធរក្នុងការដាក់ទណ្ឌកម្ម និងពិន័យលើជនទាំងឡាយណា ដែលចម្លងវីរុសទៅអ្នកដទៃក៏ដូចជា អ្នកដែលចេញរោគសញ្ញា មិនទៅជួបគ្រូពេទ្យជាដើម។ សេចក្តីព្រាងនេះ ត្រូវដាក់ទៅសភាឲ្យអនុម័តបន្ថែមទៀត។

គួរបញ្ជាក់ថា រដ្ឋាភិបាលថៃ នៅថ្ងៃទី២២ ខែធ្នូ បានរកឃើញថា មានករណីឆ្លងថ្មីចំនួន ៤២៧ករណី ដែលភាគច្រើន គឺជាកម្មករចំណាកស្រុកមកពីមីយ៉ាន់ម៉ា។ ករណីឆ្លងសរុបរបស់ថៃ បានកើនដល់ ៥៧១៦ករណី និងអ្នកស្លាប់មានចំនួន ៦០នាក់។ ចំណែកអ្នកជាសះស្បើយមានចំនួន៤០៧៨នាក់៕ ដោយ៖ស តារា

website_news/2020241212.txt · Last modified: 2020/12/25 11:52 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki